ឆ្លងឆ្នាំយ៉ាងណា ទើប​មាន​សុវត្ថិភាព?

//s5.kh1.co/fc/fc442f43c2d15f8b80a0bf0cbb405c024b8811f5.jpg
យល់ដឹង

 ១៦-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

នៅ​ឆ្នាំ ២០២០ កាន់​តែ​ខិត​ចូល​មក​ដល់ ប្រជាពល​រដ្ឋ​ទូទៅ​ ជា​ពិសេស​ក្រុម​យុវវ័យ​ដែល​ជា​វ័យ​ពេញ​និយម​ជាមួយ​​នឹងការ​ជប់​លៀង​សប្បាយ បាន​ត្រៀម​ខ្លួន​ចូល​រួម​នៅ​ក្នុង​ពិធី​រាប់​ថយ​ក្រោយ​ចូល​ឆ្នាំថ្មី​នៅ​ពាក់​កណ្តាល​អាធ្រាត្រ​នា​យប់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​ខាង​មុខ​នេះ។ ក៏ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ត្រូវ​ទទួល​រងគ្រោះ​ថ្នាក់​ផ្សេងៗ​នៅ​ថ្ងៃ​នេះ ដែល​បណ្តាល​មក​ពី​កង្វះ​ភាព​ប្រុង​ប្រយ័ត្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Khmerload ប្រាប់​លោក​អ្នក​ឲ្យ​បាន​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​លោក​អ្នក​ចូល​រួម​រាប់​ឆ្លង​ឆ្នាំ​ប្រកប​ដោយ​សុវត្ថិភាព។

ជ្រើស​រើស​ទីតាំង​ដែល​ត្រូវ​ធ្វើ​ពិធី​ដោយ​ប្រុង​ប្រយ័ត្ន

លោក​អ្នក​មិន​គួរ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ពេក ឬ ស្ងាត់​ពេក​នោះ​ឡើយ ព្រោះ​កន្លែង​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ជា​កន្លែង​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​នៅ​ពេល​យប់​ជ្រៅ។ អ្នក​ក៏​គួរ​តែ​ទៅ​ចូលរួម​ឆ្លង​ឆ្នាំ នៅ​កន្លែង​ណា​ដែល​មាន​សមត្ថកិច្ច​មើល​ការ​ខុស​ត្រូវ ព្រម​ទាំង​អាច​ឲ្យ​ឡាន​ពេទ្យ​ ឬ​ឡាន​ទឹក​ចូល​ទៅ​ដល់។ ចូរ​ចង់​ចាំ​ថា​ «សុវត្ថិភាព​ជា​ចម្បង»។

រក្សា​ការ​ទាក់​ទង​ជាមួយ​នឹង​អ្នក​ផ្ទះ

មុន​ពេល​ចេញ​ទៅ​ណា​មក​ណានៅ​ថ្ងៃ​ចុងឆ្នាំ អ្នក​ត្រូវ​ប្រាប់​គ្រួសារ​ ឬ​អ្នក​ផ្ទះ​របស់​អ្នកឲ្យ​បាន​ដឹង​ពី​កន្លែង​ដែល​អ្នក​នឹង​ទៅ មនុស្ស​ដែល​អ្នក​ត្រូវ​ទៅ​ជាមួយ និង​អ្នក​ដែល​ពួកគេ​អាច​ទាក់ទង​ទៅ​បាន​ប្រសិន​ជា​ពួកគេ​មិន​អាច​ទាក់​ទង​មក​អ្នក​បាន។ អ្នក​ក៏​មិន​ត្រូវ​ភ្លេច​សាក​ថ្ម​ទូរស័ព្ទ​ឲ្យ​បាន​ពេញ​មុន​ពេល​ចេញ​ទៅ​ដែរ ​ដើម្បី​ការពារ​កុំឲ្យ​អស់​ថ្ម។

