រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ!

//s5.kh1.co/d2/d25a868ae1fe00b30755950cd48734c1b22f6a46.jpg
នារី

 ១៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រៀប​ការ​យូរ​ហើយ នៅ​តែ​គ្មាន​អូនៗ​នឹង​គេ មាន​អារម្មណ៍​ឯកា​ណាស់ ក៏​​មិន​ដឹង​មក​ពី​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ គ្នា​យើង​ខ្លះ ដឹក​ដៃ​ប្តី​ប្រពន្ធ​ទៅ​សួរ​ពេទ្យ ពិនិត្យ​ហើយ​ពេទ្យ​ថា “ធម្មតា​ទេ” តែ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន។ ដឹង​អត់ រឿង​អត់​កូន ក៏​អាច​ដោយ​សារ​តែរបប​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃហ្នឹង​ឯង ធ្វើ​ឲ្យ​មិន​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​ថ្មី​របស់​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ នៃ​សាកល​វិទ្យា​ល័យ Harvard បង្ហាញ​ថា​ របប​អាហារ និង​ការ​មាន​ផ្ទៃ​ពោះ គឺ​ជាប់​ទាក់​ទង​គ្នា។ ហើយ​បើ​យើង​ដឹង​ច្បាស់​ពី​របប​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ អាច​ជួយ​ឲ្យ​មេជីវិត​ញី មាន​សុខ​ភាព​ល្អ ងាយ​បង្ក​កំណើត។

១- ពពួក​អាហារ​សម្បូរ​កាបូ​អ៊ីដ្រាត

គួរ​ញ៉ាំ​អាហារ​ចម្រុះ​សម្បូរ​កាបូដអ៊ីដ្រាតឲ្យ​បាន​ច្រើន និង​ដាច់​ខាត​ ព្យាយាម​កាត់​បន្ថយ​អាហារ​ណា​មាន​កាបូអ៊ីដ្រាត​កែច្នៃ ព្រោះ​រាងកាយ​យើង អាច​កិន​រំលាយ​យ៉ាង​រហ័ស​នូវ​ពពួក​កាបូអ៊ីដ្រាត​មិន​ល្អ ដូចជា នំ Cookies នំបុ័ងស នំ នឹងបំប្លែង​ទៅ​ជា​ស្ករ​ក្នុង​ឈាម​យ៉ាង​គំហុក។ លំពែង មាន​នាទី​បង្កើត ​អាំងស៊ុយលីន ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ដើម្បី​កាត់​បន្ថយ​កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ថយ​ចុះ​មក​ប្រក្រតី។ ការ​សិក្សាបង្ហាញ​ថា កំណើន​​អាំងស៊ុយលីន​ក្នុង​ឈាម​ខ្ពស់ពេក អាច​រារាំង​ការទុំជ្រុះ​មេជីវិត​ញី។ ដោយ​ឡែកសម្រាប់​កាបូអ៊ីដ្រាត​ល្អ ដូចជា ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​សម្រូប អាហារ​មាន​ជាតិ​កាក​សរសៃ រាងកាយ​នឹង​កិន​រំលាយ​យឺតៗ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ប៉ុណ្ណោះ ទៅ​លើ​កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម និង​អាំងស៊ុយលីន។

២- ខ្លាញ់មិនឆ្អែត

មិន​គួរ​ញ៉ាំ​ខ្លាញ់​ឆ្អែត (Trans fats) ច្រើន​ពេក​ទេ គួរ​ងាក​មក​ញ៉ាំ​ខ្លាញ់​មិន​ឆ្អែត​ឲ្យ​បាន​កាន់​តែ​ច្រើន កាន់​តែ​ល្អ ដើម្បី​ជួយ​សុខភាព​យើង។ អាហារ ដូចជា នំ​កញ្ចប់ ចៀន បំពង ផលិត​ផល​សាច់​សត្វ សុទ្ធ​សឹង​សម្បូរ​ខ្លាញ់​ឆ្អែត (Trans fats) អាច​បង្កើន​ភាព​ស៊ាំ​ទៅ​នឹង​អាំងស៊ុយលីន។ ដោយ​សារ​​អាំងស៊ុយលីន មាន​នាទី​​បំប្លែង​ជាតិ​ស្ករក្នុង​ឈាម ​ទៅ​ជា​គ្លុយកូស ដើម្បី​ចិញ្ចឹម​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយ ហេតុ​នេះ​ បញ្ហា​ស៊ាំជាមួយ​​អាំងស៊ុយលីន ធ្វើ​ឲ្យ​គ្លុយកូស ពិ​បាក​ផ្លាស់​ចេញ​ពី​ចរន្ត​ឈាម​ទៅ​ក្នុង​កោសិកា​បាន ក៏​ជា​មូល​ហេតុ នាំ​ឲ្យ​លំពែង​បន្ត​ផលិត​អាំងស៊ុយលីន​ជាប់ និង​កើន​ឡើងកាន់តែ​​ខ្ពស់​ក្នុង​ឈាម រំខាន​មេតាបូលីស បង្ក​ជា​ផល​ប៉ះពាល់​ការ​ទុំ​ជ្រុះ​មេ​ជីវិត​ញី​តែ​ម្តង។

