យើងដឹងហើយថា ស៊ុតល្អចំពោះសុខភាពយើង ហើយចំពោះស្ត្រីមានផ្ទៃពោះវិញរឹតតែពិសេស អ៊ីចឹងហើយចាស់ៗតែងតែឲ្យស្ត្រីមានផ្ទៃពោះញ៉ាំស៊ុតឲ្យបានច្រើន អ្នកខ្លះមិនត្រឹមតែញ៉ាំស៊ុតមាន់-ទា នោះទេ ខំស្វះស្វែងរកទិញស៊ុតធំៗ ដូចជាស៊ុតក្ងាន ឬអូទ្រីសជាដើម។ តើស៊ុតបក្សីសម្បូរដោយជាតិអីខ្លះ? ល្អម៉េចខ្លះចំពោះស្ត្រីមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ស៊ុតបក្សីគ្រប់ប្រភេទ មិនថា ស៊ុតក្រួច មាន់ ទា ក្ងាន នោះទេ គឺសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលជាប្រភពនៃអាមីណូអាស៊ីដ សម្រាប់ចិញ្ចឹមសរីរាង្គកាយស្ត្រីមានផ្ទៃពោះ និងកូនក្នុងផ្ទៃ។
ក្នុងស៊ុតបក្សីក៏សម្បូរនូវពពួកវីតាមីន B12, B6 ជាតិរ៉ែ ដូចជា ស័ង្កសី ដែក និងជាតិកូលីន ដែលសារធាតុទាំងនេះល្អបំផុតចំពោះសុខភាពម្តាយ និងកូន ជាពិសេសជួយដល់ការវិវត្តខួរក្បាលរបស់ទារក ដែលគេតែងនិយាយតៗគ្នាថា ញ៉ាំស៊ុតច្រើន កូនកើតមកឆ្លាតនោះអី។
ទោះយ៉ាងណាលោកសាស្ត្រាវេជ្ជបណ្ឌិតណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំស៊ុតឆ្អិន ចៀសវាងការញ៉ាំស៊ុតចម្អិនមិនបានឆ្អិនល្អ ឬស៊ុតឆៅ ព្រោះអាចប្រឈមនឹងពពួកប៉ារ៉ាស៊ីត បាក់តេរី ឬមេរោគអីមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet