អាសូរ! មាន់ជល់ និងឆ្កែជាច្រើនក្បាលឆេះខ្លោចដូចខ្ទឹមពេលដឹកចេញពីបាងកក

//s5.kh1.co/66/66ae8f4884542c7514cd47f81b65e2320b4de1cd.jpg
សង្គម

 ០៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសថៃ៖ តាមការរាយការណ៍របស់ប៉ូលីស មានសត្វប្រហែលពាក់កណ្តាលក្នុងចំណោមសត្វចំនួន ១០០ ក្បាលដែលក្នុងនោះរួមមានទាំងឆ្កែ និងមាន់ជល់បានឆេះងាប់បន្ទាប់ពីឡានដឹកទំនិញមួយគ្រឿង បានកំពុងតែដឹកជញ្ជូនសត្វទាំងនោះទៅឲ្យអតិថិជនរបស់ខ្លួនកាត់តាមមហាវិថី MITRAPAP ក៏ស្រាប់តែមានភ្លើងឆាបឆេះឡើងនៅចំណុចស្រុក Non Sung ភាគឥសាន្តនៃខេត្ត នគររាជសីមា ប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍ ​ទី៤ ខែ​មករា ​ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសដែលប្រចាំការនៅស្រុក Non Sung​ បានបន្ថែមទៀតថា ក្រុមអ្នកពន្លត់អគ្គីភ័យដែលមកពីក្រុង Don Wai និងអ្នកស្ម័គ្រចិត្តនៃអង្គភាពជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់ចំណុចកើតហេតុខាងលើក្បែរផ្លូវប្រសព្វមួយនៅក្រុង Don Wai បន្ទាប់ពីទទួលបានដំណឹងអំពីឧប្បត្តិហេតុនេះដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ៨:៣០ យប់។

រថយន្តដឹកទំនិញខាងលើត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈ មកដល់កន្លែងកើតហេតុ។ ក្រុមអ្នកពន្លត់អគ្គិភ័យបានបាញ់ទឹកទៅលើរថយន្តដែលកំពុងឆេះ ហើយអាចពន្លត់ភ្លើងបានទាំងស្រុងក្នុងរយៈពេល ៣០ នាទី។

លោក Passakorn Thuanchanad អាយុ ២៦ ឆ្នាំជាម្ចាស់ និងជាអ្នកបើកឡានដឹកទំនិញបាននិយាយថា គាត់កំពុងដឹកសត្វប្រមាណ ១០០ ក្បាលដែលរួមមានទាំងសត្វឆ្កែ និងប្រភេទមាន់ជល់ពីបាងកកទៅអោយអតិថិជននៅភាគឥសាន្តដែលបានកម្មង់ទិញតាមអ៊ីនធឺណេត។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលសត្វឆ្កែយ៉ាងច្រើនត្រូវបានគេបញ្ជូនមកតាមឡានដឹកទំនិញនេះនៅឡើយទេ។

ដោយគ្រាន់តែដឹងថាខណៈពេលទៅជិតដល់ផ្លូវបំបែកគាត់បានឈប់យានយន្តនៅលើដងផ្លូវបន្ទាប់ពីគាត់បានធំក្លិនឈ្ងៀមឆេះរបស់អ្វីម្យ៉ាង ហើយក៏ទៅមើលខាងក្រោយរថយន្តក៏ឃើញថាកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ គាត់អាចជួយសង្គ្រោះជីវិតសត្វទាំងនោះបានប្រហែលជាពាក់កណ្ដាលតែប៉ុណ្ណោះ។

លោកបានប៉ាន់ស្មានការខូចខាតប្រហែល ១០ ម៉ឺនបាត​​ ដោយសារតម្លៃរបស់មាន់ជល់មានចាប់ពី ១០០០ ទៅ ២០០០០ បាតក្នុងមួយក្បាល។ គាត់ជឿជាក់ថាភ្លើងដែលបានឆាបឆេះនោះ បានបង្កឡើងពីកង្ហារដែលបំពាក់ភ្ជាប់នឹងប្រព័ន្ធភ្លើងរបស់ឡានដឹកទំនិញនេះតែម្ដង។

ទោះជាបែបណាក្ដី ប៉ូលីសកំពុងស៊ើបអង្កេតដើម្បីរកមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ៕

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T