ឥណ្ឌាចាប់ផ្តើមបេសកកម្មឡើងទៅ​ឋានព្រះច័ន្ទជាលើកទី៣​ ​ក្រោយពី​ទទួលបរាជ័យប៉ុន្មានខែមុន

//s5.kh1.co/48/482edcfad45e46f94a99dc48a52251c584e1c4a9.jpg
បច្ចេកវិទ្យា

 ០២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌា៖ ទីភ្នាក់ងារអវកាសរបស់ឥណ្ឌាបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសខ្លួនទទួលបានការយល់ព្រមលើបេសកកម្មឡើងទៅ​ឋានព្រះចន្ទជាលើកទី៣ ​បន្ទាប់ពីយានអវកាសចុងក្រោយរបស់ខ្លួនមិនបានចុះចតដោយជោគជ័យនៅលើឋានព្រះច័ន្ទកាលពីពេលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានអង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) លោក K. Sivan បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Bengaluru ថា “បេសកកម្ម Chandrayaan-3 របស់ឥណ្ឌានឹងមានយានចុះចត​រួមទាំងយានអង្កេតលើផ្ទៃព្រះច័ន្ទផងដែរ។

បេសកកម្ម Chandrayaan-2 កាលពីខែកញ្ញា​ បាន​បាញ់បង្ហោះដោយជោគជ័យទៅតាមគន្លងច័ន្ទគតិដែលអាចបញ្ជូនទិន្នន័យវិទ្យាសាស្ត្រត្រឡប់ទៅផែនដីវិញបាន ប៉ុន្តែមិនអាច​ដាក់យានអង្កេតលើឋានព្រះច័ន្ទផ្ទាល់បានទេ​ ដោយសារវាលំបាកខ្លាំងពេក។

បេសកកម្មនោះមានគោលបំណងចុះចតនៅ​ប៉ូលខាងត្បូងនៃ​ឋានព្រះច័ន្ទ ដែលជាកន្លែងមិនធ្លាប់មានបេសកកម្ម​ផ្សេងទៀតបានធ្វើដំណើរទៅ​ពីមុនមក។ តំបន់នោះត្រូវបានគេជឿជាក់ថាវាមាន​ទឹក ខណៈរណ្ដៅនៅក្នុងតំបន់ភាគច្រើន មិនស្ថិតក្រោមសីតុណ្ហភាពខ្ពស់នៃពន្លឺព្រះអាទិត្យនោះទេ។

អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បានបញ្ជាក់ពីវត្តមាននៃដំណក់ក្នុងទម្រង់ជាទឹកកក ដែលត្រូវបានរកឃើញដំបូងក្នុងបេសកកម្មរបស់ខ្លួនកាលពីឆ្នាំ ២០០៨ ។ លោក Sivan បានបន្តថា​បេសកកម្ម Chandrayaan-3 នឹង​ធ្វើតាមរចនាសម្ព័ន្ធប្រហាក់ប្រហែលនឹងបេសកកម្មមុនៗដែរ។

មានតែ សហរដ្ឋអាមេរិក រុស្ស៊ី​ និងចិនទេ ដែលបានចុះចតនៅលើ​ឋានព្រះច័ន្ទ។ យានអង្កេត Chang’e-4 របស់ទីក្រុងប៉េកាំងបាន​ធ្វើការអង្កេតយ៉ាងស៊ីជម្រៅនៃឋានព្រះច័ន្ទកាលពីឆ្នាំមុន ស្របពេល​អ៊ីស្រាអែល​ទទួលបរាជ័យក្នុងបេសកកម្មចុះចតរបស់យានអវកាស Beresheet នៅលើ​ឋានព្រះច័ន្ទកាលពីខែមេសាឆ្នាំ ២០១៩ ។

ទីភ្នាក់ងារសារព័ត៌មាន PTI បានរាយការណ៍កាលពីថ្ងៃអង្គារថា បេសកកម្ម​ឡើងទៅឋានព្រះច័ន្ទទី៣របស់ឥណ្ឌាទំនងជានឹងចាប់ផ្តើមនៅឆ្នាំ ២០២០ ហើយនឹងចំណាយតិចជាងបេសកកម្មមុនរបស់ខ្លួនដែរ។

លោក Sivan បាន​បន្ថែមទៀតថា អង្គការស្រាវជ្រាវទីអវកាសឥណ្ឌាកំពុងដំណើរការយ៉ាងរលូនសម្រាប់បេសកកម្មឡើងទៅទីអវកាស​ ដោយ​មានអវកាសយានិកដែលគ្រោងនឹងធ្វើនៅចុងឆ្នាំ ២០២១ ។ រដ្ឋាភិបាលបាននិយាយនៅឆ្នាំ ២០១៨ ថាគម្រោងនេះមានឈ្មោះថា Gaganyaan ដែលនឹងចំណាយថវិកាតិចជាង ១០០ ពាន់លានរូពី (១,៤ ពាន់លានដុល្លារ) ។

លោក Sivan ក៏បានប្រកាសផងដែរថា អង្គការស្រាវជ្រាវទីអវកាសឥណ្ឌាបានចាប់ផ្តើមដំណើរការទិញដីសម្រាប់សាងសង់​ទីធ្លា​បាញ់បង្ហោះយានអវកាស​ទី២ នៅភាគខាងត្បូងកំពង់ផែ​នៃទីក្រុង​ Thoothukudi នៅរដ្ឋ Tamil Nadu ៕

ឥណ្ឌាអនុម័តលើបេសកកម្មឡើងទៅ​ឋានព្រះចន្ទជាលើកទី៣
ឥណ្ឌាអនុម័តលើបេសកកម្មឡើងទៅ​ឋានព្រះចន្ទជាលើកទី៣
ឥណ្ឌាអនុម័តលើបេសកកម្មឡើងទៅ​ឋានព្រះចន្ទជាលើកទី៣
ឥណ្ឌាអនុម័តលើបេសកកម្មឡើងទៅ​ឋានព្រះចន្ទជាលើកទី៣
ឥណ្ឌាអនុម័តលើបេសកកម្មឡើងទៅ​ឋានព្រះចន្ទជាលើកទី៣
ឥណ្ឌាអនុម័តលើបេសកកម្មឡើងទៅ​ឋានព្រះចន្ទជាលើកទី៣
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T