ព្យុះត្រូពិចមួយកំពុងសំដៅទៅប្រទេសហ្វីលីពីន ខណៈប្រទេសនេះជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមផង

//s5.kh1.co/cb/cb00e6de4edf165044012b4dafcab214f3bd8baf.jpg
សង្គម

 ២៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ព្យុះត្រូពិចមួយដែលមានឈ្មោះថា Kammuri ដែលស្ថិតនៅចម្ងាយ ១,៩៥០គីឡូម៉ែត្រពីភាគខាងកើតកោះ Visayas នៃប្រទេសហ្វីលីពីន និងមានល្បឿនខ្យល់ពី ៨៥ ទៅ ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង នឹងឆ្ពោះសំដៅទៅកាន់ប្រទេសហ្វីលីពីន​ នេះបើយោងតាមការិយាល័យឧតុនិយមរបស់រដ្ឋនៃប្រទេសហ្វីលីពីននៅថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្យុះនេះនឹងត្រូវប្ដូរឈ្មោះទៅជា Tisoy នៅពេលវាមកដល់ប្រទេសហ្វីលីពីនក្នុងសប្ដាហ៍នេះដែលជាពេលត្រូវបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣០។ ព្យុះនេះជាព្យុះទី២០នៅក្នុងឆ្នាំនេះដែលនឹងត្រូវបានព្យាករណ៍ថានឹងមានកម្លាំងកាន់តែខ្លាំង ពេលមកដល់ភាគខាងកើតកោះ Visayas និង Bicol នេះបើតាមសម្ដីរបស់អ្នកព្យាការណ៍អាកាសធាតុ។

ព្យុះ Kammuri​ មើលពីផ្កាយរណប
ព្យុះ Kammuri​ មើលពីផ្កាយរណប

នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ មានទីលានប្រកួតចំនួន ៥៦នៅទីក្រុងម៉ានីល និងផ្សេងទៀតនៅលើកោះ Luzon ដែលមានខេត្តដូចជា Tarlac, Zambales, Laguna និង Cavite ហើយនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ។

ចំណែកអ្នករៀបចំព្រឹត្តិការណ៍កីឡានេះកំពុងដោះស្រាយបញ្ហាធ្វើដំណើរ ទីកន្លែងស្នាក់នៅ និងអាហារហូបចុកដើម្បីទទួលស្វាគមន៍អត្តពលិកទាំងឡាយ។ នៅតំបន់ និងខេត្តមួយចំនួនក្នុងប្រទេសហ្វីលីពីនអាចនឹងមានពពកក្រាស់ និងផ្គររន្ទះនៅថ្ងៃពុធ។ ភ្លៀងខ្សោយនឹងបង្អុរនៅតំបន់និងខេត្តមួយចំនួនដូចជា Cordillera, Cagayan Valley, Bicol Region,  Aurora និង Quezon ហើយនៅទីក្រុងម៉ានីលមានអាកាសធាតុជាធម្មតា និងតំបន់ផ្សេងទៀតនៃប្រទេសអាចនឹងទទួលឥទ្ធិពលភ្លៀង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T