ស្វែងយល់ពីការវះកាត់កែសម្ផស្សពេលមានការរលាក ឬរបួសផ្សេងទៀត!

//s5.kh1.co/5a/5af7ebc385c29f212bd9cb946e9175b325559afd.jpg
នារី

 ០២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

របួសធ្ងន់ធ្ងរអាចនាំឲ្យការធ្វើចលនាមានកម្រិត ការ​បាត់បង់ការទទួលដឹងដោយញាណ និងរូបរាងមិន​គួរឲ្យទាក់ទាញចិត្ត។ ជាសំណាងល្អ ប្រការអស់ទាំងនេះអាចកែកុនប៉ះប៉ូវបានរហូតដល់កម្រិតល្អ ជាមួយនឹងការវះកាត់កែសម្ផស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របួសដែលមានការខូចខាតខ្លាំងពេកទាមទារត្រូវការទម្រង់ការមួយដែលមានឈ្មោះថាវះកាត់សម្អាតយក​កោសិ​កាចាស់ងាប់ចេញដែលមានន័យថាយកចេញនូវជាលិកាងាប់ដើម្បីត្រៀមរៀបចំសម្រាប់ការវះកាត់ស្តារកសាង​ឡើងវិញ។ បន្ទាប់ពីនោះមក វេជ្ជបណ្ឌិតអ្នកអាចនឹងណែនាំផ្តល់អនុសាសន៍ប្រការមួយក្នុងចំណោមប្រការដូចតទៅនេះ៖

១- ការផ្សាំស្បែក

នៅក្នុងទម្រង់ការផ្សាំស្បែកវេជ្ជបណ្ឌិតវះកាត់យកស្បែកចេញពីចំណែកមួយនៃរាងកាយ ហើយគ្របផ្សាំវាទៅលើផ្នែក​ដែល​ខូចខាតដែលបានបាត់បង់ស្រទាប់ការពាររបស់វា ដោយសារការរលាក ឬរបួស។ ការផ្សាំស្បែកត្រូវ​តែធ្វើឡើងនៅក្នុងមន្ទីរពេទ្យ។ អ្នកជំងឺត្រូវដាក់ថ្នាំសណ្តំមានន័យថាពួកគេនឹងបាត់បង់ស្មារតី​ក្នុង​អំឡុងពេលវះកាត់នោះ។

ការផ្សាំស្បែកស៊ីពេលរាប់សប្តាហ៍នៃការត្រៀមរៀបចំ។ អ្នកគួរតែជម្រាបវេជ្ជបណ្ឌិតនូវឱសថណាមួយដែលអ្នក​កំពុងប្រើប្រាស់។ ប្រភេទខ្លះនៃឱសថអាចនឹងបន្ទុចបង្អាក់យន្តការរាងកាយនៃការបង្កើតកំណកឈាម(ឱសថអាស្ពីរីន ជាឧទារហណ៍)។ អ្នកអាចនឹងត្រូវការលៃតម្រូវ ឬបញ្ឈប់ទាំងស្រុងឱសថអស់ទាំងនោះមុនទម្រង់ការផ្សាំស្បែក។ ក្រៅពី​នេះ ការប្រើប្រាស់ថ្នាំជក់ អាចនឹងពន្យឺតល្បឿននៃការជាសះស្បើយរបស់អ្នក។ ហេតុនេះ អ្នកនឹងត្រូវផ្តាច់បារីមួយរយៈ​កាល​មុនពេលវះកាត់។

២- វះកាត់ដោយឧបករណ៍តូច

ម្រាមដៃ ត្រចៀក ឬបបូរមាត់ដែលដាច់ចេញពីគ្នាអាចភ្ជាប់គ្នាឡើងវិញបានដោយវះកាត់ដោយឧកករណ៍តូច ទម្រង់​ការ​​នេះ វេជ្ជបណ្ឌិតវះកាត់ប្រើប្រាស់មីក្រូទស្សន៍ដើម្បីដេរសរសៃឈាមឬសរសៃប្រសាទតូចៗចូលគ្នា ដោយផ្សារភ្ជាប់ឡើង​វិញនូវសរសៃប្រសាទដែលខូចខាត និងសរសៃ​អាកទែរដែលខូចខាត។ ការវះកាត់នេះបញ្ចូលគ្នាជាមួយទម្រង់ការវះកាត់ដទៃទៀតដូចជាទម្រង់ការផ្ទេរជាលិកាសេរី។

