បរទេស៖ ខ្សែបម្រើឆ្នើមរបស់ Real Madrid កីឡាករ Luka Modric បានទម្លាយឲ្យដឹងនៅក្នុងសៀវភៅកំណត់ហេតុរបស់គេថា គេធ្លាប់បានខូចចិត្តដោយសារតែបរាជ័យក្នុងការផ្លាស់មកលេងឲ្យក្លិប Chelsea។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើជម្រើសជាតិក្រូអាតស្ទើរតែផ្លាស់មកលេងឲ្យក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Chelsea ទៅហើយកាលពីទីផ្សាររដូវត្រជាក់ រដូវកាល ២០០៧-២00៨ ប៉ុន្តែខាងក្លិបរបស់គេនាពេលនោះគឺ Dinamo Zagreb និង Chelsea មិនឯកភាពគ្នាទៅលើចំណុចមួយចំនួន។
Modric បានរៀបរាប់នៅក្នុងសៀវភៅនោះយ៉ាងដូច្នេះថា៖
កំឡុងពេលសម្រាករដូវរងា ខ្ញុំបាននៅទីក្រុង Zadar ហើយខ្ញុំបានទទួលដំណឹងមកថា Dinamo និង Chelsea កំពុងតែពិភាក្សាគ្នាដើម្បីឈានទៅដល់កិច្ចព្រមព្រៀងផ្លូវការមួយ។ Zdravko Mamic (នាយកប្រតិបត្តិ Dinamo Zagreb) បានហោះទៅកាន់ទីក្រុងឡុងដ៍ ហើយជឿជាក់ថាខ្ញុំនឹងអាចផ្លាស់ទៅលេងនៅកីឡដ្ឋាន Stamford Bridge នាទីផ្សាររដូវត្រជាក់ពេលនោះ។ ពេលដែលខ្ញុំកំពុងតែអង្គុយរង់ចាំការចុះកុងត្រាផ្លូវការជាមួយភរិយារបស់ខ្ញុំនៅទីក្រុង Zadar ស្រាប់តែទទួលដំណឹងថាក្លិបទាំងពីរបានបរាជ័យក្នុងការចរចា។

Modric បានរៀបរាប់បន្តថា៖
ក្រោយពីប្រាប់រឿងរ៉ាវទាំងអស់នេះទៅដល់ម៉ាក់ប៉ារបស់ខ្ញុំរួច ខ្ញុំបានចាកចេញពីកន្លែងស្នាក់នៅរបស់ពួកគាត់។ នៅកន្លែងចំណតនាពេលនោះ អំឡុងពេលនិយាយជាមួយភរិយារបស់ខ្ញុំអំពីរឿងនោះ ខ្ញុំខូចចិត្តជាខ្លាំង ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេពេលនោះ។
បើទោះបីជាពេលនោះ Modric បរាជ័យក្នុងការផ្លាស់មកលេងឲ្យតោខៀវ Chelsea ក៏ពិតមែនប៉ុន្តែគេបានមកចូលរួមជាមួយ Spurs ទីដែលគេចំណាយរយៈពេល ៤ឆ្នាំមុនផ្លាស់មក Real Madrid ក្នុងឆ្នាំ២០១២ និងបានឈ្នះពានរង្វាន់ Champions League ចំនួន៤ដង ជាមួយក្លិបយក្សអេស្ប៉ាញ។

គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០១៨កន្លងទៅ Luka Modric គឺជាម្ចាស់ពាន Ballon d’Or បន្ទាប់ពីជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League និងជាតួអង្គសំខាន់មួយរូបដែលជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី៕
ប្រភព៖ FoxSportsAsia