ហូឡង់៖ ក្លិប Vitesse ដែលជាក្លិបធំមួយប្រចាំលីគកំពូលហូឡង់ Eredivisie បានបញ្ជាក់ថាក្លិបបានធ្វើកិច្ចព្រមព្រៀងចុះកុងត្រាជាមួយនឹងអតីតជម្រើសជាតិជប៉ុនលោក Keisuke Honda ក្នុងកិច្ចសន្យារយៈពេលខ្លីរហូតដល់បញ្ចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Keisuke Honda វ័យ៣៣ឆ្នាំបានទំនេរពីអាជីពជាកីឡាករអស់មួយរយៈពេលខ្លី ចាប់តាំងពីលោកចាកចេញពីក្លិប Melbourne កាលពីខែតុលា ឆ្នាំ២០១៩នេះមក ហើយបច្ចុប្បន្នលោកបានទទួលការងារពីរ ដោយមួយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា និងមួយទៀតជាកីឡាកររបស់ក្រុម Vitesse។
លោក Honda បានធ្វើកិច្ចសំភាសន៍ក្នុងកម្មវិធីប្រកាសចូលរួមជាកីឡាករចំណូលថ្មីរបស់ក្លិប Vitesse ថា៖

"រយៈពេលយូរណាស់ហើយដែលខ្ញុំធ្លាប់លេងអោយក្លិបនៅលីគកំពូលហូរឡង់ (ក្លិប VVV-Venlo ២០០៨-២០១០) សង្ឃឹមថាអ្នកគាំទ្រនៅប្រទេសហូឡង់ទាំងអស់នៅចាំខ្ញុំ។ ហើយខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយអ្នករាល់គ្នាភ្ញាក់ផ្អើល។ ខ្ញុំចង់ក្លាយជាកីឡាករដ៏សំខាន់១រូបសម្រាប់ក្រុមនិងអ្នគាំទ្រ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំក្នុងការបង្ហាញខ្លួនលើទីលាន។"

គួររម្លឹកផងដែរថាលោក Keisuke Honda បានមានឈ្មោះល្បីល្បាញនិងជោគជ័យខ្លាំងអំឡុងពេលដែលលោកលេងអោយក្លិប CSKA Moscow ដែលជាក្លិបធំមួយនៅលីគកំពូលរស៊្សី អំឡុងពេលឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបានចំនួន១២៧ប្រកួត ស៊ុតបញ្ចូលទីបាន២៨គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមទម្លុះសំណាញ់ទីបាន២៩ដង ហើយលោកក៏ជាចំណែកមួយដ៏ធំក្នុងការជួយក្លិបមួយនេះឈ្នះពានលីគកំពូល ២ឆ្នាំជាប់គ្នាផងដែរ ពោលគឺរដូវកាល២០១៣/១៤ និង២០១៤/១៥៕
ប្រភព៖ theworldgame