ចំណុចមួយចំនួន អ្នកចូលចិត្តទៅ​Gym គួរដឹង ការពារខ្លួនកុំឱ្យទៅជាឈឺមិនដឹងរឿង!

//s5.kh1.co/cf/cf2705d77329d639a9f7499ca320fec303e10e70.jpg
នារី

 ០៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តាម​​ការ​ស្ទង់​មតិ​ពី​អ្នក​​ទៅហាត់​ប្រាណ​​នៅកន្លែង​ហាត់​ប្រាណ​(Gym)ប្រមាណ​១​ពាន់​នាក់ នៅ​សហរដ្ឋអាមេ៉រិក​បាន​ឱ្យ​ដឹង​ថា ៦០​ភាគរយ​​​នៃ​អ្នក​ទាំងនោះ​ ពុំ​បាន​​អនុវត្ត​បទដ្ឋានអនាម័យ​​​​​ត្រឹម​ត្រូវ​នោះ​ទេ ពេល​ចូល​ហាត់​ប្រាណ។ ដូច​នេះ​ បញ្ហា​មួយ​ចំនួន​បាន​បង្ក​ឲ្យ​អ្នកទាំងនោះ​ឈឺ​​ដោយ​សារ​បាក់​តេរី វីរុស​​នៅ​ទី​កន្លែង​ហាត់ប្រាណ។ ដើម្បី​បង្ការ​​បញ្ហា​​​ទាំង​នោះ​ និង​ដើម្បី​​កុំ​ឱ្យ​បារម្ភ​ពេល​ទៅ​ហាត់​ប្រាណ​ និងជា​​​​ប្រយោជន៍​សុខភាព​នោះ លោក​វេជ្ជបណ្ឌិត Nirav Patel នាយក​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ នៃ​សាកលវិទ្យាល័យ​ New Orleans សហរដ្ឋអាមេ៉រិក​បាន​​ណែ​នាំ​​គន្លឹះ​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ការពារ​ខ្លួន​ពី​​បាក់តេរី​

បាក់​តេរី​មួយ​ចំនួន​ដែល​អាច​​មាន​នៅ​ទី​​​កន្លែង​ហាត់​ប្រាណ គឺ​ពពួក​ Staphylococcus បង្ក​ឱ្យ​កើត​មាន​​បញ្ហា​​លើ​ស្បែក​។ ដើម្បី​ការពារ​ខ្លួន​ យើង​គួរ​គប្បី​​​បិទ​​​បង់​ លើ​​​កន្លែង​របួស​ឱ្យ​បាន​ជិត​ (បើ​​ករណី​មាន​ របួស​ ឬ​ដំបៅ) ព្យាយាម​​កុំ​យក​ដៃ​ប៉ះ​មុខ​មាត់ ក្រោយ​ពេល​ប្រើ​សម្ភារៈ​នៅ​កន្លែងហាត់​ប្រាណរួច​ និង​ត្រូវ​ធ្វើ​អនាម័យ​ដោយ​ងូត​ទឹក​សម្អាត​ខ្លួន​នឹង​សាប៊ូ​​​ជា​និច្ច​ក្រោយ​​ពេល​ហាត់ប្រាណ។

២. ការពារ​ខ្លួន​ពី​​ពពួក​មេរោគ​ផ្សិត​

ទី​តាំង​កន្លែង​​ហាត់ប្រាណ​ខ្លះ​ស្ថិត​​ក្នុង​បិរស្ថាន​បិទ​ជិត ពុំ​មាន​ខ្យល់ និង​ពន្លឺ​ចូល​គ្រប់​គ្រាន់ ជា​ហេតុ​​នាំ​ឱ្យ​​ឱកាស​កើត​មាន​មេរោគ​ផ្សិត​ កើត​ពី​ទីកន្លែង​ហាត់​ប្រាណ​នោះ​។ យើង​គួរ​គប្បី​ បោក​សំលៀក​បំពាក់​ភ្លាម​ៗ​ ក្រោយ​ពេល​ហាត់ប្រាណ​រួច និង​លាង​សម្អាត​ដៃ​នឹង​សាប៊ូ មុននឹង​ក្រោយ​​ពេល​ហាត់ប្រាណ​ ដើម្បី​​បង្ការ​ហានិភ័យ​ពី​​ពពួក​មេរោគ​ទាំង​នោះ ហើយ​គប្បី​ពាក់​ស្បែក​ជើង​ពេល​ហាត់ប្រាណ​ ចៀស​វាង​ការ​​ដើរ​ជើង​ទទេរ ប៉ះ​ផ្ទាល់​នឹង​ទី​កន្លែង​ហាត់​ប្រាណ​។

៣. ប្រើ​ប្រាស់​របស់​​ផ្ទាល់​ខ្លួន​ពេលទៅ​កន្លែង​ហាត់ប្រាណ

ជា​គន្លឹះ​ចុង​ក្រោយ​ លោក Nirav Patel បាន​ណែ​នាំ​ថា ការ​ប្រើ​​សម្ភារៈ​ផ្ទាល់​ខ្លួន(​បើ​អាច) ដូច​ជា​កម្រាល​សម្រាប់​ហាត់​​​យ៉ូហ្កា (Yoga) កន្សែង​ផ្ទាល់​ខ្លួន ជា​ជម្រើស​ល្អ​បំផុតនៅ​កន្លែង​ហាត់​ប្រាណ ព្រោះ​ថា​របស់​របរ​មួយ​ចំនួន​​ដែល​ប្រើ​រួម​គ្នា​ច្រើន អាច​បង្ក​ហានិភ័យ​មេរោគ​ច្រើន​ជាង របស់​​ផ្ទាល់​ខ្លួន។ ជាមួយ​នឹង​ការ​ធ្វើ​អនាម័យ លាង​សម្អាត​ខ្លួន ដៃ​ជើង នឹង​សាប៊ូ​​ក្រោយ​ពេល​ហាត់ ហានិភ័យ​នៃ​​ការ​ឈឺ​ដោយ​សារ​មេរោគ​​ដែល​មាន​ប្រភព​នៅ​ទី​កន្លែង​ហាត់​ប្រាណ ពុំ​អាច​​យាយី​លើ​ខ្លួន​អ្នក​បាន​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T