ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រុមបាល់ទាត់ Manchester City បានប្រកាសរួមគ្នាជាផ្លូវការនូវកិច្ចសហការជាដៃគូពាណិជ្ជកម្មក្នុងគោលបំណងរួមគ្នាតែមួយ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅផ្សារទំនើប NOROMALL។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា៖
«កិច្ចសហការជាដៃគូពាណិជ្ជកម្មជាមួយក្រុមបាល់ទាត់ Manchester City ដែលជាក្រុមបាល់ទាត់កំពូលប្រចាំចក្រភពអង់គ្លេសថ្ងៃនេះ គឺជាសមិទ្ធផលនៃភាពជោគជ័យថ្មីមួយទៀតសម្រាប់ផលិតផលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ របស់យើង បន្ថែមទៅលើភាពជោគជ័យដែលក្រុមហ៊ុន ដណ្តើមបាននូវចំណែកទីផ្សារមួយចំនែកច្រើនដូចការរំពឹងទុកសម្រាប់ឆ្នាំ២០១៩ នេះ»។


លោកបន្តទៀតថា កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងដ៏មានសារៈប្រយោជន៍រួមមួយក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់កុមារក្រោមអាយុ ១៦ ឆ្នាំ នៅតាមសហគមន៍តែម្តង គឺតាមរយៈវគ្គបង្ហាត់បង្ហាញខ្លីផ្ទាល់ពីគ្រូបង្វឹកផ្ទាល់ក្រុម Manchester City នៅពេលខាងមុខនេះ។
លោកបន្ថែមទៀតថា យើងក៏កំពុងតែពិចារណាទៅលើរង្វាន់បន្ថែមសម្រាប់អ្នកនិយមពិសា ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺឱកាសឈ្នះបានរង្វាន់ទៅទស្សនកិច្ចចក្រភពអង់គ្លេស និង ទស្សនាផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុម Manchester City ក្នុងពានរង្វាន់ English Premiere League ប្រចាំឆ្នាំ។


លោកក៏បានណែនាំឱ្យស្គាល់ផងដែរ នូវទូតសុឆន្ទៈទាំង៤នាក់ ដំបូងគេបង្អស់របស់ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺកីឡាករខ្សែរប្រយុទ្ធក្រុម Manchester City លោក Gabriel Jesus លោក Raheem Sterling និងកីឡាករខ្សែរបំរើប្រយុទ្ធលោក Riyad Mahrez រួមជាមួយនឹងកីឡាជម្រើសជាតិបាល់ទាត់កម្ពុជាមួយរូបគឺលោក ធារី ចន្ថាប៊ីន។
ចំណែកឯអ្នកតំណាងពីក្រុមបាល់ទាត់ Manchester City គឺលោក Stephan Cieplik អគ្គនាយករង និងជានាយកគ្របគ្រងកិច្ចសហប្រត្តិបត្តការបាល់ទាត់ប្រចាំអាស៊ីប៉ាស៊ីហ្វិកក៏បានមានប្រសាសន៍ថា៖
«តាមរយៈការវាយតម្លៃទាំងទៅលើទាំងកេរ្តិ៍ឈ្មោះ គុណភាព និងប្រភេទភេស្ជៈនេះ បូករួមជាមួយការគាំទ្រដ៏ច្រើនពីពលរដ្ឋកម្ពុជាចំពោះ ភេស្ជៈប៉ូវកម្លាំង វើក យើងអាចសន្មត់បានថា ជាផលិតផលដែលសាកសមបំផុតក្នុងកិច្ចសហការជាមួយក្រុមបាល់ទាត់របស់យើង ដើម្បីសម្រេចគោលបំណងរួមក្នុងការចូលរួមចំនែកបង្កើនសមត្ថភាពដល់កុមារក្រោមអាយុ ១៦ ឆ្នាំ នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជាលើវិស័យបាល់ទាត់»។


លោកបន្តទៀតថា៖
«ក្នុងភាពជាដៃគូនេះ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីនាំមកនូវមោទនភាពដល់អ្នកគាំទ្ររបស់យើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអតិថិជនដែលនិយមពិសាភេស្ជៈប៉ូវកម្លាំង វើក ផងដែរ តាមរយៈការប្រឹងប្រែងការពារតំណែងជើងឯក២រដូវកាលជាប់គ្នារបស់យើងនៅក្នុងការប្រកួតពាន English Premiere League ប្រចាំឆ្នាំ»៕

