ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់!

//s6.kh1.co/87/87e721127f02044b9e6ba3e8716bde17e33f59bc.jpg
នារី

 ០៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយសម្រាលកូន​រួច ស្រ្តីៗ​មួយ​ចំនួន​នៅ​តែ​ធ្វើ​តាម​ជំនឿ​ចាស់​បុរាណ​នៅ​ឡើយ​ទេ ពិសេស​ទាក់​ទង​នឹង​ការ​ញ៉ាំ​ចំណី​អាហារ​តែ​ម្តង មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ។ ក្នុង​នោះ​ជំនឿ​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ និង​ស្រា ក្រោយ​សម្រាល​កូន​រួច ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ពេទ្យ​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ញ៉ាំ​អាហារ​ហឹរៗ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​ខ្ចី

ចាស់​បុរាណ​ច្បាស់​ជា​ឲ្យ​ស្ត្រី​ដែល​ទើប​សម្រាល​រួច​ញ៉ាំ​អាហារ​ក្រៀម​ក្រោះដូចជា ​សាច់​ជ្រូក​អាំង ឬ​ចៀន ដែល​ប្រឡាក់​ជាមួយ​នឹង​ម្រេច ឆាខ្ញី ខ​ជើង​ជ្រូក​ដាក់​ម្រេចជាដើម ដែល​ម្ហូបទាំង​នោះ​ហឹរ​ខ្លាំង​ណាស់។ ការ​ដែល​ចាស់ៗ​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរៗ ព្រោះ​សម្អាង​ថា អាហារ​ទាំង​នោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​សសូង​ឡើង​វិញ​បន្ទាប់​ពី​សម្រាល​កូន។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ អាហារ​ទាំង​នោះមិន​ត្រឹម​តែ​មិន​ផ្តល់​វីតាមីន​គ្រប់​គ្រាន់​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ទៀតដូច​ជា ខ្វះ​ជីវជាតិ​ចិញ្ចឹម ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន អត់​ទឹក​ដោះ​ឲ្យ​កូន​បៅ​ជា​ដើម។

២- ញ៉ាំ​ស្រា​ថ្នាំ បំបាត់​អាការៈ​ទាស់​សរសៃ

ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង អ្នក​ខ្លះ​ព្រឺ​រងារ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ទាស់​សរសៃ។ ដើម្បី​បំបាត់​អាការៈ​អស់​ទាំង​នេះ ចាស់ៗ​តែង​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​ហើយ​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​ភាព​ម្តាយ និង​កូន​ធ្ងន់​ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ។

៣- ញ៉ាំ​ក្បាល​ជ្រូក ធ្វើ​ឲ្យ​ទាស់​សរសៃ

ចាស់ៗ​មិន​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​រួច​ញ៉ាំ​ចំណី​អាហារ​គ្រប់​មុខ​តាម​ចិត្ត​ចង់​នោះ​ទេ បារម្ភ​ខ្លាច​ទាស់​សរសៃ។ អាហារ ឬ​ផ្លែឈើ​មួយ​ចំនួន គឺ​ត្រូវ​តែ​តម​ដាច់ មិន​ឲ្យ​ញ៉ាំ​សូម្បី​១​ម៉ាត់ ពិសេស​គឺ​ក្បាល​ជ្រូក​តែ​ម្តង ដែល​ជំនឿ​ទាំង​នោះ​ផ្ទុយ​ស្រឡះ​ពី​ក្បូន​ពេទ្យ ដែល​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន និង​គ្រប់​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ដើម្បី​ឲ្យ​មាន​កម្លាំង និង​សម្បូរ​ទឹកដោះ​សម្រាប់​កូន​បៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T