ដំរីនៅថៃរងទុក្ខយ៉ាងធ្ងន់ធ្ងរ ដោយសារបម្រើវិស័យទេស​ចរណ៍

//s5.kh1.co/80/809a2bdf49c25b812552264778adc71a2b6037fe.jpg
យល់ដឹង

 ០៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សត្វដំរីនៅប្រទេសថៃជាច្រើនត្រូវបានគេបំបែកចេញពីមេរបស់ពួកវាតាំងពីនៅវ័យក្មេង​ មិនតែប៉ុណ្ណោះត្រូវបានគេវាយដោយទំពក់ដែក និងពេលខ្លះទៀតត្រូវបានគេបង្អត់ចំណីទៀតផង។ បន្ថែមពីនេះ ពួកវាត្រូវបានគេលក់ទៅអោយតំបន់បម្រើសេវាកម្មទេសចរណ៍​ និងថែមទាំងបានផ្សព្វផ្សាយថា​ តំបន់ទេសចរណ៍នោះជាជម្រកដែលមានសុវត្ថិភាពចំពោះពួកវា ដែលអាចគេចផុតពីទង្វើដ៏ឃោរឃៅរបស់អ្នកដើរព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពរហ័សរហួន និងលំនឹងនៃជើងក្រោយទាំងពីរបានធ្វើឲ្យកូនដំរីញីមួយក្បាលមានអាយុទើបតែ ២ ឆ្នាំ អាចប្រើប្រមោយរបស់វាកាន់បាល់ ហើយបោះឡើងចុះមួយជុំ ដែលនេះជាការសម្ដែងមួយក្នុងចំណោមការសម្ដែងជាច្រើនទៀតដែលវាកំពុងរៀន។

រស់នៅក្នុងតំបន់Ban Ta Klang ដែលជាភូមិបណ្តុះបណ្តាលប្រពៃណីមួយនៅភាគខាងកើតនៃប្រទេសថៃ សត្វដំរីតូចៗទាំងនោះបានរងទុក្ខបុកម្នេញយ៉ាងខ្លាំង ក្នុងការសម្ដែងដើម្បីទាក់ទាញភ្ញៀវទេសចររាប់សិបលាននាក់ដែលមកលេងប្រទេសថៃជារៀងរាល់ឆ្នាំ។

ភ្ញៀវទេសចរភាគច្រើនមកទីនេះដើម្បីចង់ស្រង់យកព័ត៌មាន និងផ្ដិតយករូបភាពនៃការសម្ដែងការលេងកីឡា ការរាំ និងការគូរគំនូររបស់សត្វដែលតំណាងឲ្យជាតិថៃទៅផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមនានា។

អ្នកភូមិនៅ Ban Ta Klang ដែលបានធ្វើការជាមួយសត្វធំៗ អស់ជាច្រើនជំនាន់មកហើយនោះ បានរៀបរាប់ថាការផ្សាំងដំរីឲ្យសំដែងមិនមែនជាទង្វើហួសហេតុនោះទេ តែវាមានភាពចាំបាច់សម្រាប់ហេតុផលសុវត្ថិភាពតែប៉ុណ្ណោះ។ លោក Charin បានរៀបរាប់បណ្តើរ និងបានអង្អែលក្បាលដំរីរបស់គាត់ឈ្មោះ Ploy បណ្ដើរដោយក្ដីស្រឡាញ់ និងនិយាយពីវាថា៖ «យើងមិនចិញ្ចឹមពួកវាដើម្បីធ្វើបាបពួកវាទេ ។ ប្រសិនបើពួកវាមិនរឹងចចេស យើងមិនធ្វើអ្វីដល់ពួកវាទេ។ សម្រាប់អាជីពដែលបានបន្តពីឪពុក និងជីតារបស់គាត់មួយនេះ លោក Charin អាចរកប្រាក់ចំណូលបានប្រហែល ៣៥០ ដុល្លារក្នុងមួយខែ។

ប៉ុន្តែយ៉ាងណា អ្នកតស៊ូមតិផ្នែកសុខុមាលភាពសត្វបានអះអាងថា បច្ចេកទេសនេះ វាហាក់ដូចជាមានភាពព្រៃផ្សៃខ្លាំងណាស់ ដែលកូនដំរីត្រូវបានបំបែកចេញពីការមើលថែរបស់មេវាតាំងពីអាយុពីរឆ្នាំ។

សត្វដំរីត្រូវបានគេបញ្ឈប់ពីឧស្សាហកម្មដឹកឈើប្រហែល៣០ឆ្នាំហើយ ដោយទុកឱ្យហ្មរបស់ពួកវាគ្មានការងារធ្វើ។ ដូច្នេះម្ចាស់របស់ពួកវា បានងាកទៅរកឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើន ហើយក៏ជាវិស័យរីកដុះដាលនៃឧទ្យានកម្សាន្តផ្តល់ជូននូវការជិះ និងការសម្តែងដំរីផងដែរ។

ដំរីដែលបានផ្សាំងរួចមួយក្បាលអាចរកប្រាក់បានរហូតដល់ទៅ ៨ ម៉ឺនដុល្លារដែលជាការវិនិយោគដ៏ធំមួយ ប៉ុន្តែបានប្ដូរមកវិញជាការធ្វើការដ៏សែនលំបាកជាច្រើនម៉ោង។

