មុនរៀបការ តើអ្នកអាចឆ្លើយនឹងសំណួរទាំងបួននេះហើយឬនៅ?

//s6.kh1.co/2a/2a2850181b19596e3839d897ad1b173709bb04f9.jpg
យល់ដឹង

 ១៣-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ខាង​ក្រោម​នេះ គឺ​ជា​សំណួរ​ដែល​គួរតែ​ឆ្លើយ និង​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​មុន​ពេល​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍ ដែល​ជា​ជំហាន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើ​អ្នក​ដឹង​ក្តី​គ្រប់​គ្រាន់​សម្រាប់​តួនាទី​​ដែល​នឹង​ទទួល​ថ្មី​ហើយ​ឬ​នៅ?

ការ​រៀប​អាពាហ៍​ពិពាហ៍តំ​ណាង​ឲ្យ​ការ​ទទួល​យក​តួនាទី​ជាប្តី ឬ​ប្រពន្ធ​របស់​មនុស្ស​ម្នាក់ៗ ដែល​តួនាទី​នេះ​មិន​មាន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។ ក្នុង​នាម​ជា​ប្តី​និង​មេគ្រួសារ អ្នក​ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ហើយ​ក៏​ត្រូវ​តែ​ប៉ិន​ប្រសព្វ​ក្នុង​រិះរក​ដំណោះ​ស្រាយ​ពេល​ចំពោះ​បញ្ហា​ដែល​នឹង​កើត​មាន​នៅ​ក្នុង​ក្រុម​គ្រួសារ ព្រម​ទាំង​ចេះ​ជួយ​ទុក្ខធុរៈ​ប្រពន្ធ។ ចំណែក​ឯ​នារី​ជា​ប្រពន្ធ​ក៏​ត្រូវ​តែ​ចេះ​រៀប​ចំ​ទុក​ដាក់​ការងារ​ក្នុង​ផ្ទះ គ្រប់គ្រង​លុយ​កាក់ និង​មើល​ថែ​ប្តី​និង​កូន។ ការងារ​ទាំង​នេះ​សុទ្ធតែ​ទាម​ទារ​ភាព​ចាស់​ទុំ និងម៉ឺងម៉ាត់​ម៉តចត់ ដូច្នេះ​មុន​ពេល​រៀបការ​ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មាន​គុណ​សម្បត្តិ​ទាំង​នេះ​សិន។

តើ​អ្នក​បាន​ត្រៀម​ចិត្ត​ចែក​រំលែក​ការ​ស្រលាញ់​ហើយ​ឬនៅ?

បន្ទាប់​ពី​រៀបការ មនុស្ស​ភាគ​ច្រើន​ ជា​ពិសេស​នារី បាន​កាន់​តែ​ឃ្លាត​ចេញ​ឆ្ងាយ​ទៅ​ៗ​ពី​គ្រួសារ។ ប្រាកដ​ណាស់ អ្នក​អាច​នឹង​ចេញ​ទៅ​រស់​នៅ​ផ្ទះ​ផ្សេង​ ឬផ្ទះ​ខាង​ណា​មួយ ជាមួយ​ប្តី​ឬ​ប្រពន្ធ​ម្នាក់ ដូច្នេះ​វាមាន​ន័យ​ថា អ្នក​អាច​នឹង​ត្រូវ​ឃ្លាត​ពី​គ្រួសារ​ដែល​អ្នក​ធ្លាប់​រស់​នៅ​ជាមួយ​តាំង​ពី​តូច។ ម្យ៉ាង​ទៀត អ្នក​នឹង​មិន​មាន​ពេល​សម្រាប់​មើល​ថែ​ពួកគេ​ច្រើន​ដូច​មុន ដោយ​សារ​អ្នក​ត្រូវ​មើល​ថែ ប្តីប្រពន្ធ ឬ​ កូន​របស់​អ្នក។ ក៏​ប៉ុន្តែ ចំណុច​នេះ​មិន​សូវ​ជា​សំខាន់​នោះ​ឡើយ​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​រស់នៅ​បែក​ពី​គ្រួសារ ឬ ធ្លាប់​រស់​នៅ​ដោយ​ឯករាជ្យ។

តើ​អ្នក​មាន​ប្រាក់​គ្រប់​គ្រាន់​ហើយ​ឬនៅ?