៣- វះកាត់ការផ្ទេរជាលិកា

ក្នុងអំឡុងទម្រង់ការផ្ទេរជាលិកាសេរី វេជ្ជបណ្ឌិតវះកាត់បានកាត់យកចេញនូវសាច់ដុំ ស្បែក ឬឆ្អឹងដែលមានការផ្គត់ផ្គង់​ឈាមដើមរបស់វាពីផ្នែកមួយនៃរាងកាយទៅកាន់តំបន់ដែលត្រូវវះកាត់ ដើម្បីកសាងតំបន់នោះឡើងវិញ។ ទម្រង់ការនេះ​ជារឿយៗទាមទារត្រូវការការវះកាត់ដោយឧបករណ៍តូច។ វាស៊ីពេលសំរាប់​ទម្រង់ការផ្ទេរជាលិកាសេរីនេះដើម្បីជាសះ​ឲ្យ​បានត្រឹមត្រូវ។ អ្នកអាចនឹងត្រូវការពេលរហូតដល់៨សប្តាហ៍ ឬយូរជាងនេះដើម្បីបានជាសះស្បើយវិលត្រលប់ដូចដើម​វិញយ៉ាងពេញបរិបូរណ៍។

៤- វះកាត់ពង្រីកជាលិកា

ការពង្រីកជាលិកាអនុញ្ញាតឲ្យរាងកាយអ្នកដុះស្បែកក្រៅបន្ថែមដែលអាចនឹងប្រើប្រាស់នៅក្នុងស្តារឡើងវិញ។ វេជ្ជបណ្ឌិតវះកាត់ស៊កបញ្ចូលឧបករណ៍តូចមួយដែលមានឈ្មោះហៅថាប៉េងប៉ោងសំរាប់​ពង្រីកនៅក្រោមតំបន់ស្បែកដែល​រងប៉ះពាល់។ ប៉េងប៉ោងនេះស្រូបយកទឹកអំបិលបន្តិចម្តងៗ ហើយធ្វើឲ្យស្បែកនៅជុំវិញវាយារសន្ធឹង ដែលជំរុញ​វាឲ្យដុះលូតលាស់។

យន្តការដំណើរការ គឺស្រដៀងគ្នាខ្លាំងទៅនឹងការយារសន្ធឹងពោះរបស់ស្ត្រីមានផ្ទៃពោះដូច្នោះឯង។ ពេលដែលអ្នកជំងឺមានដុះស្បែកគ្រប់គ្រាន់ហើយ ស្បែកនោះអាចនឹងប្រើប្រាស់ដើម្បីកែកុនប៉ះប៉ូវរបួស។ ការពង្រីកជាលិកាផ្តល់នូវស្បែកដែលមានសម្បុរ និងទ្រង់ទ្រាយប្រហាក់ប្រហែល​គ្នាទៅដល់តំបន់នៃរបួស។ ដូចគ្នានេះ​ផង​ដែរ វាមិនបន្សល់ទុកនូវការឡើងសម្លាកធំធេងទេព្រោះស្បែកមិនត្រូវបានយកចេញមកពីតំបន់ផ្សេងនោះឡើយ។

យ៉ាង​នេះក្តី ការពង្រីកជាលិកាមានរយៈពេលយូរអាចរហូតដល់ ៤ខែ។ ដូចគ្នានេះផងដែរ ក្នុងអំឡុងពេលដែលអ្នកជំងឺ​រង់ចាំស្បែកដើម្បីឲ្យវាដុះនោះប៉េងប៉ោងអាចនឹងបង្កើតនូវកំពកប៉ោងលៀននៅក្រោមស្បែក។ ខណៈដែលកំពកប៉ោង​លៀន​នេះមិនជាបញ្ហានៅក្នុងករណីនៃវះកាត់ដើម្បីស្តារសុដន់ឡើងវិញ អ្នកដែលប្រើប្រាស់ទម្រង់ការនេះដើម្បី​ជួសជុលស្បែកក្បាលរបស់ពួកគេអាចនឹងយល់ឃើញថាកំពកប៉ោងលៀននេះគឺអាក្រក់មើល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T