ឧទ្យាន Mae Taeng នៅភាគខាងជើងនៃទីក្រុងឈៀងម៉ៃទទួលបានភ្ញៀវទេសចររហូតដល់ ៥,០០០ នាក់ក្នុងមួយថ្ងៃ ហើយតំលៃចូលទស្សនាមួយដងប្រហែល ៥០ដុល្លារសំរាប់មនុស្សម្នាក់។ អ្នកទស្សនាជាច្រើនបានមកមើលដំរីឈ្នោះថាSuda ដែលវាអាចប្រើប្រមោយកាន់ជក់ ហើយគូររូបទេសភាពបែបជប៉ុន។ ហើយភ្ញៀវអាចជិះដំរីឆ្លងកាត់ភ្នំបាន ដរាបណាពួកគេទិញគំនូរទាំងនោះដែលមានតម្លៃរហូតដល់ ១៥០ ដុល្លារ។ នៅពេលដែលអ្នកទេសចរយល់ដឹងកាន់តែច្រើនពីភាពសាហាវឃោរឃៅដែលអាចកើតមានពីសកម្មភាពបែបនេះហើយឈានដល់ការរិះគន់នោះ។ម្ចាស់ដំរីទាំងនោះ បានបង្កើតទីកន្លែងកាន់តែច្រើនដោយប្រើពាក្យថាជម្រក ឬទីជម្រក។

តែអ្នកជំនាញផ្នែកសិទ្ធិសត្វ មួយចំនួនបានព្រមានថា វាពិបាកនឹងដឹងអំពីការរស់នៅរបស់ពួកវា។ មានករណីខ្លះបានរាយការណ៍ថា សត្វដំរីត្រូវបានគេដាក់ច្រវាក់ជាច្រើនម៉ោង ព្រមទាំងបង្ខំឲ្យដេកលើបេតុង និងខ្វះអាហារូបត្ថម្ភនៅកន្លែងដែលគេចិញ្ចឹមវា។

ហានិភ័យនៃគ្រោះថ្នាក់ជាមួយភ្ញៀវទេសចរបានថយចុះដោយសារសត្វដំរីមិនសូវមានភាពតានតឹង តែទោះជាយ៉ាងណាហ្មដំរីចាំបាច់ត្រូវតែមានជន្លួញត្រៀមនៅជាប់ក្នុងកាបូបរបស់ពួកគេសម្រាប់ភាពអាសន្នណាមួយដែលអាចកើតឡើង។

អង្គការ ChangChill សង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ខ្ពស់នារដូវកាលថ្មីដែលមានអ្នកទស្សនាច្រើន ប៉ុន្តែគេនឹងអាចទទួលបានភ្ញៀវទេសចរប្រហែល ៤០ នាក់ក្នុងមួយថ្ងៃដើម្បីចូលមើលដំរីចំនួន ៦ក្បាល របស់ខ្លួន។

ដោយសារតែការខ្វះទីតាំង និង បញ្ហាប្រឈមជាមួយមនុស្សមួយចំនួនទៀត បានធ្វើអោយអាជ្ញាធរថៃមានភាពស្ទាក់ស្ទើរក្នុងការបញ្ជូនពួកវាទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ដែលត្រូវបានគាំទ្រដោយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួននោះ ។ ទាំងនោះជាដំណោះស្រាយដើម្បីធ្វើឲ្យប្រសើរឡើងនូវវិស័យមួយនេះ និងត្រូវទៅតាមស្តង់ដារផង។ ប៉ុន្តែមានឥទ្ធិពលរុញច្រានតិចតួចក្នុងការអនុម័តច្បាប់តឹងរឹងបន្ថែមទៀតដែលនឹងកាត់ចូលឧស្សាហកម្មទេសចរណ៍ថៃដែលបានស្វាគមន៍ភ្ញៀវទេសចរជាង ៣៨ លាននាក់នៅឆ្នាំនេះ។

គណៈកម្មាធិការនៃសមាគមសុខុមាលភាពសត្វជាច្រើនបានដាក់អនុសាសន៍ទៅកាន់រដ្ឋាភិបាលកាលពីឆ្នាំមុនដោយគាំទ្រដល់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះសត្វដំរីដែលកំពុងជាប់ឃុំ។ ប៉ុន្តែបើយោងទៅតាមលោក Sovaida Salwala ដែលជាសកម្មជនមកពីអង្គការ Friends of the Asian Elephants ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានជួយចងក្រងរបាយការណ៍ បានអោយដឹងថា សំណើរបស់ពួកគេ នៅតែមិនទាន់មានចម្លើយ។

តាមពិតមានភ័ស្តុតាងមួយចំនួនបានបង្ហាញពីស្ថានភាពសត្វកាន់តែយ៉ាប់ទៅៗ ។ លោក Schmidt-Burbach បាននិយាយថាការស្រាវជ្រាវចុងក្រោយរបស់ពួកគេក្នុងឆ្នាំ ២០១៥ បានរកឃើញថាមានសត្វដំរីប្រមាណ ១,៧៧១ ក្បាលដែលសុខុមាលភាពរបស់ពួកវាកំពុងស្ថិតក្នុងការសង្ស័យ។ លោកពន្យល់ថា​៖ «មានដំរីចំនួន ៣៥៧ ក្បាលទៀតស្ថិតក្នុងស្ថានភាពមិនល្អ បើប្រៀបធៀបនឹងការសិក្សាឆ្នាំ ២០១០ របស់យើង»៕

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T