អ្វីទៅជាជំងឺពកឆ្អឹងលើទារក? ហេតុអីទារកប្រឈមនឹងជំងឺនេះ?

//s4.kh1.co/c6/c604b8c04f47fa6c04bf0a0e6bd88f75d0ce5799.jpg
នារី

 ១៥-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ស្រីៗ​យើង​ប្រហែល​ជា​ធ្លាប់​ឮ​​ជំងឺ​ពក​ឆ្អឹង​ខ្នង​លើ​ទារក តែ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​នេះ​ឡើយ។ ដើម្បី​ជា​ចំណេះ​ដឹង និង​បង្ការ​ទារក​មិន​ឲ្យ​កើត​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ក្រុម​ការងារ Hello គ្រូពេទ្យ បាន​ធ្វើ​បទ​សម្ភាស​លម្អិតជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ មាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អ្វី​ទៅ​ជា​ជំងឺ​ពក​ឆ្អឹង​ខ្នង​លើ​ទារក

សំដៅ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង​របស់​ទារក​ផ្នែក​ខាង​ក្រោយ អាច​របើក​​ឆ្អឹង​ខ្នង ឬ​ពក​ឆ្អឹង​ខ្នង​មួយចំហៀង ឬ​បាត់​ឆ្អឹង​កង​ខ្នង​ទាំង​អស់ ធ្វើ​ឲ្យ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​ក្រៅ ធ្វើឲ្យ​ឆ្អឹង​ខ្នង​មិន​ពេញ​លក្ខណៈ បណ្ដាល​ឲ្យ​ទារក​ពិការ​ភាព ខូច​អវយវៈ​ពី​កំណើត។ ជំងឺ​នេះ​កើត​ឡើង​នៅ​ក្នុង​​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ព្រោះ​ជា​ពេល​ដែល​មាន​​ការ​បង្កើត​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។

២- មូល​ហេតុ​ធ្វើ​ឲ្យ​​ទារក​មាន​​ជំងឺ​ពក​ឆ្អឹង​ខ្នង

មិន​មាន​មូលហេតុ​ច្បាស់​លាស់​នោះ​ដែល​ទារក​កើត​មក​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង តែ​ក្នុង​នោះ​បណ្តាល​មក​ពី​ប្រវត្តិ​គ្រួសារ ឬ​កង្វះ​ជាតិ​អាស៊ីដ​ហ្វូលិក​មុន​ពេល​ពពោះ និង​ពេល​ពពោះ។ ម្យ៉ាង​វិញ​ទៀត ​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​មិន​បាន​ល្អ​​ពេល​ពពោះ​ ក៏ជា​​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​ដែរ។

៣- ធ្វើ​ម៉េច​ទើប​ដឹង​ថា​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង

ទារក​មាន​ជំ​ងឺពក​ឆ្អឹង​កង​ខ្នង ឬ​មិន​មាន អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​អេកូ​នៅ​សប្តាហ៍​ទី១២ នៃ​ការ​ពពោះ​ដោយ​គ្រូពេទ្យ​ជំនាញ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យ​នឹង​ឲ្យ​បញ្ឈប់​គភ៌​តែ​ម្តង។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ និយាយ​ថា នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ព្យាបាល​ទារក​ដែល​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​កូន​កើត​មក​ទើប​វះកាត់​ឆ្អឹង​ខ្នង​បិទ​ឲ្យ​ជិត​វិញ​នោះ​ទេ។

៤- វិធី​បង្ការ​មិន​ឲ្យ​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង

ពេល​ដឹង​មូលហេតុ​នោះ យើង​អាច​បង្ការ​បាន ដោយ​ស្រីៗ​គ្នាយើង​ដែល​មាន​គម្រោង​យក​កូន ត្រូវ​ញ៉ាំ​អាស៊ីដហ្វូលិក​រៀង​រាល់​ថ្ងៃ រយៈពេល​ ៣ ​ខែ​មុន​ពេល​មាន​កូន និង​ពេល​ពពោះ​នៅ ​៣ ​ខែ​ដំបូង ​ប្រសិន​បើ​ដឹង​ថា​ការ​ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់។ កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ពក​ឆ្អឹង អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ទាំង​ម្តាយ​ទាំង​កូន។

បន្ថែម​ពី​នោះ ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ឬ​កំពុង​ពពោះ ត្រូវ​ញ៉ាំ​អាហារ​​មាន​ជាតិហ្វូឡាត ដែល​សម្បូរ​នៅក្នុងស៊ុត ថ្លើមគោ បន្លែ​បៃតង គ្រាប់​សណ្តែក ផ្លែ​ក្រូច ល្ហុង ប៊ើរ ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T