ប្រសិន​ជា​អ្នក​មាន​ក្មេង​តូចៗ​ទៅ​ជា​មួយ អ្នក​ក៏​គួរ​តែ​សរសេរ​លេខ​ទូរស័ព្ទ និង​អាស័យដ្ឋាន​រួច​ចង​ជាប់​ដៃ​ ឬ​ក​របស់​ពួកគេ​ដើម្បី​ស្រួល​ទាក់​ទង​គ្នា​នៅ​ពេល​វង្វេង។ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ក៏​មិន​ត្រូវ​ទុក​សមាជិក​ម្នាក់​ឬ​ពីរ​នាក់​ឲ្យ​នៅ​ចាំ​ផ្ទះ​បាន​ដែរ។ អ្នក​គួរ​តែ​នាំ​ពួកគេ​ទៅ​ជាមួយ រួច​ចាក់​សោរ​ផ្ទះ​ឲ្យ​បាន​មាំទាំ ឬ មិន​បាច់​ទៅ​តែ​ម្តង។

ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​អ្នក​ទទួល​ទាន

ប្រសិន​ជា​អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ពិធី​នេះ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​​អ្វី​ដែល​អ្នក​ទទួល​ទាន ជា​ពិសេស​នារីៗ។ មាន​មនុស្ស​ទុច្ចរិត​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​ឱកាស​នេះ​ដើម្បី​កេង​ចំណេញ​ពី​រូប​អ្នក​ តាម​រយៈ​ការ​ប្រើ​ថ្នាំ​សណ្តំ។ ដូច្នេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​អាហារ​ដែល​អ្នក​ទទួល​ទាន​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ត្រូវ​រក​អ្នក​ដែល​ទុក​ចិត្ត​បាន​ឲ្យ​ជូន​ទៅ​ផ្ទះ ឬ​ទាក់ទង​ទៅ​អ្នក​ផ្ទះ​ ឬសមត្ថកិច្ច​ភ្លាមៗ ប្រសិន​បើអ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល។ អ្នកក៏​មិន​គួរ​ទទួល​ទាន​គ្រឿង​ស្រវឹង​រហូត​ដល់​ស្រវឹង​ជោគជាំ​ដែរ ព្រោះ​វាអាច​ផ្តល់​ឱកាស​ទៅ​ដល់​ជន​មួយ​ចំនួន​ដែល​មាន​បំណង​មិន​ល្អ​មក​លើ​អ្នក ហើយ​ថែម​ទាំង​អាចបង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​បាន​ថែម​ទៀត​ផង។

គោរព​សិទ្ធ​អ្នក​ដទៃ

ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ អ្នក​ក៏​ត្រូវ​តែ​គោរព​សិទ្ធ​របស់​អ្នក​ដទៃ​ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ប្រារព្ធ​នេះនៅ​ផ្ទះ​របស់​អ្នក។ អ្នក​មិន​គួរ​ចាក់​ចម្រៀង ឬជជែក​គ្នាលឺៗ​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​មាន​មនុស្ស​ជាច្រើន​ដែល​ចង់​ទទួល​ទាន​ដំណេក​ឲ្យ​បាន​ស្កប់​ស្កល់​ជា​ជាង​ការ​ចូលរួម​ពិធី​រាប់​ថយ​ក្រោយ​នៅ​ក្នុង​ថ្ងៃ​នេះ បើ​មិន​អ៊ីចឹង​ទេ វា​អាច​នឹង​រំខាន​ទៅ​ដល់​អ្នក​ទាំង​នោះ ហើយ​បង្ក​ជា​ជម្លោះ​បាន។ បើ​សិន​ជា​អ្នក​ពិត​ជៀស​ពី​វា​មិន​ផុត​ អ្នក​គួរ​តែទៅ​សុំ​អភ័យ​ទោស​​ ​ពី​អ្នក​ទាំង​នោះ​ជាមុន ព្រោះ​យ៉ាង​ហោចណាស់ក៏​អ្នក​អាច​ឲ្យ​គេ​បាន​ដឹង​ថា អ្នកជា​មនុស្ស​គួរសម និង​ចេះ​ដឹង​ខុស​ត្រូវ៕​

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T