សាលាខេត្តសៀមរាប៖ តុល្យការចុងក្រោយនៃហេតុការណ៍រលំសាលាឆាន់ មានជនរងគ្រោះ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់

//s5.kh1.co/15/15b4b02a4b80512ac7aa902a1e7b0091a064a406.jpg
សង្គម

 ០៣-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

(សៀមរាប)៖ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានជួយសង្គ្រោះជនរងគ្រោះចេញពីគំនរប្លង់សេនោះរួចរាល់ហើយ។ តុល្យការចុងក្រោយបានអះអាងថា ជនរងគ្រោះដោយសារការបាក់ប្លង់សេនេះ មានចំនួន ១៦អង្គ/នាក់ ក្នុងនោះរងរបួសធ្ងន់៣នាក់, រងរបួសស្រាលចំនួន១០អង្គ/នាក់ និងស្លាប់៣នាក់ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាប បានអះអាងថា គិតត្រឹមម៉ោង៧យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះ បានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២អង្គ។

ជនរងគ្រោះរងរបួសធ្ងន់មាន៣នាក់ (ជាងសំណង់២នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ១០អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះទាំងអស់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកជនរងគ្រោះ៣នាក់ បានស្លាប់បាត់បង់ជីវិត។

តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះនៅក្រោមគំនរប្លង់សេនោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រុមការងារជួយសង្គ្រោះដឹកនាំបញ្ជាផ្ទាល់ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តកាយគំនរសំណង់នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង។

របាយការណ៍បានបង្ហាញដែរថា ក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយសារការបាក់ប្លង់សេសាលាឆាន់នេះ មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់។ ប្រើរថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង។

ប្រើគ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿងនិងអាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្តអគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង និងរៀបចំភ្លើងបំភ្លឺសម្រាប់ប្រតិបត្តិការពេលយប់ផងដែរ៕

https://s5.kh1.co/__image/w=650,h=488,q=100/31/316788d2c6437f2ac9707376de0042c249cd3686.jpg
https://s5.kh1.co/__image/w=650,h=488,q=100/ea/eaae182cabb12a7a46e5589eb5fcf4067878e620.jpg
https://s5.kh1.co/__image/w=650,h=305,q=100/6b/6ba6806b7233d59b0ce2111aaa76fab89298c1bc.jpg
https://s5.kh1.co/__image/w=650,h=305,q=100/62/6210473ad8166e937a4f1990365672ce0f335c4c.jpg
https://s5.kh1.co/__image/w=650,h=942,q=100/74/74b5f42a0007382f1da26ea8c6ee737ce3cb4e64.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T