៣- ប្រូតេអ៊ីន

គួរ​ញ៉ាំ​ប្រូតេអ៊ីន​ពី​រុក្ខជាតិ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ផ្តល់​សុខភាព​ល្អ និង​កាឡូរី​ទាប។ ជាង​នេះ​ទៅទៀត ថែម​ទាំង​អាច​ជួយ​យើង​សម្រក​ទម្ងន់​បាន​ទៀត​ផង។ អាច​រក​ប្រូ​តេអ៊ីន​ទាំង​នោះ ពី​គ្រាប់​ធញ្ញ​ជាតិ ដូច​ជា សាច់​ខាង​ក្នុង​គ្រាប់​សណ្តែក​ ជាដើម។ ប្រូតេអ៊ីន​រុក្ខជាតិ ជា​អាហារ​ពេញ​និយម ជាង​អាហារ​ចម្អិត​ពី​សាច់​ក្រហម​ទៅ​ទៀត។

៤- ទឹកដោះមានគ្រប់សមាសធាតុផ្សំ

ស្រីៗ​ចូល​ចិត្ត​ផលិត​ផល​ពី​ទឹកដោះ​មាន​ជាតិ​ខ្លាញ់​ទាប ជា​ធម្មតា​ ជួប​ប្រទះ​ផល​វិបាក​ច្រើន ​​ពាក់​ព័ន្ធ​រឿង​មាន​ផ្ទៃ​ពោះ ជាង​គ្នា​យើង​ញ៉ាំ​ផលិតផល​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ធម្មតា។ អ្នក​ជំនាញ បាន​ណែ​នាំ​ឲ្យ​គ្នា​យើង ញ៉ាំ​អាហារ​ផលិត​ពី​ទឹកដោះ​មាន​ជាតិ​ផ្សំ​គ្រប់​សមាធាតុ ឬ​ជាតិ​ខ្លាញ់​ពេញ​លេញ។ សម្រាប់​អាហារ​ផលិត​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​គួរ​​កាត់​បន្ថយ។

៥- កាហ្វេ​អ៊ីន

ផឹក​កាហ្វេ តែ ក្នុង​កម្រិត​សម​ល្មម​បាន​ហើយ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ភេសជ្ជៈ​មាន​ជាតិ​ស្ករ។ ការ​សិក្សា​បង្ហាញ​ថា កាហ្វេ តែ ២-៣ ពែង មិន​មាន​ឥទ្ធិពល​រារាំង​ការ​ទុំ​ជ្រុះ​មេ​ជីវិត​ញី​ឡើយ។

៦- វីតាមីន​ចម្រុះ

ការ​សិក្សា​របស់​សាកល​វិទ្យា​ល័យ Harvard ធ្វើ​ឡើង​រយៈ​ពេល​ ៨ឆ្នាំ គ្នា​យើង​ញ៉ាំ​វីតាមីន​ចម្រុះ​មាន​ផ្ទុក​អាស៊ីដ​ហ្វូលិក (Folic Acid) ៤០០មិល្លីក្រាម ជា​រៀង​រាល់​ថ្ងៃ ប្រឈម​ទាបជាមួយជំងឺ​អារ​លើ​ស្ត្រី​ ខណៈជាង ៤០% ស្រីៗ​មិន​សូវ​ញ៉ាំ​វីតាមីន​ចម្រុះ តែង​លើក​ឡើង​ពាក់​ព័ន្ធ​បញ្ហា​ពិបាក​ពពោះ​យក​បេប៊ី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T