អង់គ្លេស៖ ក្លិបតោខៀវ​ Chelsea ត្រូវបានគេរាយការណ៍ថាបានចូលរួមប្រជែងជាមួយនឹងក្លិប Manchester United ក្នុងដណ្ដើមយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Lyon កីឡាករ Moussa Dembele

ក្រុម Chelsea នៅមិនទាន់ច្បាស់លាស់ថាការដាក់បម្រាមទិញដូរកីឡាកររបស់ពួគេនឹងត្រូវលុបចោលនៅពេលណានោះទេ មានន័យថាពួកគេត្រូវទន្ទឹងរង់ចាំរហូតដល់រដូវក្ដៅឆ្នាំក្រោយទើបអាចធ្វើកិច្ចព្រមព្រៀងចរចាទិញយកកីឡាករថ្មីៗមកចូលរួមក្រុមបាន។

  កីឡាករ Moussa Dembele

យោងតាមកាសែត Dailymail បានអោយដឹងក្លិប Chelsea បានសម្លឹងឃើញកីឡាករ​ Moussa Dembele ជាខ្សែប្រយុទ្ធ១រូបដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមកចាប់ដៃគូរជាមួយនឹងកីឡាករ Tammy Abraham ដើម្បីពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុមលោក Lampard អោយកាន់តែមានភាពមុតស្រួច។

លើសពីនេះទៅទៀតកីឡាករ Dembele អាចជាកម្លាំងបន្ថែមដ៏សំខាន់ក្នុងក្រុម Chelsea  ដោយសារតែខ្សែប្រយុទ្ធ២រូបរបស់ក្លិប អាចនឹងចាកចេញនាពេលបញ្ចប់រដូវកាលនេះរួមមានកីឡាករ Olivier Giroud និងកីឡាករ Michy Batshuayi។

  កីឡាករ Moussa Dembele

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាក្លិប Manchester United មានទំនាក់ទំនងយ៉ាងខ្លាំងជុំវិញការចរចាយកកីឡាកររូបនេះមកកាន់ទឹកដែ Old Trafford នាខែមករាខាងមុខ បន្ទាប់ពីពួកគេបានអនុញ្ញាតអោយកីឡាករ​ Sanchez និង Lukaku ចាកចេញទៅចូលរួមជាមួយនឹង ​Inter Milan អំឡុងពេលទីផ្សារដោះដូរកីឡាករកន្លងទៅនេះ ដោយតម្រូវអោយពួកគេចាំបាច់ត្រូវទិញចូលខ្សែប្រយុទ្ធ១រូបមកប៉ះប៉ូវចន្លោះខ្វះខាតនៅតំបន់ប្រយុទ្ធវិញ ។

តាមរយៈការវាយតម្លៃរបស់គេហទំព័រ transfermarkt បានអោយដឹងថាតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ បច្ចុប្បន្នមានតម្លៃខ្ទង់ ៤០លានផោន (ឬប្រហែល៥១លានដុល្លារអាមេរិក)។

  កីឡាករ Moussa Dembele

គួររម្លឹកផងដែរថាកីឡាករ Moussa Dembele បានចាកចេញពីក្លិប Celtic មកចូលរួមជាមួយនឹងក្លិប Olympique Lyon កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃ២២លានអឺរ៉ូ (ឬប្រហែល២៤លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន៦០ប្រកួត ស៊ុតបញ្ចូលទីបាន២៨គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៦ដង៕

ប្រភព៖ Caughtoffside

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]