ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែងតែ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​ថវិកា​ត្រូវ​ចំណាយ​ពេល​សម្រាល និង​ការ​ទិញ​សម្ភារៈ​កូន ព្រោះ​ខ្លាច​មិន​គ្រប់ ឬ​ដំណើរការ​សម្រាល​មាន​ភាព​រអាក់រអួល។ ដូចនេះ​ហើយ​យើង​ច្រើនតែ​លួច​សួរ​ពី​អ្នក​មាន​បទពិសោធន៍​ថា គួរ​មាន​ប្រាក់​ប៉ុន្មាន​ទើប​គ្រប់​ក្នុង​ពេល​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យ និង​ទុក​ទប់ទល់​ពេល​សម្រាល​មាតុភាព។ ដើម្បី​ដឹង​ពី​​ទំហំ​​នៃ​​ការ​​ចំណាយ Hello គ្រូពេទ្យ បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​ដែល​បាន​ត្រៀម​ថវិកា​​គ្រប់គ្រាន់​ទៅ​តាម​ជីវភាព សម្ភារៈ​ចាំបាច់ រឿង​សំខាន់​អំឡុង​ពេល​សម្រាល និង​តម្រូវ​ការ​បន្ទាន់​ពេល​សម្រាលកូន។

១- ជម្រើស​សម្រាល

សម្រាប់​ម៉ាក់​ៗ លីន ដាណេ វិញ​បាន​លើក​ឡើង​ថា គ្រាន់តែ​ដឹង​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម អ្នកនាង​គិត​ដល់​មធ្យោបាយ​សម្រាល​បាត់​ទៅ​ហើយ ព្រោះ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ និង​គ្មាន​កម្លាំង​គ្រប់គ្រាន់ បើ​សម្រាល​តាម​ធម្មជាតិ។ ដូចនេះ​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​វិធី​ល្អ​មានតែ​វះកាត់ ប៉ុន្តែ​ការ​ចំណាយ​លើ​ការ​វះកាត់​ពិតជា​ថ្លៃ​ជាង​សម្រាល​ធម្មជាតិ។ បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មាន​ក្នុង​ក្រុមហ៊ុន​ឯកជន​បាន​លើក​ឧទាហរណ៍​ថា បើ​សម្រាល​ធម្មជាតិ​នៅ​មន្ទីរ​សម្ភព​ផ្សេង​ៗ ៤០០-៦០០ បន្ទប់​ល្មម ហើយ​បើ​វះ​តម្លៃ​អាច​គុណ​នឹង ២។ ក្រៅ​ពី​នោះ ការ​សម្រាល​ទាំង​ធម្មជាតិ និង​វះកាត់ អាច​មាន​ករណី​គ្រោះថ្នាក់​ណា​មួយ​ជាយថាហេតុ ដូចនេះ​ហើយ​ការ​ត្រៀម​សម្រាល​កូន​នីមួយ​ៗ​មិន​គួរ​ក្រោម ២ ពាន់​ដុល្លារ​ឡើយ តែ​បើ​សម្រាលនៅ​មន្ទីរពេទ្យ​រដ្ឋ​អាច​ចំណាយ​តិច​ជាង​នេះ។

២- ត្រៀម​ក្រោយ​សម្រាល

មាន​ម៉ាក់​ៗ​ជាច្រើន​តែងតែ​ត្រៀម​លុយកាក់​សម្រាប់​តែ​ពេល​សម្រាល តែ​ក្រោយ​សម្រាល​បែរជា​ពិបាក​។ ក្នុង​នោះ​ម៉ាក់​ៗ​ឈ្មោះ នី នេត្រា បាន​ចែករំលែក​ផល​វិបាក​កាលពី​ខ្លួន​សម្រាល​កូន​រួច ​ពិបាកព្រោះ​ត្រូវការ​ចំណាយ​ច្រើន។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ បន្ត​ទៀត​ថា​ សម្រាប់​អ្នក​ធ្វើការ​ប្រាក់ខែ​នៅតែ​មាន ចំណែក​អ្នក​រកស៊ី​វិញ ពេល​សម្រាល​ពិតជា​ជួប​បញ្ហា​ធំ​មិន​ខាន ណា​មួយ​បាត់​ចំណូល ហើយ​ទាមទារ​ចំណាយ​ច្រើន​ទាំង​លើ​កូន និង​ខ្លួនឯង។ នេះ​មិន​រាប់​ទាំង​សម្ភារៈ​ដែល​ទិញ​មុនមិន​ច្រើន​ឡើយ ព្រោះ​កូន​ឆាប់​ធំ មួយ​ខែ​មិន​ទាន់​សម្លៀកបំពាក់​ត្រូវ​ទិញ​ថ្មី​ ហើយចំណីចំណុក​ក៏​ត្រូវ​ជា​របស់​ល្អ ដើម្បី​បំប៉ន​សុខភាព​ឲ្យ​សម្បូរ​ទឹកដោះ​ឲ្យ​កូន​បៅ ព្រម​ទាំង​បំប៉ន​ឲ្យ​ខ្លួនឯង​មាន​កម្លាំង​កំហែង​ឡើង​វិញ។ ម៉ាក់​ៗ​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា ពេល​មាន​កូន​ចំណាយ​ថ្លៃ​សម្រាល​មិន​សូវ​ជាច្រើន​ដូច​អស់​ថ្លៃ​ញ៉ាំ និងរបស់របរ​ប្រើប្រចាំថ្ងៃ​។

៣- ត្រៀម​សម្រាប់​រឿង​មិន​គួរ​កើត

អ្នកនាង កែន ណារី បាន​រៀបរាប់​បទពិសោធន៍​ខ្លួន​ថា ពេល​សម្រាល​នរណា​ក៏​ប្រាថ្នា​សុខសប្បាយ​ទាំង​ម៉ាក់ និង​កូន​ដែរ ប៉ុន្តែ​រឿង​ហេតុ​យើង​មើល​មិន​ឃើញ​ឡើយ ដូច​អ្នក​ខ្លះ​ត្រូវ​សម្រាល​តាម​ធម្មជាតិ តែ​មិន​អាច​ទៅ​រួច​ក៏​ជ្រើសរើស​វះកាត់​វិញ ហើយ​ខ្លះ​ទៀត​មាន​គម្រោង​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ តែ​មាន​រឿង​ហេតុ​ជាច្រើន​ធ្វើឲ្យ​គ្មាន​ទឹកដោះ​បំបៅ​កូន ដូចនេះ​មានតែ​ជម្រើស​ទឹកដោះគោ។ ស្ត្រី​មេផ្ទះ​រូប​នេះ​ថា គ្រាន់តែ​ទឹកដោះគោ កំប៉ុង និង​ទឹក​សម្រាប់​ឆុង មួយ​ខែ​ៗ​ចំណាយ​រាប់​រយ​ដុល្លារ។ បន្ថែម​ពី​នេះ​នៅ​មាន​បញ្ហា​ឈឺថ្កាត់​របស់​កូន ឬ​យើង​ដោយ​មិន​បាន​ដឹង​មុន ដូចនេះ​ការ​ចំណាយ​ពិតជា​ត្រូវការ​ច្រើន។

តាម​ការ​រៀបរាប់​របស់​ម៉ាក់​ៗ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​ពេល​សម្រាល​ពិតជា​មិន​នឹក​ស្មាន​ដល់ ដូចនេះ​គួរតែ​ត្រៀម​កាន់តែ​ច្រើន​កាន់តែ​ល្អ។ មួយ​វិញ​ទៀត​មិន​ត្រូវ​ទិញ​របស់របរ​ថ្លៃ​ៗ​ពេក និង​មិន​សូវ​ជា​មាន​ប្រយោជន៍​សម្រាប់​កូន និង​យើង​ឡើយ យក​ល្អ​​ទិញ​សម្លៀកបំពាក់​ស្រោមដៃ​ជើង មួក សាប៊ូ ម្សៅ និង​របស់​ចាំបាច់​មួយ​ចំនួនបាន​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]