គ្នា​យើង​ដែល​ចូលចិត្ត​ញ៉ាំ​សាច់​ច្រើន​ហួស​កម្រិត (សាច់ក្រហម) មាន​សាច់​ជ្រូក គោ ក្របី ចៀម ពិសេស​សាច់​កំប៉ុង សាច់​អាំង ឬ​បំពង ទៅថ្ងៃមុខអាច​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ។ សាច់ក្រហម ជាអាហារ​បណ្ដាលឲ្យ​យើង​ទល់លាមក យូរៗ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីកពោះវៀន។ ទី១ សាច់ក្រហម មាន​ផ្ទុក​ជាតិ​កាកសរសៃ​តិច ទី២ វាមាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​រាងកាយ​ត្រូវការ​រយៈពេល​យូរ ដើម្បី​រំលាយ និង​ទី៣ វាបន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិ​កាកសរសៃ​ប្រចាំ​ថ្ងៃ នៅពេល​យើង​ញ៉ាំ​សាច់ក្រហម​ច្រើន។

បើ​តាម​ការ​បកស្រាយ​នៅ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ក្រៅ​ពី​ការ​បរិភោគ​សាច់​ច្រើន នៅ​មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​ជំរុញ​មាន​ជំងឺ​មហារីក​ពោះវៀន​ធំ ក្នុង​នោះ​រួម​មាន កត្តា​អាយុ (លើស​ពី​៥០ឆ្នាំ) ការ​ផឹកស្រា ជក់បារី និង​ការ​ប្រែប្រួល​ហ្សែន។ ជំងឺ​នេះ​បើ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន នោះ​គឺ​អាច​ចម្លង​ទៅ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយ ក្លាយ​ជា​ជំងឺ​តំណពូជ។

ចំពោះ​រោគ​សញ្ញា​សំខាន់ៗ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ មាន​ដូចជា​ បន្ទោបង់​លាមក​មិនទៀងទាត់ ទល់​លាមក​ញឹក​ញាប់ ទល់​លាមក​រយៈពេល​​យូរ ធ្លាក់​ឈាម​ពេល​បន្ទោបង់​លាមក ឈឺពោះ​ ឬ​ស្រក​គីឡូ​​ខុស​ប្រក្រតី។ ចំណែក​កត្តា​មួយ​ចំនួន​អាច​ឲ្យ​​យើង​សង្ស័យ​ថា​​អ្នក​ជំងឺ​មហារីក​ពោះវៀន​ដែល​បណ្តាល​មក​ពី​កត្តា​ប្រែប្រួល​ហ្សែន​នោះ​រួម​មាន៖

– អ្នក​ជំងឺ​មាន​បងប្អូន ឬ​ឪពុកម្តាយ​បង្កើត​មាន​មហារីក​ពោះវៀន​ធំ (យ៉ាងតិច២នាក់)
– អ្នក​ជំងឺ​មាន​អាយុ​តិច​ជាង ៦០ឆ្នាំ
– ការ​ឆ្លុះ​ពោះវៀន​ឃើញ​ថា​អ្នក​ជំងឺ​មាន​ចំនួន​ដុំសាច់(ប៉ូលីព) ច្រើនជាង ១០០ ក្នុង​ពេល​ឆ្លុះ​ពោះវៀន។

វិធី​តែ​មួយ​គត់​ដែល​អាច​ឲ្យ​យើង​រក​ឃើញ​ជំងឺ​មហារីក​ពោះវៀន​ធំ​នៅ​ដំណាក់​កាល​ដំបូង និង​បង្ការ​ជំងឺ​នេះ​បាន គឺការ​ឆ្លុះ​ពោះវៀន ហើយ​ក្រុម​គ្រួសារ​របស់​អ្នក​ជំងឺ​ទាំងអស់ តម្រូវ​ឲ្យ​ឆ្លុះ​ពោះវៀន ១-២ឆ្នាំ/ម្តង នៅ​ពេល​ពួកគេ​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]