ភ្នំពេញ៖ កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា និងជប៉ុន ភាគីទាំងពីរបានប្រកាសបើកកម្មវិធីតាំងពិព័រណ៌ ខ្មែរ-ជប៉ុន ឬ Japan Festival Cambodia 2019 លើកដំបូងនៅផ្សាររាត្រី ខណៈវិនិយោគិនកម្ពុជាបានដាក់ក្ដីរំពឹងក្រោយពិព័រណ៌នេះ នឹងកៀងគរវិនិយោគិនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកកម្មវិធីតាំងពិព័រណ៍ ខ្មែរ-ជប៉ុន នៅផ្សាររាត្រីរាជធានីភ្នំពេញ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា រួមទាំងលោក ឈួន រ៉េនឌី នាយកប្រតិបត្តិក្រុមហ៊ុន Entrepreneurs KH និងលោក Daiki Homa នាយកប្រតិបត្តិក្រុមហ៊ុន Trust & True Global Link ដែលបានចាប់ដៃគ្នា រៀបចំការតាំងពិព័រណ៍នេះផងដែរ។

លោក ឈួន រ៉េនឌី ដែលដឹកនាំកម្មវិធីនេះឡើងបានបញ្ជាក់ថា៖
«ការតាំងពិព័រណ៍ ខ្មែរ-ជប៉ុន នេះ គឺមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ដោយមាន ១៤ក្រុមហ៊ុនចូលរួម»។
លោកបានបន្ថែមទៀតថា៖
«ពិព័រណ៍នេះ គឺផ្ដោតសំខាន់លើការផ្លាស់ប្ដូរវប្បធម៌រវាង កម្ពុជា-ជប៉ុន ពិសេសគឺការបើកភ្លើងខៀវ និងទាក់ទាញវិនិយោគិនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម ក៏ដូចជាអំពាវនាវដល់វិនិយោគិនកម្ពុជា ក្នុងត្រៀមស្វាគមន៍វិនិយោគិនជប៉ុនផងដែរ»។

ជាមួយគ្នានោះលោក Daiki Homa បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាឱកាសវិនិយោគលើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យជាដើម ។
ដូច្នេះតាមរយៈការរៀបចំពិព័រណ៍នេះ លោកថា មិនត្រឹមតែបង្ហាញពីការរឹតចំណងមិត្តភាពដ៏ជិតស្និតរវាង កម្ពុជា-ជប៉ុន នោះទេ ថែមទាំងផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា សម្រាប់វិនិយោគិនបរទេសទៀតផង ពិសេសវិនិយោគិនជប៉ុនតែម្ដង ៕






