លោកយាយ ឯម ធាយ រួចជីវិតពីខ្មែរក្រហមដោយសារជំនាញរបាំព្រះរាជទ្រព្យ

//s5.kh1.co/71/71ea50ff73d097d34a8dd3e4395adfd4c92e5846.jpg
យល់ដឹង

 ០៨-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

លោកយាយ ឯម ធាយ​ គឺជាព្រឹទ្ធាចារ្យ​របាំ​ព្រះរាជទ្រព្យ​​និង​ជា​មរតក​មនុស្សរស់ចុងក្រោយនៃ​សិល្បះនេះ ដោយ​ព្រឹទ្ធាចារ្យរួម​ជំនាន់ជាមួយ​លោក​យាយ​បាន​លាចាកលោកសឹង​តែ​អស់ទៅ​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា​ឈាន​មក​ដល់វ័យ ៨៧ ក៏ដោយ​ក្តី ក៏លោកយាយឯម ធាយ​ នៅតែ​អាចរាំរបាំ​ព្រះរាជ្យទ្រព្យ មាន​របាំមនីមេខលាជាដើមបាន ហើយ​ថែមទាំង​នៅ​បង្ហាត់បង្រៀន​កូនចៅ​ជំនាន់ក្រោយ​ថែមទៀតផង។

លោកយាយ ឯម ធាយ កំពុង​បង្ហាត់របាំ​ដល់​កូនសិស្ស។ រូបថត៖ សហការី
លោកយាយ ឯម ធាយ កំពុង​បង្ហាត់របាំ​ដល់​កូនសិស្ស។ រូបថត៖ សហការី

លោកយាយគឺអតីត​នាដការីនិងជា​គ្រូបង្រៀនរបាំ​មួយ​រូប​នៅ​ក្នុង​វាំង ដូចជា​ម្តាយ​របស់​លោកយាយ​ដែរ ហើយ​តាំង​ពី​ប្រសូត្រ​មក​រហូត​ដល់​ពេញវ័យមាន​គ្រួសារ  លោក​យាយ​នៅ​តែ​ក្នុង​វាំង​តែប៉ុណ្ណោះ។ រហូត​មក​ដល់​របប លន់ នល់ លោក​យាយ​នៅ​តែ​ត្រូវ​បាន​គេ​អនុញ្ញាតឲ្យរស់​នៅ​ក្នុងវាំង និង​បន្ត​បង្ហាត់​របាំដដែល។ ក៏ប៉ុន្តែនៅខែ​មេសា ឆ្នាំ ១៩៧៥ ជីវិត​របស់​លោកយាយ​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង។

លោកយាយ​និយាយថា៖​ «នៅ​ថ្ងៃនោះ ខ្ញុំ​ទើប​តែមក​បង្ហាត់​របាំ​មក​ផ្ទះវិញ ស្រាប់តែ​ឃើញ​ពួក​ខ្មែរ​ក្រហម​ចូល​មក​ក្នុង​វាំង។ ពួក​គេ​បង្ខំ​យើង​ឲ្យ​ចេញ​ពីវាំងភ្លាម»។

ស្វាមីរបស់​លោកយាយ ដែល​ជា​ទាហាន​ការពារ​ហ្លួង​មួយ​រូប បាន​ទទួល​មរណភាព​ចោល​លោកយាយ​តាំង​ពី​ឆ្នាំ ១៩៧០ មក​ម្ល៉េះ។ លោកយាយ​ ជាមួយ​នឹង​កូន​ប្រុសស្រី​ ៩ នាក់​ត្រូវ​ចាកចេញ​ពី​ភ្នំពេញទៅ​រស់​នៅ​ខេត្ត​កណ្តាល​មួយ​រយៈ​មុន​ពេល​បន្ត​ទៅ​ខេត្ត​បាត់ដំបង។

កូន​ប្រុស​របស់​លោក​យាយ ៤ នាក់​ដែល​សុទ្ធសឹង​តែ​ជា​សិល្បករ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុងរបប​អាវ​ខ្មៅ។ ផ្ទុយ​ទៅវិញ លោក​យាយ​ ឯម ធាយ អាច​រស់​រាន​មាន​ជីវិត​បាន​ដល់​សព្វថ្ងៃ ដោយ​សារ​តែ​ជំនាញ​របស់​លោកយាយ​ទៅ​វិញ។

លោក​យាយ​ថ្លែងថា៖​«ខ្ញុំ​ក៏​ប្រាប់​គេ [ខ្មែរ​ក្រហម]ថា ខ្ញុំ​ជា​អ្នក​របាំដែរ តែ​គេ​មិនសម្លាប់​ខ្ញុំទេ។ ខ្ញុំ​ធ្វើ​គ្រប់​ការងារ​ដែល​គេ​ដាក់​ឲ្យ ហើយ​នៅ​ពេល​សម្រាក គេ​ឲ្យ​ខ្ញុំ​រាំ​ឲ្យ​គេ​មើលលើភ្លឺស្រែ ទាំង​ពាក់ខោអាវ​ខ្មៅសម្រាប់​ធ្វើការ»។

លោកយាយ ឯម ធាយ (ស្លៀកក្បិននិង​អាវពណ៍ខៀវនៅខាងឆ្វេង) ហាត់របាំព្រះរាជទ្រព្យ​នៅ​ក្នុងវាំង​កាល​ពី​នៅជាយុវតី។ រូបថត៖ សហការី
លោកយាយ ឯម ធាយ (ស្លៀកក្បិននិង​អាវពណ៍ខៀវនៅខាងឆ្វេង) ហាត់របាំព្រះរាជទ្រព្យ​នៅ​ក្នុងវាំង​កាល​ពី​នៅជាយុវតី។ រូបថត៖ សហការី

លោកយាយ​បន្តថា៖ «ដោយ​សារ​តែជំនាញ និង​ការ​ប្រឹងប្រែង​ធ្វើ​ការ​របស់​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​ការ​ស្លាប់»។

បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម លោកយាយ ឯម ធាយ បានធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសង្ឃឹមថានឹងបន្តអាជីពជាគ្រូបង្រៀនរបាំព្រះរាជទ្រព្យ។ ពេលធ្វើដំណើរទៅភ្នំពេញ នាងជួបជាមួយមិត្តរួមការងារនិងសិស្សលោកយាយមួយចំនួន។

លោកយាយរំជួលចិត្តជាខ្លាំង បន្ទាប់ពីបានដឹងថាសិល្បករនិងគ្រូរបាំព្រះរាជទ្រព្យប្រហែល ៩០ ភាគរយបានទទួលមរណភាពនៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។​ គឺ​ពេល​នោះហើយ​ដែល​លោក​យាយ​សម្រេច​ថា ជួយ​ឲ្យ​របាំនេះ​រស់រាន​មានជីវិត​ឡើងវិញ ជាមួយ​នឹង​សិល្បករ ៧ រូបទៀត។

មក​ដល់វ័យ​ចាស់ជរានេះ លោកយាយ​មិន​បាន​សល់​ទ្រព្យ​ធនអ្វី​ជា​ដុំ​កំភួន​នោះឡើយ តែ​លោក​យាយ​បាន​មាន​ប្រសាសន៍ថា លោក​យាយ​មិន​ស្តាយ​ក្រោយនោះទេ នៅ​ក្នុង​ជីវិត​ជា​អ្នក​បន្ត​មរតក​របាំព្រះរាជទ្រព្យមួយ​នេះ៕  

​​

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T