ឥរិយាបថចៅហ្វាយនាយដែលធ្វើឲ្យបុគ្គលិករត់ចោល

//s5.kh1.co/1a/1a99b7804f576f825f33e2c7b922e6b8d5f03267.jpg
យល់ដឹង

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ឥរិយាបថ​មួយ​ចំនួន​ដែល​ចៅហ្វាយ​នាយ ឬ​ ប្រធាន​គ្រប់​គ្រងត្រូវ​ជៀសវាង​ បើ​សិន​ជា​ខ្លួន​ចង់​រក្សា​បុគ្គលិក​ល្អ​នៅ​កន្លែង​ធ្វើ​ការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កុំ​បង្ខំ​បុគ្គលិកល្អ​ឲ្យ​ធ្វើ​ការ​ជ្រុល​ពេក

សម្រាប់​បុគ្គលិក​ល្អគ្រប់​រូប គ្មាន​អ្វី​ដែល​ក្តៅ​ក្រហាយ​ជាជាង​ការ​បង្ខំ​គេ​ឲ្យ​ធ្វើ​ការ​បន្ថែម​ទៀត​នោះ​ឡើយ។ អារម្មណ៍​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ពិត​ជា​ពិបាក​ពន្យល់​ណាស់។ ពួកគេ​អាច​នឹង​មាន​អារម្មណ៍​ថា​ ពួកគេ​ត្រូវ​បាន​ដាក់​ទោស​ដោយសារ​តែធ្វើ​ការងារ​បាន​​ល្អ។​ មិន​ត្រឹម​តែប៉ុណ្ណោះ ការ​បង្ខំបុគ្គលិក​ឲ្យ​ធ្វើ​ការ​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ការងារ​ធ្លាក់​ចុះ។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មីមួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ Stanford បាន​បង្ហាញ​ថា ប្រសិទ្ធភាព​ការងារ​​ក្នុង​មួយ​ម៉ោងៗ​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះនៅ​ពេល​ម៉ោង​ធ្វើ​ការ​​កើន​ហួស​ពី ៥០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហើយបើ​សិន​ជា​ឡើង​ដល់​លើសពី ៥៥ ម៉ោង​ក្នុងមួយ​សប្តាហ៍ កំណើនប្រសិទ្ធភាព​ការងារនឹង​ធ្លាក់​ស្មើ​នឹង​សូន្យ ពោល​គឺ​ហាក់​ដូច​ជាមិន​បាន​ធ្វើ​ការ​បន្ថែម​សោះ​តែ ម្តង។ បុគ្គលិក​ដែលល្អ នឹង​បាត់បង់​ការ​អត់​ធ្មត់​បើ​សិន​គេ​ត្រូវ​ធ្វើ​ការ​ច្រើន​ដល់កពេក។

២. មិន​ខ្វល់​ពី​បុគ្គលិក

ជាង​ពាក់​កណ្តាល​នៃ​បុគ្គលិក​ដែល​បាន​លាឈប់​ពី​ការងារ​ ពីព្រោះពួកគេ​មាន​ទំនាក់​ទំនង​មិន​ល្អ​ជា​មួយ​នឹង​ចៅ​ហ្វាយ​នាយ។ ក្រុម​ហ៊ុន​មួយ​ដែល​ល្អ គឺ​ជា ​ក្រុម​ហ៊ុន​ដែល​ចេះ​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង់​របស់​គេ​គ្រប់​គ្នា​មាន​តុល្យភាព​រវាង​អាជីពការងារ និងភាព​ជាមនុស្ស។ ​និយាយ​ឲ្យ​ស្រួល​ស្តាប់ ​គឺ​គេ​ចេះ​បែងចែក​ពេល​វេលា​សម្រាប់​ធ្វើ​ការងារ និង​ពេល​វេលា​សម្រាប់​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​បុគ្គលិក។

៣. មិន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ឯង

ការ​ធ្វើ​ការ​សន្យា​ជាមួយ​នឹងមនុស្ស​ណា​ម្នាក់នឹង​ដាក់​រូប​អ្នក​នៅ​ចន្លោះ​រវាង​ការធ្វើ​ឲ្យ​គេ​បា​ន​សប្បាយ​ចិត្ត និងការ​ធ្វើ​ឲ្យ​គេ​ដើរ​ចេញ​ពី​អ្នក​ យ៉ាង​អស់​សង្ឃឹម។ នៅ​ពេល​ដែល​ចៅ​ហ្វាយ​នាយ​បាន​គោរព​ពាក្យ​ដែល​ខ្លួនបានសន្យា​ជាមួយ​នឹង​បុគ្គលិក ចៅ​ហ្វាយ​នាយ​រូប​នោះ​នឹង​ត្រូវ​បាន​​​បុគ្គលិក​ឃើញ​ថា ជា​មនុស្ស​ដែលគួរ​ឲ្យ​គោរព និង​អាច​ទុកចិត្ត។ គុណភាព​ទាំង​ពីរ​នេះ​សំខាន់ជា​ទី​បំផុត​សម្រាប់​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ។

៤. មិនបើកឱកាស​​ឲ្យ​បុគ្គលិក​​ប្រើ​ប្រាស់គំនិត​ខ្លួន​ឯង

បុគ្គលិក​ដែល​មាន​ទេព​កោសល្យ​ច្រើន​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន។ ការ​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ធ្វើ​តាម​គំនិត​របស់​ពួកគេ​ជួយ​បង្កើន​ប្រសិទ្ធភាព និង​ការ​ពេញចិត្ត​ក្នុង​ការងារ។ ប៉ុន្តែ​ ក៏​នៅ​តែ​មាន​អ្នក​ដឹក​នាំ​ជា​ច្រើន​ដែល​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​តាម​គំនិត​ខ្លួន​ឯងទាំងស្រុង ដោយ​សារ​តែ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ធ្លាក់​ចុះ​​នៃ​ប្រសិទ្ធភាព​ការងារ ប្រសិនបើ​ពួកគេ​បើក​ឲ្យ​បុគ្គលិក​ពង្រីក​ការ​ផ្តោ​តអារម្មណ៍ និងធ្វើតាម​គំនិត​ខ្លួនឯង។

៥. មិន​ចេះ​អភិវឌ្ឍន៍​ជំនាញ​របស់​បុគ្គលិក

ប្រធាន​គ្រប់​គ្រង​មាន​ភារកិច្ច​ត្រូវ​គ្រប់​គ្រង ទោះ​បី​ជា​បុគ្គលិក​នៅ​ក្រោម​បង្គាប់​ពូកែ ឬ​ឆ្លាត​យ៉ាងណា​ក្តី។ នៅពេល​អ្នក​ក្លាយ​ជា​ចៅ​ហ្វាយ​នាយ​របស់គេ ហើយ​មាន​បុគ្គលិក​ដែល​ពូកែ និង​មាន​ទេព​កោសល្យ​នៅ​ក្រោម​បង្គាប់ អ្នក​ត្រូវ​តែ​រិះ​រក​ចំណុច​ខ្លាំង​របស់​ពួកគេ ហើយ​អភិវឌ្ឍ​ចំណុចនោះ​ ដើម្បី បង្កើន​បណ្តុំ​សមត្ថភាព​របស់​ពួកគេ៕

Source: Business Insider Singapore

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T