ភ្នំពេញ៖ ទើបតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN បានប្រមាណជាងពីរសប្តាហ៍ប៉ុណ្ណោះ ឃើញថាមានទស្សនិកជនជាច្រើន សម្តែងការគាំទ្រគួរឱ្យកត់សម្គាល់ ជាក់ស្តែងឈុតមួយក្នុងរឿងនេះមានអ្នកទស្សនារហូតដល់ជិត២លានដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


រឿងភាគ «កំណត់ត្រាស្នេហ៍» ជាវណ្ណកម្មភាពយន្តភាគបែបថ្មីមួយ ដែលសហការផលិតរវាង ផលិតកម្មរាហ៊ូ និង CTN ។ ភាពយន្តនេះជាភាពយន្តបង្ហាញអំពី ជីវិតស្នេហា និងគ្រួសារ ទំនាស់រវាងផ្នត់គំនិតសម័យមុន និងសម័យបច្ចុប្បន្ន ការស្រឡាញ់ដ៏ជ្រាវជ្រៅ និងគំនៀបរបស់ម្តាយចំពោះស្នេហារបស់កូន តាមរយៈដំណើរដើមទងរឿងរ៉ាវប្រវត្តិស្នេហារបស់យុវវ័យប្រាំនាក់ ដែលជំពាក់វាក់វិនជាមួយគ្នា ។
លោក ជុំ សុភា ដែលជាផលិតករ និងអ្នកដឹកនាំរឿងនៃផលិតកម្មរាហ៊ូ បានឲ្យដឹងថា ផលិតករក៏ដូចជាក្រុមអ្នកនិពន្ធ បានសម្រេចយកផ្នត់គំនិតសាច់រឿងប្រលោមលោកអក្សរសិល្ប៍ “ផ្កាស្រពោន” មកធ្វើការប្រៀបធៀបនឹងផ្នត់គំនិតសម័យបច្ចុប្បន្ន ដើម្បីបង្ហាញពីផ្ទៃរឿងទាំងមូល។ លោកបានបន្ថែមយ៉ាងដូច្នេះថា៖
«សម្រាប់រឿងភាគ “កំណត់ត្រាស្នេហ៍” នេះ ពិតជាពិសេសដោយសារសាច់រឿងប្រទាក់ក្រឡាគ្នាគួរឲ្យចាប់អារម្មណ៍ រវាងជិវិតបែបយុវវ័យនាពេលបច្ចុប្បន្ន និងអតីតកាល។ តួអង្គនីមួយៗ មានបុគ្គលិកលក្ខណៈទំនើបនិយម ចូលចិត្តសេរីភាព មានគំនិតម្ចាស់ការ ព្រមទាំងមានសេចក្តីតស៊ូព្យាយាមយកអ្វីដែលខ្លូនចង់បានខុសពីរឿង «ផ្កាស្រពោន» ដែលតួអង្គមិនសូវហ៊ានពុះពារដើម្បីអ្វីដែលខ្លួនចង់បានឡើយ»។
លោក ជុំ សុភា បានសម្តែងការអរគុណចំពោះទស្សនិកជន ដែលបានគាំទ្ររឿងភាគ «កំណត់ត្រាស្នេហ៍» ហើយបានបង្ហើបប្រាប់ថា ក្នុងសប្តាហ៍នេះនឹងមានឈុតឆាកកាន់តែគួរឱ្យចាប់អារម្មណ៍ ទាក់ទាញបន្ថែមទៀត។ សូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។

សូមបញ្ចាក់ថា រឿងភាគ “កំណត់ត្រាស្នេហ៍” ជារឿងភាគដែលយកសម្លេងដោយផ្ទាល់ មិនមានការបញ្ចូលសម្លេងទេ ហើយរឿងនេះកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ចាប់ពីម៉ោង៧យប់។ រឿងនេះមានការចូលរួមសម្តែងពីតារាល្បីៗមួយចំនួនដូចជា លោក ប៉ែន ភក្រ័សុធារិទ្ធ កញ្ញា ស៊ិន សក្តដា លោក សុខ សាន់នី កញ្ញា យ៉ានិច កញ្ញា ជិន ជិន កញ្ញា ម៉េប៊ី អ្នកស្រី ចាន់ តារាទី លោក ជា សំណាង និងកញ្ញា ជាតិ សុច្ចកា ព្រមទាំងតារាល្បីៗជាច្រើនរូបទៀតផងដែរ៕






