ចិន៖ នារីវ័យ២២ឆ្នាំម្នាក់មានជំងឺក្រលៀនធ្ងន់ធ្ងរត្រូវពឹងផ្អែកលើការបញ្ចូលឈាមជាប្រចាំដើម្បីរស់ បានយំអង្វរឪពុកឲ្យបញ្ឈប់ការព្យាបាលនាង ដើម្បីទុកប្រាក់ព្យាបាលប្អូនប្រុសដែលមានជំងឺមហារីកឈាមវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Li Nana ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺក្រលៀនធ្ងន់ធ្ងរកាលពីឆ្នាំមុន ហើយការព្យាបាលតែមួយគត់គឺការប្តូរក្រលៀន។ ឪពុកនាងជាកសិករហើយបានជំពាក់បំណុលគេយ៉ាងច្រើនទៀតព្រោះតែយកមកព្យាបាលនាង។ រយៈពេលប៉ុន្មានខែក្រោយមក ប្អូនប្រុសពៅនាងវ័យ៨ឆ្នាំ ឈ្មោះ Li Zhifei ក៏មានជំងឺមហារីកឈាមទៀត។
នាង Li Nana បាននិយាយទាំងទឹកភ្នែកនៅលើគ្រែទៅកាន់ឪពុកថា៖
«ប៉ាឈប់ព្យាបាលខ្ញុំទៀតទៅ បើគ្មានវិធីផ្សេងទេ ប៉ាទុកប្រាក់សម្រាប់ព្យាបាលប្អូនប្រុសវិញទៅ គេអាចមើលថែប៉ាបានពេលប៉ាចាស់ទៅ។»
នាង Li Nana ក៏បានប្រាប់វេបសាយវីដេអូ Pear ថា៖
«ប្អូនប្រុសរបស់ខ្ញុំនៅក្មេង ខ្ញុំមិនចង់អោយគេរងទុក្ខទាំងខ្លួននៅវ័យក្មេងឡើយ។ ចំណាយប្រាក់ដើម្បីព្យាបាលគេឲ្យជាសះស្បើយចុះ ខ្ញុំនឹងមិនអីទេ។ ខ្ញុំសង្ឃឹមថា ប៉ានឹងអាចរកវិធីព្យាបាលបានត្រឹមត្រូវសម្រាប់គេ។»
លោក Li ជាឪពុកបានបដិសេធ ហើយថាដាច់ខាតត្រូវតែព្យាបាលកូន ដោយសុខចិត្តលក់គោ និងខ្ចីប្រាក់ពីគេជាង ២០០,០០០សែនយ័ន (ប្រមាណ២៨,៤១៤ដុល្លារអាមេរិក) ដើម្បីបង់ថ្លៃព្យាបាលកូនទាំងពីរ។ ដរាបណាគាត់នៅមានជីវិត គាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះកូនៗ បើទោះបីជាគាត់ត្រូវលក់ឈាមរបស់ខ្លួនឯងក៏ដោយ។
វេជ្ជបណ្ឌិតបានប្រាប់លោក Li ឲ្យត្រៀមប្រាក់យ៉ាងហោចណាស់ចំនួន ៦០០,០០០សែនយ័ន (ប្រមាណ ៨៥,២៤៨ដុល្លារអាមេរិក) ដើម្បីរៀបចំការវះកាត់ប្ដូរក្រលៀនឲ្យកូនស្រី និងប្ដូរខួរឆ្អឹងឲ្យកូនប្រុស។
យ៉ាងណាមិញ លោក Li បានទទូចអង្វរសុំជំនួយ ហើយក៏មានសហព័ន្ធសប្បុរសធម៌ Henan កំពុងដំណើរការបង្កើតការរៃអង្គាសប្រាក់សម្រាប់ជួយគ្រួសារលោក Li ផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖



