ស្លាប់ជាច្រើននាក់នៅជប៉ុន ដោយ​សារ​ធ្វើ​ការ​ជ្រុលពេក

//s5.kh1.co/4c/4cbed8f185de8e408b7974b01506a4ee46466560.jpg
យល់ដឹង

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ទីក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​កំពុង​តែ​ជួប​ប្រទះ​ជាមួយ​នឹង​កំណត់ត្រា​ដ៏​ខ្ពស់​បំផុត​នៃ​ការ​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ការ​ធ្វើ​ការ​ជ្រុលពេក ដែល​ភាសាជប៉ុន​ហៅ​ថា «Karoshi» ហើយ​វាកំពុង​តែ​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​ក្រុម​យុវវ័យ​ ដែល​ភាគ​ច្រើន​បម្រើ​ជា​បុគ្គលិក​ក្រុម​ហ៊ុន​នៅក្នុង​ប្រទេស​នេះ ជា​ពិសេស​នារី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយ​នឹង​អត្រា​ទាម​ទារ​ការងារ ១.២៨ ក្នុង​ចំណោម​មនុស្ស​ម្នាក់ ដែល​ជា​អត្រា​ខ្ពស់​បំផុត​ចាប់​តាំង​ពីឆ្នាំ ១៩៩១ ស្រប​ជាមួយ​នឹង​ចំនួន​ប្រជាជន​កំពុង​តែ​មាន​ការ​ថយ​ចុះ​ផង​នោះ ប្រទេស​ជប៉ុន​កំពុង​តែ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​នូវ​កម្លាំង​ពលកម្ម​។ ជាមួយ​គ្នា​នេះដែរ ច្បាប់​ការងារ​ដែល​មាន​លក្ខណៈ​ធូរ​ស្រា​ល​​ បាន​បើក​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​បង្ខំ​បុគ្គលិករបស់​ខ្លួន​ឲ្យ​ធ្វើ​ការ ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំណាយ​សម្រាប់​ជួល​បុគ្គលិក​បន្ថែម។

https://s5.kh1.co/__image/w=650,h=990,q=100/18/189f8b9bc05347abdb5e32b40926a711368480da.jpeg

យោង​ទៅ​តាម​ទិន្នន័យ​របស់​ក្រសួង​ការងារ កាល​ពីឆ្នាំ​ទៅ ចំនួន​ពាក្យ​បណ្តឹង​ទាម​ទារ​សំណង់​សម្រាប់​ការ​ស្លាប់​ដោយ​សារ​តែ​ការ​ធ្វើ​ការ​ជ្រុល​ ឬ Karoshi នេះ មាន​រហូត​ទៅ​ដល់ ១,៤៥៦ បណ្តឹង ដែល​ចំនួន​នេះ​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។ ភាគ​ច្រើន​នៃ​អ្នក​ដែល​បាន​ស្លាប់គឺ​ ជា​បុគ្គលិក​វ័យ​ក្មេង​​ដែលបម្រើ​ការ​ក្នុង​នៅ​វិស័យ​ដែល​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ខាត​បុគ្គលិក រួម​មាន សុខាភិបាល សេវាសង្គម វេចខ្ចប់ និង​សំណង់ ជាដើម។

ទោះ​បី​ជាយ៉ាងណា ​លោក Hiroshi Kawahito ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ការពារជាតិ​សម្រាប់​ជន​រងគ្រោះ​ដោយ Karoshi បាន​អះ​អាង​ថា តួលេខ​ពិត​អាច​ជា​ច្រើន​ជាង​នេះ ១០ ដង ក៏​ប៉ុន្តែ​​រដ្ឋាភិបាល ពុំ​ព្រម​ទទួល​ស្គាល់​ករណី​ជាច្រើន​ទៀត។

លោក​បាន​និយាយថា៖ «​រដ្ឋាភិបាល​បាន​រៀបចំ​សិក្ខា​សាលា និង​បង្កើត​បដា​ជា​ច្រើន​ពី​បញ្ហា​នេះ ក៏​ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ប្រជាភិថុត​ (Propaganda) តែ​ប៉ុណ្ណោះ។ ដំណោះ​ស្រាយ​បញ្ហា​ពិត​ប្រាកដ​គឺ​ការ​កាត់​បន្ថយ​ម៉ោង​ធ្វើការ តែ​រដ្ឋាភិបាល​ពុំ​បាន​ធ្វើ​វា​គ្រប់​គ្រាន់​ឡើយ»។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា ប្រទេស​ជប៉ុន​ពុំ​មាន​ច្បាប់​ដែល​កំណត់​ម៉ោង​ធ្វើការ​ឡើយ ក៏​ប៉ុន្តែ​​ក្រសួង​ការងារ​បាន​ទទួល​ Karoshi ចំនួន​ពីរ​ប្រភេទគឺ ការ​ស្លាប់​ដែល​បណ្តាល​មក​ពី​ជម្ងឺ​បេះ​ដូង ឬ សម្ពាធ​ឈាម ដោយ​សារ​តែ​ការ​ធ្វើ​ការ​ជ្រុល​ពេក និង ការ​ធ្វើ​អត្ត​ឃាតបន្ទាប់​ពី​មាន​ភាព​តានតឹង​អារម្មណ៍​ខ្លាំង​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ការងារ។

សម្រាប់​ប្រភេទ​ទី១ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​បាន​ បុគ្គលិក​ដែល​ស្លាប់​ត្រូវ​តែ​ធ្វើ​ការ​បន្ថែម​ម៉ោង​ចំនួន ១០០ ម៉ោង​នៅ​មួយ​ខែ​មុន ឬ ៨០ ម៉ោងក្នុងប្រាំមួយ​ខែមុន​នឹង​ស្លាប់។ ឯចំណែក​ប្រភេទ​ទី ២វិញ បុគ្គលិក​ដែល​បាន​ធ្វើ​អត្តឃាត ត្រូវ​តែ​បាន​ធ្វើការ​បន្ថែម​ម៉ោង​ចំនួន ១៦០ ម៉ោង ក្នុង​មួយ​ខែ ឬ ១០០ ម៉ោង​ក្នុង​បី​ខែ​មុន​នឹង​ធ្វើ​អត្តឃាត។

ទិន្នន័យ​ក្រសួង​ការងារ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ធ្វើ​អត្តឃាត​ ដែល​ទាក់ទង​នឹង​ការងារ​​បាន​កើន​ឡើង​ ៤៩ ភាគរយ​ សម្រាប់​បុគ្គលិក​ដែល​មាន​អាយុ ២៩ ឆ្នាំ ឬក្មេងជាង​នេះ និង ៣៩ ភាគរយ​សម្រាប់​បុគ្គលិក​ដែលជាស្រ្តី។

លោក​ Hirokazu Ouchi ជា​សាស្រ្តាចារ្យ​ផ្នែក​អប់រំ​នៃ​សាកលវិទ្យាល័យ Chukyo បាន​លើកឡើង​ថា ក្រសួង​ការងារ​របស់​ប្រទេស​ជប៉ុន​ក៏​ពុំ​មាន​បុគ្គលិក​គ្រប់គ្រាន់​សម្រាប់​តាមដាន​ពាក្យ​បណ្តឹង​ទាំង​នេះ​ដែរ។

លោក​បាន​និយាយថា៖ «​នេះ​គឺ​ជា​វិធី​មួយ​ដែល​បើក​ឲ្យ​ក្រុមហ៊ុន​នានា​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​កម្លាំង​ពលកម្ម ក៏ប៉ុន្តែ​វា​ក៏​ជា​វិធី​ដែល​នាំ​ទៅ​រក​ការ​ស្លាប់​ដោយ​សារ​តែ​ការ​ធ្វើ​ការងារ​ជ្រុល​ពេក​ផង​ដែរ»៕

ប្រភព៖ Strait Times

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T