ចាស់ៗ​ពី​ដើម​តែង​តែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រាប់​ជីរ ជា​ពិសេស​ពេល​ជិត​សម្រាល ដោយ​សម្អាង​ថា គ្រាប់​ជីរ​រីក​ទៅ​រអិល ពេល​ញ៉ាំ​ទៅ​ងាយ​ស្រួល​នឹង​កើត​កូន មិន​ឈឺ​ពោះ​យូរ។ តើ​ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ពិត​ជា​ស្រួល​កើត​កូន​មែន ឬ​យ៉ាង​ណា? ហើយ​ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​សុវត្ថិភាព​អត់?

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បកស្រាយ​ថា ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​ល្អ ឬ​មិន​ល្អ មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​ចាស់ៗ​មាន​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ​ថា ម្តាយ​ដែល​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ដល់​ពេល​សម្រាល ឈឺ​ពោះ​លឿន​ងាយ​នឹង​កើត​កូន។

តែ​ជា​បទ​ពិសោធន៍​ជាក់​ស្តែង​វិញ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា រូប​នេះ​រៀបរាប់​ថា ស្ត្រី​ដែល​ញ៉ាំ​គ្រាប់​ជីរ​​ពេល​ពពោះ ដល់​ពេល​សម្រាល​ច្រើន​តែ​ស្បូន​ទន់ កន្ត្រាក់​មិន​បាន​ល្អ ធ្វើ​ឲ្យ​ពិបាក​សម្រាល​កូន​ទៅ​វិញ។

ទោះ​យ៉ាងណា​លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា កូន​កើត​ស្រួល ឬ​ពិបាក អាស្រ័យ​ទៅ​លើ​ទម្រង់​រាងកាយស្ត្រី​មាន​ផ្ទៃពោះ ទំហំ​ក្បាល​កូន ទំហំ​អាង​ត្រគាក​ម៉ាក់ៗ និង​ការ​ធ្វើ​សកម្មភាពរាង​កាយ​ផ្សេងៗ​ជាដើម មិន​មែន​ពាក់​នឹង​ការ​ញ៉ាំ​ពពួក​គ្រាប់ជីរ ល្ង ដូងទុំ ឬ​ថ្នាំ​ខ្មែរ​អី​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​បើ​កូន​ថ្លោស​ខ្លាំង​ក៏​ពិបាក​កើត​តាម​ធម្មជាតិ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]