យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក!

//s5.kh1.co/1f/1f1824479d25a139998604c8080cbde613302e34.jpg
នារី

 ០៧-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ការ​យក​សម្លី​ត្បារ​ត្រចៀក ស្លាប​មាន់ កូន​សោ ​កង្វារ​រឹងៗ​ទៅ​ត្បារ ឬ​ខ្វេះ​យក​អាចម៍​ត្រចៀក​ចេញ ប្រៀប​បាន​​នឹង​យក​មេរោគ​ទៅ​ដាក់​ក្នុង​ត្រចៀក​អ៊ីចឹង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក បម្រើ​ការងារ​​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត​ថា មិនថា កូនក្មេង ឬ​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត​មិន​ត្រូវ​ត្បារ ឬ​ខ្វារ​យក​អាចម៍​ត្រចៀក​ចេញ​ពី​រន្ធ​ត្រចៀក​ផ្នែក​កណ្តាល​ឡើយ ព្រោះ​អាចម៍​ត្រចៀក​ផលិត​រាល់​ថ្ងៃ វា​ជា​សន្ទះ​ការពារ មាន​តួនាទី​ការពារ​ត្រចៀក ​និង​ចាប់​យក​មេរោគ​​ផ្សេងៗ។

កាលណា​យើង​យក​របស់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ទៅ​ត្បារ​អាចម៍​ត្រចៀក មិន​ត្រឹម​តែ​អត់​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ងាយ​ឆ្លង​រោគ ព្រោះ​របស់​ទាំង​នោះ​កង្វក់​ហើយ​រឹង ងាយ​បង្ក​គ្រោះថ្នាក់។ គ្រោះថ្នាក់​ទាំង​នោះ​មាន ស្ទះ​រន្ធ​ត្រចៀក ហើយ​បើ​ជ្រុល​ដៃ​តែ​បន្តិច​ទៅ​ជា​ដាច់​រហែក​ក្រដាស​ត្រចៀក បង្ក​ឲ្យ​ឈឺ​ចាប់ ចំណែក​ឯ​ករណី​ធ្ងន់ធ្ងរ​ទៅ​ជា​ថ្លង់ ស្តាប់​លែង​ឮ អាច​ឲ្យ​មេរោគ​ឆ្លង​ចូល​ទៅ​ដល់​ខួរក្បាល ​ធ្វើ​ឲ្យ​រលាក​ស្រោម​ខួរក្បាល​ថែម​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត​ការ​ត្បារ​ត្រចៀក​រៀង​រាល់​ថ្ងៃ ក៏​ធ្វើ​ឲ្យ​រមាស់​ត្រចៀក ងាយ​នឹង​កើត​រោគ​ផ្សិត។

ការ​សម្អាត និង​ធ្វើ​អនាម័យ​ត្រចៀក អាច​ធ្វើ​ទៅ​បាន​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ត្រចៀក​ប៉ុណ្ណោះ (ផ្នែក​ដែល​មើល​ឃើញ) ដែល​យើង​ត្រូវ​យក​សម្លី ឬ​កន្សែង​ទន់ៗ​មក​ជូត​ផ្ដិត។ ក្នុង​ករណី​អ្នក​ដែល​មាន​អាចម៍​ត្រចៀក​រឹង បារម្ភ​ខ្លាច​ណែន​ខ្លាំង​ស្តាប់​មិន​ឮ ត្រូវ​មក​ជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​បូម​លាង​សម្អាត​អាចម៍​ត្រចៀក​ចេញ ដោយ​គ្រូពេទ្យ​នឹង​ដាក់​ថ្នាំ​បន្តក់​សម្រាប់​រំលាយ​អាចម៍​ត្រចៀក ដើម្បី​ឲ្យ​អាចម៍​ត្រចៀក​ទន់ ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T