ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត?

//s5.kh1.co/48/485ea0485a450c301564a1b3bba6ec17b337ede4.jpg
នារី

 ៣០-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រជាជន​ខ្មែរ​យើង​ជាច្រើន​តែង​និយាយ និង​អនុវត្ត​ត​គ្នា​ពីជំនឿនៃ​ការ​ញ៉ាំ​ពង​ក្ងាន ថា​អាច​ជួយ​ឲ្យ​កូន​មាន​ភាព​ឆ្លាតវៃ​បាន ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ស្រីៗ​មានផ្ទៃពោះ​ចាប់ផ្ដើម​ញ៉ាំពង​មួយ​ប្រភេទទៀត គឺ​ពង​អូទ្រីសនាំចូល​ពីបរទេស។ តើ​ជំនឿ​នោះ​ពិត ឬ​យ៉ាង​ណា? ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ លោក​វេជ្ជបណ្ឌិត គាន់ អូន នឹង​បកស្រាយ​ដូច​ខាងក្រោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពពួក​ស៊ុត ​មិន​ថា​ពង​មាន់ ទា ក្ងាន អ្វី​ទេសុទ្ធតែ​ល្អ និង​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ដែល​ស្ត្រី​ចាំបាច់​ត្រូវការ​ទៅ​ចិញ្ចឹម​សរីរាង្គ។ ក្រៅពី​ប្រូតេអ៊ីន ស៊ុត​ក៏​សម្បូរ​ជាតិ​កូលីន​ដែល​ជួយ​ទ្រទ្រង់​សុខភាពម្តាយ និង​ការ​វិវត្ត​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​គ្រូពេទ្យ​តែងតែ​ណែនាំ​ម៉ាក់​ៗ​ឲ្យ​ញ៉ាំ​ស៊ុត​ឆ្អិន ហើយ​ស៊ុត​ឆៅ​គួរ​ចៀសវាង ព្រោះ​អាច​មាន​មេរោគ​មួយ​ចំនួន​ប៉ះពាល់​​ទាំង​ម៉ាក់ និង​កូន។

ងាក​មក​ប្រធានបទ​ពេញ​និយម​សម្រាប់​ម៉ាក់​ៗថា ​ការ​ញ៉ាំ​ពង​ក្ងាន អូទ្រីស កូន​ឆ្លាត​នោះ លោក​សូម​បដិសេធ ដោយ​លើក​ឡើង​ថា ស៊ុត​ទាំងអស់​សុទ្ធតែ​មានអត្ថប្រយោជន៍ដូច​គ្នា គ្រាន់តែ​ពង​មាន់ ពងទា វា​តូច​ជាង និងមាន​តម្លៃ​ថោក ហើយ​បើពង​អូទ្រីស​ជា​របស់​កម្រ។ បន្ថែម​ពី​នោះ​លោក​បាន​លើក​ឧទាហរណ៍​អ្នក​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​ញ៉ាំ​តែ​ពង​គ្រួច កូន​ក៏​នៅ​តែ​ឆ្លាត​នោះ បែប​នេះ​មកពី​អី​វិញ ពោល​គឺ​ញ៉ាំ​ពង​សត្វអ្វី​ក៏​ល្អ​ដូចគ្នា​។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ការ​និយម​ញ៉ាំ​ពង​ក្ងាន ពង​អូទ្រីស ​សម្រាប់​គ្រួសារ​ទំនើប​ស៊ីវិល័យ ឬ​កូន​អ្នក​មាន​ៗ​ប៉ុណ្ណោះ ហើយ​គុណ​សម្បត្តិ​វា​មិន​ខុស​ពី​ពង​មាន់ ទា ក្រួច អ្វី​នោះ​ទេ តែ​បើ​យើង​ចង់​ប្លែក និង​មាន​ថវិកា​ញ៉ាំ​ក៏​មិន​ខុស​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T