បញ្ហា​ថវិការ​ គឺ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​រៀបការ​ និង​បង្កើត​ជា​គ្រួសារ​ថ្មី​មួយ​នៅ​ក្នុង​សង្គម ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព មិន​សូវ​ជា​ធូរធារ។ ជា​ការ​ពិត​ណាស់ ការ​រៀប​ចំ​ពិធី​អាពាហ៍​ពិពាហ៍​ទាម​ទារ​ឲ្យ​យើង​​ចំណាយ​ប្រាក់​ច្រើន ឧទាហរណ៍​ ទៅ​លើ​ខោអាវ និង​រ៉ូប​អាពាហ៍ពិពាហ៍ ការ​ថតរូប​ និង​ពិធី​ជប់​លៀង​អាហារ។ ក៏​ប៉ុន្តែ អ្នក​គួរ​តែ​មើល​ឃើញ​ឲ្យ​ឆ្ងាយ​ពី​នេះ។ បន្ទាប់​ពី​រៀប​ការ អ្នក​ក៏​នឹង​ត្រូវ​ការ​ប្រាក់​ច្រើន​​សម្រាប់​រៀប​ចំ​គ្រួសារ​នេះ​ឡើង ដោយ អ្នក​ត្រូវ​ទិញ​របស់​របរ​សម្រាប់​ប្រើប្រាស់ រៀបចំ​បន្ទប់​គេង​ថ្មី ហើយ​បន្ទាប់​មក​ទៀត អ្នក​នឹង​ត្រូវ​ចំណាយ​ទៅ​លើ​កូនរបស់​អ្នក​បន្ទាប់​ពី​មួយ​រយៈ​ក្រោយ​មក។ ដូច្នេះ អ្នក​គួរ​តែ​រៀបការ​នៅ​ពេល​ដែល​អ្នក​ប្រាកដ​ថា អ្នក​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​រឿង​ទាំង​នេះ ក៏​ប៉ុន្តែ​អ្នក​មិន​គួរ​ទៅ​ខ្ចី ឬ​ចង​ការ​ប្រាក់​អ្នក​ដទៃ​យក​មក​រៀប​ការ​ដែរ។

តើ​អ្នក​ពិត​ជា​ចង់​រៀប​ការ​ដោយ​ចេញ​ពី​បេះ​ដូង​មែន​ដែរ​ឬ​ទេ?

ចូរ​ចង់​ចាំ​ថា ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ប្រសើរ​កើត​ចេញ​បេះដូង។ អ្នកគួរ​តែ​រៀបការ​នៅ​ពេល​ដែល​អ្នក​ចង់​បង្កើត​ជា​គ្រួសារ​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ស្រលាញ់​ពិតៗ និង​ធានា​បាន​ក្នុង​ចិត្ត​ថា អ្នក​នឹង​មាន​សុភមង្គល​បន្ទាប់​ពី​រៀប​ការ។ ផ្ទុយ​ទៅ​វិញ អ្នក​មិន​គួរ​រៀបការ​ដោយ​ព្រោះ​តែ​អ្នក​មាន​វ័យ​កាន់​តែ​ជ្រេ​ទៅ​ៗ ឬក៏​ព្រោះតែ​ចង់​មាន​មនុស្ស​ម្នាក់​សម្រាប់​បម្រើ​ចំណង​ផ្លូវ​ភេទ​របស់​អ្នក​នោះ​ឡើយ ហើយ​អ្នក​ក៏​មិន​គួរ​បណ្តោយ​ឲ្យ​ឳពុក​ម្តាយ ឬ​គ្រួសារ​មក​បង្ខំ​អ្នក​ឲ្យ​រៀបការ​នៅ​ពេល​វេលា​ណា​មួយ ឬ​ជាមួយ​មនុស្ស​ណា​ម្នាក់​ដែល​អ្នក​មិន​ពេញ​ចិត្ត​ដែរ។ គ្មាន​នរណា​ដែល​ជា​ម្ចាស់​ជីវិត​ និង​បេះដូង​របស់​អ្នក ក្រៅ​តែ​ពី​ខ្លួន​អ្នក​ឡើយ៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T