មាន៨ចំណុចនេះ ធានាថាជីវិតអ្នកនឹងវេទនា ងើប​មុខ​មិន​​រួច

//s5.kh1.co/cd/cd8e43328e8e9912fead1b680e3efc4fbd93c080.jpeg
សង្គម

 ១០-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

មានមនុស្សជាច្រើនដែលចង់ដឹងចង់ឮ ពីរបៀបដែលធ្វើឲ្យជីវិតកាន់តែវិជ្ជមាន។ តែមានបុគ្គលខ្លះមានចម្ងល់ពីជីវិតខ្លួនឯងយ៉ាងខ្លាំង ថាហេតុអ្វីបានជាពុំមានភាពរស់រវើកដូចគេ? បែបនេះ គួររៀនកត់សម្គាល់ដែរ ព្រោះថាចំណុចខ្លះដែលគេកំពុងមានប្រហែលធ្វើឲ្យជីវិតកាន់តែវេទនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើមាន៨ចំណុចនេះ ធានាថាជីវិតអ្នកនឹងវេទនា ងើបមុខមិនរួច៖

១. គិតថាជីវិតកើតមកដើម្បីតែសប្បាយ៖

សុខ និងទុក្ខតែងដើរទន្ទឹមគ្នា។ មានលំបាកខ្លះ ស្រណុកខ្លះ វាជារឿងធម្មតាទម្រាំជីវិតរីកចំរើន វាត្រូវការពេលវេលា និងការតស៊ូមិនតិចទេ។ ប៉ុន្តែបើអ្នកមិនមានការប្រឹងប្រែងបន្ត ហើយមានផ្នត់គំនិតថា ជាតិនេះ ត្រូវកើតមកដើម្បីតែសប្បាយ ហើយមិនមានការតាំងចិត្តឲ្យមុតមាំ អ្នកនឹងពុំមានភាពរីកចម្រើនឡើយ។

២. រស់ដើម្បីតែយកចិត្តគេ៖

ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកប្រចាំថ្ងៃ វាជារឿងដែលគេចមិនរួចឡើយ។ ហើយការយកចិត្តគេខ្លះវាក៏មិនជាបញ្ហាដែរ។ តែបើតាំងពីព្រឹកដល់ល្ងាច អ្នកត្រូវផ្ទៀងត្រចៀកចាំស្តាប់គេគ្រប់រឿង ហើយព្យាយាមរកវិធីយកចិត្តគេ នោះជីវិតអ្នកនឹងជួបតែភាពស្មុគស្មាញ ព្រោះពេលគេសើចអ្នកក៏សើច ឃើញគេម៉ួម៉ៅ អ្នកក៏ធ្វើតាម ពោលគឺមិនមានភាពជាខ្លួនឯង។

៣. គ្មានភាពអត់ធ្មត់៖

បញ្ហាធំ ឬតូចសុទ្ធតែត្រូវការការអត់ធ្មត់ដើម្បីដោះស្រាយ ជាជាងច្រលោត​ ឆេវឆាវ ព្រោះមិនបានធ្វើឲ្យស្ថានភាពប្រសើរឡើងឡើយ។ តែបើអ្នកមិនចេះទប់អារម្មណ៍ ហើយចេះតែរាលដាលផ្តេសផ្តាស អ្នកនឹងគ្មានតម្លៃសម្រាប់ខ្លួនឯង និងនៅក្នុងកែវភ្នែកអ្នកណាទាំងអស់។

៤. ពូកែច្រណែន៖

មនុស្សប្រភេទនេះ ឃើញអ្នកណាល្អជាងខ្លួនមិនបាន។ ពេលគេប្រឹងប្រែង មិនសរសើរ តែពេលគេទទួលបានផល ក៏ចោទគេថាមានបានដោយសារមានអ្នកនៅពីក្រោយ។ បើមិនប្តូរអត្តចរិតនេះចេញទេ មិនយូរមិនឆាប់ មិត្តភាពផ្អែមល្ហែមបែបណាក៏បាត់បង់ដែរ។

៥. ពូកែណាស់ខាងដោះសារ៖

មនុស្សបែបនេះ ដោះសារមិនរើសមុខ បញ្ហារបស់ខ្លួនឯងតែដោះសារទម្លាក់ឲ្យគេគ្រប់គ្នាបាន​ ដោយមិនញញើត។ ពិចារណាឡើងវិញ បើចង់រស់ដោយក្តីសុខ។ ចំណងគ្រប់យ៉ាងដែលកើតមាន គឺផ្តើមពីឬសគល់នៃបញ្ហាតូច​ ឬធំ។ បើដឹងខ្លួនថាខុ​សហើយ​ ចេះទទួលស្គាល់ការពិត ហើយរៀនកែតម្រូវ។

៦. គិតតែរឿងឥតប្រយោជន៍៖

មនុស្សប្រភេទនេះ អាចចំណាយពេលគិតរឿងអត់ប្រយោជន៍បានច្រើនម៉ោង តែមិនព្រមយកពេលទៅគិតលើការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្ពង់ខ្ពស់។ ខ្លួននៅក្មេង មានពេលវេលាតែបែរជាគិតតែរឿងល្បែង ស្រា និងអបាយមុខ សេពគប់មនុស្សមិនល្អ មិនគិតរកស៊ី បើបែបនេះ រាល់ខែរាប់ឆ្នាំ ជីវិតនឹងគ្មានថ្ងៃស្រស់ថ្លាដូចគេ។

៧. រស់មួយថ្ងៃដើម្បីតែមួយថ្ងៃ៖

មនុស្សជុំវិញគេបារម្ភខ្លាចថ្ងៃស្អែកមិនមានចំណូលជួយគ្រួសារ។ ខណៈមនុស្សប្រភេទនេះវិញ មិនខ្វល់អ្វីទាំងអស់ ព្រោះរស់មួយថ្ងៃសម្រាប់មួយថ្ងៃ។ គ្មានការពិចារណាវែងឆ្ងាយ ហើយគិតអីបែបស្រួលៗ ងាយៗ ដោយមិនមានការលះបង់អីសោះ។

៨. ដេកចាំសំណាង៖

មនុស្សដេកចាំសំណាង មាននិស្ស័យច្រើនស្ពឹកស្រពន់ គ្មានការព្យាយាម។ គេច្រើនដេកចាំជំនួយ ហើយយកលេសថាទន្ទឹងរង់ចាំឳកាស​ ជាជាងងើបឈរឡើងដោយខ្លួនឯង។ យ៉ាងណា ព្រេងសំណាងប្រហែលជាមានពិត តែសំណាងមានជាពិសេសសម្រាប់មនុស្សដែលមានការប្រឹងប្រែងប៉ុណ្ណោះ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T