ម៉ាក់ៗចាញ់កូនខ្លាំង ប៉ះពាល់ដល់ទារកអត់?

//s5.kh1.co/89/89f6dcafd9b01e3b8f112c2cad6e8be4b62572df.jpg
នារី

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ពេល​មាន​ផ្ទៃពោះ​ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ចាញ់​កូន ញ៉ាំ​អ្វី​មិន​បាន ចាញ់​ក្លិន​ផ្សេងៗ ធ្វើ​ឲ្យ​ធីង​ធោង ក្អួត​ចង្អោរ ពិសេស​នៅ​អំឡុង​ត្រីមាស​ទី១។ តើ​ការ​ជួប​អាការៈ​ចាញ់​កូន​ខ្លាំង ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬ​ទេ? ធ្វើ​ម៉េច​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​បាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាការៈ​ចង្អោរ និង​ក្អួត ដែល​យើង​តែង​ហៅ​ថា ចាញ់​កូន​នោះ បណ្តាល​មក​ពី​ការ​ប្រែប្រួល និង​ផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ក្នុង​រាង​​កាយ ហើយ​អាច​កើត​ឡើង​គ្រប់​ពេល​ ទាំង​ពេល​ព្រឹក ​រសៀល ឬល្ងាច ប៉ុន្តែ​វា​ច្រើន​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ពេល​ព្រឹក ហើយ​ធូរ​ស្រាល​វិញ​នៅ​ពេល​ថ្ងៃ។ នេះ​បើ​តាម​ការ​​លើក​ឡើង​របស់​ប្រធាន​ផ្នែក​​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

អាការៈ​ចាញ់​កូន​ធម្មតា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ ការ​ព​ពោះ​របស់​យើង​មាន​បញ្ហា​នោះ​ដែរ បើ​ប៉ះពាល់​លុះ​ណា​តែ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​ចាញ់​កូន​ខ្លាំង​មែន​ទែន ញ៉ាំ​អ្វី​មិន​បាន​សោះ ដាក់​ចូល​ទៅ​ក្អួត​មក​វិញ​ទាំង​អស់ បណ្តាល​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹកធ្ងន់ធ្ងរ និង​សារធាតុ​ចិញ្ចឹម ទាំង​ម្តាយ ទាំង​កូន​ក្នុង​ផ្ទៃ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​កាត់​បន្ថយ​គ្រោះថ្នាក់។

ចំពោះ​វិធី​សាមញ្ញៗ​វិញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖

- ញ៉ាំអាហារយឺតៗ តិចៗ តែច្រើនដង
- ត្រូវផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើឲ្យច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន
- ផឹកទឹកខ្ញី ឬរស់ជាតិជីអង្កាមឲ្យបានច្រើន
- ចៀសវាងអាហារខ្លាញ់ ចៀន បំពង
- កុំគេងភ្លាមបន្ទាប់ពីញ៉ាំអាហាររួច
- សម្រាកឲ្យបានច្រើន
- ត្រូវមានអាហារសម្រន់ក្រៀមៗក្បែរខ្លួនជានិច្ច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T