បើដកការខ្វល់រឿងចំណីចំណុក មានជាតិគីមីចេញ បន្លែផ្លែឈើ ឬគ្រាប់ធញ្ញជាតិ នៅតែផ្ដល់ថាមពល និងប្រយោជន៍ខ្ពស់ចំពោះរាងកាយ បើញ៉ាំតាមការណែនាំ ឬកំណត់ត្រឹមត្រូវ។ ចំណីចំណុកប្រចាំថ្ងៃ ជះឥទ្ធិពលដល់សុខភាពយ៉ាងពិតប្រាកដ។ អាការៈហើមពោះ ឆ្ងល់ រាករូស ទល់លាមក សុទ្ធតែមកពីការហូបចុកទាំងអស់។ ចំពោះអាការៈទល់លាមក ជាក់ស្ដែងគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ។ ចុះម៉េចបានទល់លាមក ពិបាកបត់ជើង? មកពីអីឲ្យប្រាកដ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស“ទល់លាមក” កើតឡើងដោយសារ រាងកាយយើងខ្វះជាតិ(អាហារ) សរសៃ ព្រោះជាមធ្យម យើងត្រូវការសារធាតុនេះ (សរសៃ) ក្នុងចំណីអាហារ ចន្លោះពី ២៥-៣០ ក្រាមក្នុងមួយថ្ងៃ ប៉ុន្តែការញ៉ាំ សារធាតុសរសៃបន្ថែមច្រើនពេកក្នុងពេលភ្លាមៗ អាចនាំឲ្យហើមនិងចុកពោះ។ មានផ្លែឈើស្រស់ ឬក្រឡុក និងគ្រាប់ធញ្ញជាតិប៉ុន្មានមុខ ដែលចង់ណែនាំគ្នាយើង ដូចខាងក្រោម៖
១- ផ្លែសារី ផ្លែផ្លាំ និងប៉ោម៖ ៣មុខនេះ មានជាតិសរសៃទៅរាងកាយស្រដៀងគ្នាចន្លោះពី ៥-៦ក្រាម ក្នុងមួយថ្លែ។ ក្រៅពីនេះ ពពួកផ្លែប៊្លែកប៊ឺរី ឬផ្លែស្ត្រប់ប៊ឺរី ស្រស់ក៏សម្បូរដោយជាតិសរសៃដែរ។ កន្លះពែងនៃផ្លែស្ត្រប់ប៊ឺរី ស្រស់មានសារធាតុសរសៃដល់ទៅ ២ ក្រាម។
២- ផ្លែគីវី៖ នៅពេលដែលផ្លែឈើជាច្រើនដែលមានជាតិសរសៃ វាក៏មានជាតិស្ករ Fructose ដែលជាស្ករក្នុងផ្លែឈើ ធ្វើឲ្យអ្នកញ៉ាំមានខ្យល់ក្នុងពោះច្រើន។ ទោះយ៉ាងនេះក្ដី ក្នុងផ្លែគីវី មានជាតិស្ករនេះទាបណាស់ ដែលធ្វើឲ្យកាត់បន្ថយការហើមពោះ។ ក្នុងផ្លែគីវីមួយពែង មានជាតិសរសៃដល់ទៅ ៥ក្រាម និងមានជីវជាតិល្អៗសម្រាប់សុខភាពផ្សេងទៀត ដូចជាវីតាមីន C ជាដើម។
៣- ពោតលីង (Popcorn)៖ ពោតលីងជាអាហារដែលផ្ដល់សុខភាពនិងងាយស្រួលទទួលបានសារធាតុសរសៃ បើយើងអត់ដាក់អំបិល ឬប៊ឺ ចូល។ គ្រាប់ពោតជា គ្រាប់ធញ្ញជាតិទាំងមូល (Whole-grains) ហើយដើម្បីការពារ ឬកាត់បន្ថយ បញ្ហាទល់លាមក បើយើងព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិទាំងមូល (whole-grains) ឲ្យបានច្រើន។
៤- គ្រាប់សណ្ដែក
សណ្ដែកស្ថិតនៅក្នុងក្រុមអាហារដែលមានជាតិសរសៃខ្ពស់បំផុត។ នៅពេលដែលអ្នកញ៉ាំសណ្ដែកមួយពែង អ្នកអាចទទួលបានជាតិសរសៃរហូតទៅដល់ ១០ក្រាមឯណោះ។ បន្ថែមលើនេះ មានប្រភេទសណ្ដែកជាច្រើនដែលអាចឲ្យអ្នកជ្រើសបានដែលមានដូចជា សណ្ដែកសៀង សណ្ដែកក្រហម សណ្ដែកហ្គាបានហ្ស៊ូ (Garbanzo beans) សណ្ដែកលីម៉ា ឬសណ្ដែកពីនតូ។
៥- ដំឡូងជ្វា
ដូចនឹងសណ្ដែកដែរ ដំឡូងក៏មានសារធាតុសរសៃខ្ពស់ដែរ ប៉ុន្តែភាគច្រើនស្ថិតនៅលើសម្បក។ ដំឡូងជ្វាស្ងោរជាមួយសម្បកទំហំល្មមមួយ អាចផ្ដល់ឲ្យសារធាតុសរសៃដល់ទៅ ៣,៨ក្រាម។ ដំឡូងធម្មតាក៏ល្អដែរសម្រាប់បញ្ហាទល់លាមក ដោយដំឡូងតូចល្មមអាចមានជាតិសរសៃដល់ទៅ ៣ក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet