តើ​កំហុស​អ្វីខ្លះ ដែល​យុវជនច្រើនមាននៅ​ពេលឈានចូលភាពពេញវ័យ?

//s5.kh1.co/0e/0e9943d819571b879f0c21df825cede95f447b8e.jpg
យល់ដឹង

 ២១-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កំហុស​មួយ​ចំនួន​​ដែល​មនុស្ស​ជា​ច្រើន​​បាន​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន​នៅ​តំណាក់កាល​ដំបូង​ដែល​គេ​បាន​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ ដែល​អាច​នឹង​ធ្វើ​ឲ្យ​គេ​មាន​ការ​ស្តាយ​ក្រោយ​ក្នុង​ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មិន​ខ្វល់​ពី​សុខភាព

មាន​មនុស្ស​វ័យ​ក្មេងជា​ច្រើន​ដែល​ចូលចិត្ត​​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ពីសុខភាព។ នេះ​ក៏​ប្រហែល​ជា​ដោយសារ​រាងកាយ​របស់​ពួកគេ​នៅ​រឹង​មាំ​នៅឡើយ។ មនុស្សវ័យ​ក្មេង​មួយ​ចំនួន​ខិតខំរៀ​ន ឬ ធ្វើការ​រហូត​ភ្លេចបាយទឹក ឬគេងឲ្យ​បាន​គ្រប់​គ្រាន់ ហើយ​មួយចំនួន​ទៀត​ចូលចិត្ត​ផឹកស្រា​ក្នុង​បរិមាណមួយ​យ៉ាងច្រើន និងទទួលទាន​ចំណី​អាហារ​ដែល​មិនល្អ​សម្រាប់​សុខភាព។

ទង្វើ​បែប​នេះ អាច​នឹង​មិន​ផ្តល់​ផល​អាក្រក់នៅ​ពេល​នេះ តែ​នៅ​ពេល​វ័យ​របស់​អ្នក​កាន់​តែ​ចាស់ទៅ សុខភាព​របស់​អ្នក​នឹង​ចាប់​ផ្តើម​ចុះ​ទ្រុឌទ្រោម​យ៉ាងលឿន​ជាទី​បំផុត។ អ្នក​ត្រូវ​ចាំថា មនុស្ស​យើ​ង​មិន​មែន​រស់​នៅត្រឹម ២០ ៣០​ឆ្នាំឡើយ ដូចនេះ​ហើយ​ អ្នក​ត្រូវ​ថែរក្សា​សុខភាព​អ្នក​ឲ្យ​បាន​ល្អ។ នៅ​ពេល​ដែល​ជម្ងឺ​ដង្កាត់​ផ្សេងៗ​ចូលមក​ញាំញី​រូបរាងកាយ​អ្នក​ហើយ មិន​ថា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើនយ៉ាងណា ក៏​មិន​អាច​មាន​សុភមង្គល​បាន​ដែរ៕

២. ការ​យល់​ថា​ឲ្យ​តែ​រៀន​ពូកែ​ គឺ​គ្រប់​គ្រាន់​ហើយ

នេះ​គឺជា​ការ​យល់​ខុស​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដែល​មនុស្ស​ជា​ច្រើន​មាន។ ថ្វី​ត្បិត​តែ​បញ្ញា​វៀងវៃ ទេពកោសល្យ​ពី​ធម្មជាតិ និង​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ​ល្អៗ​ពិត​ជា​មាន​សារសំខាន់ របស់​ទាំង​នេះ​មិន​អាច​ធានា​បាន​ទេ​​ថា អ្នក​នឹង​ទទួល​បាន​ការងារ​ដ៏​ល្អ​ប្រសើរ ឬក្លាយ​ជា​អ្នក​ជំនួញ​ដ៏​ប៉ិន​ប្រសប់​។ អ្នក​ដែល​រៀន​ពូកែ មិន​ប្រាកដ​ថា​ប៉ិន​ប្រសព្វ​ក្នុង​ការ​ធ្វើ​ការងារ​នោះ​ទេ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ បញ្ញា ទេព​កោសល្យ និង​សញ្ញាប័ត្រ មិន​អាច​ប្រៀប​ផ្ទឹម​បាន​ជាមួយ​នឹង​បទ​ពិសោធន៍ និង​សេចក្តី​ឧស្សាហ៍​ព្យាយាម​បាន​នោះ​ឡើយ។​

៣. ការ​ឲ្យ​អ្នក​ដទៃ​ជ្រើស​រើស​គោល​ដៅ​ឲ្យ

ស្រប​ពេល​ដែល​អ្នក​កំពុង​តែ​ឈាន​ទៅ​រក​ការ​ពេញវ័យ អ្នក​ត្រូវ​សម្រេច​ជ្រើស​រើស​​យក​គោល​ដៅ​សម្រាប់​ជីវិត​របស់​អ្នក។ តើ​អ្នក​គួរ​រៀន​អ្វី? ចាប់​យក​មុខ​របរ​អ្វី? រៀប​ការ​ជាមួយ​នរណា​គេ? ចម្លើយ​នៃ​សំនួរ​ទាំង​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ជីវិត​របស់​អ្នក។ ក៏​ប៉ុន្តែ​មាន​យុវវ័យ​មួយ​ចំនួនបែរ​ជា​ឲ្យ​អ្នកដទៃ មាន​គ្រួសារ និង​ឳពុក​ម្តាយ​ជា​ដើម ឆ្លើយ​សំនួរ​ទាំង​នេះ​ជំនួស​ពួកគេ​ទៅ​វិញ។ នេះ​គឺជា​កំហុស​ដ៏​ធំ​មែន​ទែន​ក្នុង​ជីវិត។ មាន​តែ​ខ្លួន​អ្នក​ទេ​ដែល​ដឹង​ថា​ ខ្លួន​ឯង​ស្រលាញ់​អ្វី និង​ចង់​បាន​អ្វី​។ ប្រសិន​ជា​អ្នក​ឲ្យ​អ្នក​ដទៃ​មក​ធ្វើការ​សម្រេច​ចិត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក វា​មិន​ខុស​ពី​ខ្ចី​ខ្លួន​គេ​មក​វាស់​កាត់​អាវ​ដើម្បី​ពាក់​ខ្លួន​ឯង​នោះ​ឡើយ។ មិន​យូរ​មិន​ឆាប់ អ្នក​ប្រាកដ​ជាស្តាយ​ក្រោយ​ជាក់​ជាមិន​ខាន។

៤. ការ​មិន​មាន​ការ​អត់​ធ្មត់

មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន​​រមែង​តែ​ខ្វះ​សេចក្តី​អត់​ធ្មត់ និង​មាន​អារម្មណ៍​ឆេវឆាវ។ នេះ​គឺ​ជា​មូលហេតុ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បរាជ័យ នៅ​ពេល​ដែល​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ ប្រសិន​ជា​គេ​មិន​បាន​កែ​ប្រែ​វា​ទាន់​ពេល​វេលា។ គ្រប់​ជោគជ័យ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​ពេលវេលា​របស់​វា ដូច្នេះ​អ្នក​មិន​អាច​ចេះ​តែ​បង្ខំ​ខ្លួន​ពេលវេលា​បាន​ឡើយ។

៥. ការ​ចុះ​ញម​ចំពោះ​ភាព​បរាជ័យ

លោក Jack Ma ដែលជា​មហាសេដ្ឋី​ម្នាក់​ប្រចាំ​ប្រទេស​ចិន​ធ្លាប់​ប្រលង​ចូល​មហាវិទ្យាល័យ​ធ្លាក់​បី​ឆ្នាំ​ជាប់គ្នា ឯ​ចំណេក​លោក Steve Job ក៏​ធ្លាប់​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ក្រុមហ៊ុន​ដែល​ខ្លួន​ឯង​បាន​ចូលរួម​បង្កើតឡើង។ បើសិនជា លោក​ទាំង​ពីរ​បាន​ចុះចាញ់​នៅ​ពេល​នោះ តើ​អ្នកគិតថា​ពួកគាត់​អាច​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត​ដែរ​ឬ​ទេ? ពិត​ណាស់ គ្មាន​នរណា​ដែល​ចង់ទទួល​បាន​ភាព​បរាជ័យ​នោះ​ទេ ប៉ុន្តែពេល​ខ្លះ យើង​មិន​អាច​គេចចេញ​ពី​វាបាន។ សំខាន់បំ​ផុត អ្នក​មិន​ត្រូវ​ចុះ​ចាញ់​វា​ភ្លាមៗ នោះ​ឡើយ។ ភាព​បរាជ័យ​ក្នុង​វ័យ​ក្មេង មិន​ជា​ធ្ងន់​ធ្ងរ​ណាស់​ណា​នោះ​ឡើយ ព្រោះ​អ្នក​នៅ​មាន​ពេល​វេលា​ច្រើន​សម្រាប់​កែ​ប្រែវា ហើយ​ចាត់​ទុក​ភាព​បរាជ័យ​នោះ​ជា​បទ​ពិសោធន៍។

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T