៨ ចំណុចដែល​អ្នក​គួរ​កត់សម្គាល់ដើម្បីចៀសវាងកន្លែងធ្វើ​ការ​មិន​ល្អ

//s5.kh1.co/e5/e55eda4e0f66e3a259bba15705ea8f17ef048206.jpg
យល់ដឹង

 ០៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ស្រប​ពេល​ដែល​អ្នក​បាន​អភិវឌ្ឍ​អាជីព​ និង​សមត្ថភាព​ខ្លួន​ឯង​យ៉ាង​ល្អ​ប្រសើរ​នៅ​សាលា ឬ កន្លែង​ការងារ​ ក្រុម​ហ៊ុន ឬ ស្ថាប័ន​ជាច្រើន​ពិត​ជា​ចង់​បាន​រូប​អ្នក​ទៅ​ធ្វើ​ការ ​ក៏​ប៉ុន្តែ​ពុំ​មែន​ការងារ​ទាំង​អស់​នោះ​សុទ្ធ​តែ​គួរ​ជាទី​ពេញ​ចិត្ត​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺជា សញ្ញា​ទាំង ៨ របស់​ការងារ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ទទួល​យក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បុគ្គលិក​សុទ្ធ​តែ​ថ្មី​ តែ​កន្លែង​ធ្វើ​ការ​ចាស់

ការ​ផ្លាស់​ប្តូរ​បុគ្គលិក​ទ្រង់​ទ្រាយ​ធំ​ពេក​ គឺជា​ចំណុច​ដែល​អ្នក​គួរ​កត់​សម្គាល់។ អ្នក​ត្រូវ​ពិចារណា​ថា ហេតុអ្វី​បាន​ក្រុមហ៊ុន ឬ ស្ថាប័ន​នេះ​មិន​អាច​រក្សា​បុគ្គលិក​ដែល​ល្អ​ឲ្យ​បាន​យូរ​អង្វែង?

២. អ្នក​ដែល​សម្ភាស​ការងារ​អ្នក​ បាន​​ត្អូញត្អែរ​ពី​បុគ្គលិក​សព្វថ្ងៃ​

ជា​ធម្មតា ប្រធាន​នៅ​ក្រុម​ហ៊ុន ឬ ស្ថាប័ន​មួយ​នឹង​ចូលរួម​សម្ភាស​រូបអ្នក​ដើម្បី​សម្រេច​ចិត្ត​ថា អ្នក​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើការ​ឲ្យ​គេ​ដែល​ឬទេ។ ប្រសិន​ជា​ប្រធាន​នោះ​បាន​និយាយ​មិន​ល្អ​ពី​បុគ្គលិក​សព្វថ្ងៃ​នៅ​ចំពោះ​មុខ​បេក្ខជន​សម្ភាស​ទៅ​ហើយ តើ​គេ​នឹង​និយាយ​អ្វី​ពី​អ្នក​ខ្លះ​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធ​នៅ​ទីនោះ?

៣. អ្នក​ដែល​សម្ភាស​អ្នក​ និយាយ​មិន​ច្បាស់​ពី​មុខងារ​និង​ទំនួល​ខុស​ត្រូវ​​របស់​អ្នក

ចំណុច​នេះ​បង្ហាញ​ថា ក្រុម​ហ៊ុន ឬ ស្ថាប័ន​នេះមិន​ដឹង​ពី​ការ​ប្រើ​ប្រាស់​សមត្ថភាព​របស់​អ្នក​ឲ្យ​បាន​ជា​ប្រយោជន៍​​នៅ​ក្នុង​មុខងារ​ថ្មី​នេះ​ឡើយ។ បើ​សិន​ជា​អ្នកចូល​ធ្វើ​ការ​នៅ​ទី​នេះ ​អាជីព​របស់​អ្នក​នឹង​មិន​អាច​លូតលាស់​បាន​ល្អ​នោះ​ទេ ព្រោះ​អ្នក​នឹង​មិន​ដឹង​ថា អ្វី​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ និង​អភិវឌ្ឍន៍។

