បារាំង៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ២៥ឆ្នាំមួយរូបរបស់ក្លិប Paris Saint-Germain គឺកីឡាករ Leandro Paredes។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ បង្ហាញខ្លួនឲ្យក្រុម PSG បានចំនួន៣២ប្រកួត ចាប់តាំងពីផ្ទេរមកពីក្រុម Zenit កាលពីដើមឆ្នាំ២០១៨មក។ ដោយឡែកក្នុងរដូវកាលនេះ កីឡាករ Paredes មិនសូវមានឱកាសបានចូលលេងទៀងទាត់នោះទេ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ដោយលេងបាន១០ប្រកួតប៉ុណ្ណោះ គិតរាល់កម្មវិធីទាំងអស់។
យោងតាមកាសែត El Intransigente របស់ប្រទេសអាហ្សង់ទីនបានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែបម្រើរូបនេះ ដោយគេហទំព័រ Transfermarkt បានបញ្ជាក់ថាតម្លៃខ្លួនរបស់រូបគេបច្ចុប្បន្នមានតម្លៃប្រមាណ២៥លានអឺរ៉ូ (ឬប្រហែល ២៧,៧លានដុល្លារអាមេរិក)។

គួរបញ្ជាក់ផងដែរថា ក្លិប Man Utd នឹងត្រូវប្រឈមជាមួយនឹងក្លិបធំៗពីរនៅអ៊ីតាលី ក្នុងការប្រជែងយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីន ដោយប្រភពដដែលបានបញ្ជាក់ថាក្លិប Inter Milan និង Napoli ក៏មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកកីឡាកររូបនេះ នៅខែមករាខាងមុខផងដែរ៕
ប្រភព៖ caughtoffside