ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំទីបីនៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា ត្រូវបានប្រសិទ្ធនាមជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ២០១៩ នៅកម្ពុជា ដោយទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker របស់ Financial Times Group (ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស)។ ពានរង្វាន់ត្រូវបានផ្តល់ជូនដល់ធនាគារ ABA ក្នុងអំឡុងពេលប្រារព្ធពិធីប្រចាំឆ្នាំនៅក្នុងទីក្រុងឡុងដ៍ ដែលចូលរួមដោយនាយកប្រតិបត្តិធនាគារល្បីៗជាច្រើននៅទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគណៈវិនិច្ឆ័យបានកោតសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្ររបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា ភាពរីកចម្រើនរបស់កម្មវិធីទូរស័ព្ទ ABA Mobile និងការផ្តល់ជូននូវមុខងារងាយស្រួលប្រើជាច្រើនដូចជា ការបង្កើតកាតនិម្មិតនៅក្នុងកម្មវិធីទូរស័ព្ទ ការផ្ញើប្រាក់សម្រាប់ដកតាមម៉ាស៊ីន ATM និងសេវាផ្សេងៗដោយឥតគិតថ្លៃ ក៏ដូចជាការពង្រីកបណ្តាញសាខាធំទូលាយ និងភាពជោគជ័យផ្នែកប្រព័ន្ធទូទាត់ប្រាក់ សម្រាប់អាជីវកម្មអនឡាញ PayWay របស់ខ្លួននៅក្នុងទីផ្សារ។

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានអនុសាសន៍នៅក្នុងឱកាសនេះថា៖
«ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ABA ច្បាស់ណាស់ បានក្លាយជាធនាគារឈានមុខគេនៅក្នុងទីផ្សារ ដោយសារយើងប្រើយុទ្ធសាស្ត្រផ្តោតលើអតិថិជនជាអាទិភាព និងឈានចូលទៅក្នុងវិស័យធនាគារតាមទូរស័ព្ទមុនគេ។ ធនាគារបានវិនិយោគច្រើនទៅលើបច្ចេកវិទ្យាថ្មីៗ ប្រកាន់ភ្ជាប់យុទ្ធសាស្ត្រឆ្លើយតបរហ័ស ហើយជាលទ្ធផល សម្រេចបាននូវលទ្ធផលយ៉ាងល្អនៅក្នុងវិស័យឌីជីថលហិរញ្ញវត្ថុ។ ឧត្តមភាពផ្នែកឌីជីថលរបស់យើង ត្រូវបានដំណើរការបានយ៉ាងល្អ ជាមួយនឹងយុទ្ធសាស្ត្រផ្តល់ឥណទានមានផលិតភាពទៅដល់អាជីវកម្មតូចៗ និងសហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងវិស័យសេដ្ឋកិច្ចជាក់ស្តែង»។
លោកបានបន្ថែមទៀតថា៖
«វាជាកិត្តិយសណាស់ ដែលយើងត្រូវបានទទួលស្គាល់ពីទស្សនាវដ្ដីហិរញ្ញវត្ថុដ៏គួរឲ្យគោរពបំផុតមួយ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើង សម្រាប់ការជឿជាក់របស់ពួកគេ និងក្រុមការងារសម្រាប់ការតាំងចិត្ត ដើម្បីសម្រេចបានភាពជោគជ័យនេះ។»
នៅក្នុងសំណេរអំពីពានរង្វាន់សម្រាប់ឆ្នាំនេះ ការីនិពន្ធរបស់ The Banker បានមានប្រសាសន៍ថា៖
«ធនាគារ ABA បានអនុវត្តកម្មវិធីពង្រីកបណ្តាញ ដើម្បីនាំយកនូវផលិតផលនិងសេវារបស់ធនាគារ ទៅជិតអតិថិជននៅទូទាំងប្រទេសកម្ពុជា។ ការពង្រីកវិសាលភាពមិនសំដៅតែលើវត្តមានរបស់ធនាគារប៉ុណ្ណោះទេ គឺថែមទាំងវិសាលភាពធំទូលាយផ្នែកបណ្តាញឌីជីថលផងដែរ។ កម្មវិធី ABA Mobile របស់ធនាគារ បានរីកលូតលាស់យ៉ាងខ្លាំងក្នុងអំឡុងឆ្នាំនេះ ដែលរួមមានការពង្រីកកាតនិម្មិត ដោយអនុញ្ញាតឲ្យអតិថិជនអាចបង្កើតកាតនិម្មិត បានរហូតដល់ទៅ ១០កាត សម្រាប់ប្រើប្រាស់ និងការទូទាត់អនឡាញផ្សេងៗ។ ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាសប្រាក់ ធនាគារក៏បានពង្រីកអានុភាព PayWay របស់ខ្លួនសម្រាប់វិស័យអាជីវកម្មអនឡាញផងដែរ»។
ពានរង្វាន់ «ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ ២០១៩» គឺបន្ថែមពីលើពានរង្វាន់កំពូលពីរទៀត ដែលធនាគារ ABA បានទទួលពីទស្សនាវដ្ដី The Banker កាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០១៦។ ធនាគារក៏បានទទួលពានរង្វាន់ «ធនាគារឆ្នើមបំផុតនៅកម្ពុជា» ប្រាំឆ្នាំជាប់គ្នា ពីទស្សនាវដ្តី Global Finance និងពានរង្វាន់ «ធនាគារឆ្នើមបំផុតនៅកម្ពុជា» ប្រាំមួយឆ្នាំជាប់គ្នាពីទស្សនាវដ្តី Euromoney។
ធនាគារ ABA មានទ្រព្យសកម្មសរុបចំនួន ៤.១១ ប៊ីលានដុល្លារ (គិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩) ហើយបច្ចុប្បន្នផ្តល់សេវាជូនដល់អតិថិជនជាង ៧០០,០០០ នាក់ តាមរយៈបណ្តាញសាខាចំនួន ៧៤សាខា កន្លែងស្វ័យសេវាធនាគារជាង ៥៥០កន្លែង និងប្រព័ន្ធធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទឈានមុខជាច្រើនទៀត៕