៤. ហ៊ាន​ឲ្យ​ប្រាក់​ខែ​ហួស​ពី​ការ​ស្មាន​ខ្លាំង​ពេក

អ្នក​ប្រាកដ​ជា​សប្បាយ​ចិត្ត​ណាស់​បើ​សិនជា​ក្រុម​ហ៊ុន ឬ ស្ថាប័ន​ណាមួយ​ហ៊ាន​ផ្តល់​ប្រាក់​ខែ​ខ្ពស់ដើម្បី​បាន​រូប​អ្នក​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ។ ក៏​ប៉ុន្តែ​ អ្នក​ក៏​ត្រូវ​ពិចារណា​ផង​ដែល​ថា​ ការ​ផ្តល់​ឲ្យ​នេះ​ស័ក្តិសម​នឹង​មុខ​តំណែង ក៏​ដូច​ជា​សមត្ថភាព​របស់​អ្នក​ដែរ​ឬទេ? ជួនកាល វា​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់ ឬ ដើម្បី​ផ្ចាញ់​ផ្ចាល់​នូវ​កន្លែង​ដែល​អ្នក​កំពុង​តែ​ធ្វើ​ការ​ក្នុង​ពេល​បច្ចុប្បន្ន។

៥. ការងារ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​រហូត

បើ​សិន​ជា​អ្នក​សង្កេត​ឃើញថា ក្រុម​ហ៊ុន​ ឬ ស្ថាប័ន​មួយ​បាន​ប្រកាស​ជ្រើស​រើស​បុគ្គលិក​សម្រាប់​មុខ​តំណែង​ណា​មួយ​ម្តង​ហើយ​ម្តង​ទៀត អ្នក​គួរ​តែ​មាន​ការ​សង្ស័យ ហើយ​ស៊ើប​ឲ្យ​ច្បាស់​ពី​ការងារ​ និងក្រុម​ហ៊ុន​នោះ​ជា​មុនសិន។

៦. ពុំ​មាន​ឱកាស​អភិវឌ្ឍ​មុខ​តំណែង

ប្រសិន​ជា​អ្នក​ឃើញ​ថា ការងារ​នោះ​នឹង​ពុំ​មាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​បាន​អភិវឌ្ឍ​អាជីព​របស់​អ្នក​នោះ​ទេ អ្នក​អាច​នឹង​ជាប់​នៅ​ក្នុង​ការងារ​មួយ​ដែល​ពុំ​រីកចម្រើន​ទាល់​តែ​សោះ ទោះ​បី​អ្នក​ធ្វើ​ការ​យូរ​យ៉ាងណា​ក៏​ដោយ។

៧. កន្លែង​ការងារ​តម្រូវ​ឲ្យ​អ្នក​បង់ប្រាក់

បើ​សិន​ជា​កន្លែង​ការងារ​មួយ​តម្រូវ​ឲ្យ​អ្នក​បង់ប្រាក់​ធានា ឬថ្លៃ​បណ្តុះ​បណ្តាល អ្នក​គួរ​តែ​ដើ​ចេញ​ភ្លាម​ដោយ​ពុំ​ចាំ​បាច់​តថ្លៃ​អ្វី​ទាំងអស់ ព្រោះ​អ្នក​កំពុង​តែ​ត្រូវ​គេ​ឆបោក​ហើយ។

៨. បុគ្គលិក​ដទៃ​ទៀត​មិន​ចូល​ចិត្ត​ការងារ​បស់​ពួកគេ

វិធី​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ដឹង​ពី​ក្រុម​ហ៊ុន ឬ​ស្ថាប័ន​ណាមួយគឺត្រូវ​ស្វែង​យល់់​ពី​ក្រុម​បុគ្កលិក​ដែល​កំពុង​តែ​បម្រើ​ការ​នៅ​ទី​នោះ។ តើ​បរិយាកាស​ការងារ​នៅ​ទី​នោះ​​មាន​សភាព​យ៉ាងណា​ដែរ? តើ​ពួកគេ​ចូល​ចិត្ត​ចៅ​ហ្វាយ​នាយ​របស់​ពួកគេ​ដែរ​ឬទេ?

ប្រសិន​ជា​ពួកគេ​មិន​ហ៊ាន​និយាយ ឬ អ្នក​គិត​ថាពួកគេ​និយាយមិនស្មោះ​ត្រង់ អ្នក​អាច​លួច​មើល​កាយវិការរបស់​ពួកគេ​បាន ថាតើ​គេ​បង្ហាញ​អាកប្បកិរិយា​នឿយណាយ ឬពុំ​ពេញចិត្ត​នឹង​ការងារ​​សព្វថ្ងៃ​របស់​ពួកគេ​ដែរឬអត់៕

ប្រភព: Business Insider 

Taing Rinith
តាំង រីនិត្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T