ឯកាយូរពេក អាចបង្កបញ្ហាច្រើនមុខ!

//s5.kh1.co/d7/d75489ca2ac159e85fac4c8d1cb37b68527344ce.jpg
នារី

 ០៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភាពឯកា មិនមែន​គ្រាន់តែ​ជាស្ថានភាព​ម្នាក់ឯង នោះទេ ប៉ុន្ដែ​វា​ជា​បញ្ហា​នៃ​ទំនាក់ទំនង​រឹងមាំ។ អ្នកមាន​ទំនាក់ទំនង​រឹងមាំ ភាគច្រើន​សប្បាយ​រីករាយ សុខភាព​ល្អ និង​បង្កើត​លទ្ធផល​ល្អៗ។ ចំណែក​អ្នក​គ្មាន​ទំនាក់ទំនង​រឹងមាំ ភាគច្រើន​មាន​អារម្មណ៍​ឯកា បាក់ទឹកចិត្ត និង​យល់​ខុស​លើ​បញ្ហា​មួយ​ចំនួន។ បើតាម​គេហទំព័រ​វេជ្ជសាសាស្ត្រ WebMD ភាពឯកា បង្កបញ្ហា​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ជាច្រើនដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រព័ន្ធការពារ​ចុះខ្សោយ

នៅឯកា​យូរ ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​​​​ពិបាក​ប្រឆាំង​នឹង​ជំងឺ។ នេះដោយសារ​ភាពឯកា ជំរុញ​ការ​ផលិត​អ័រម៉ូន​មួយ​ចំនួន​ក្នុង​រាងកាយ នៅពេល​យើង​ស្ត្រេស ហើយ​អ័រម៉ូន​ទាំង​នោះ ប៉ះពាល់​ដល់​ដំណើរការ​​​ប្រព័ន្ធ​ការពារ។

២.សុខភាព​បេះដូង​ខ្សោយ

ពេល​យើង​ឯកា​ក្នុង​ជីវិត កាន់តែ​យូរ ការ​ប៉ះពាល់​លើ​សុខភាព​បេះដូង​របស់​យើង ក៏កាន់តែ​ខ្លាំងដែរ ដោយ​វាបណ្ដាល​មកពី​កម្រិត​សម្ពាធឈាម​ខ្ពស់ កូលេស្ដេរ៉ូល​មិនល្អ និង​ជំងឺធាត់។ ស្ត្រី ដែល​ឯកា អាច​កើតជំងឺ​សរសៃឈាម​បេះដូង ដោយសារ​តែបញ្ហា​បាក់ទឹកចិត្ត ជក់បារី និង​មិនហាត់ប្រាណ ពេលនៅ​ម្នាក់​ឯង។

៣. បាក់ទឹកចិត្ត

នៅពេល​យើង​ឯកា ភាគច្រើន យើងចាប់ផ្ដើម​មាន​អារម្មណ៍​មិន​ល្អ​អំពី​ជីវិត និង​បាក់ទឹកចិត្ត ហើយ​បញ្ហា​នេះ កាន់តែ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍ កាន់តែ​អាក្រក់​ថែមទៀត។ ប្រសិនយើង​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ បន្ដ​រហូត​ដល់ ២​សប្ដាហ៍ ដែលរួមមាន អារម្មណ៍​ធ្លាក់ចុះ អស់សង្ឃឹម មិន​ចាប់អារម្មណ៍​នឹង​អ្វីដែល​យើង​ធ្លាប់​សប្បាយ ខ្សោយ​ថាមពល គេងមិនលក់ ឬចំណង់អាហារ​ប្រែប្រួល យើង​គួរជួប​គ្រូពេទ្យ ដើម្បី​ពិគ្រោះ​យោបល់។

៤. ឡើងគីឡូ

នៅពេល​ឯកា យើង​ទំនង​ជាឡើង​ទម្ងន់​ជាងមុន ហើយ​នេះដោយសារ​យើង​ញ៉ាំច្រើន​ជាងធម្មតា រួមជាមួយ​អាហារ​សម្បូរ​កាឡូរីខ្ពស់ និង​មិន​បាន​ហាត់ប្រាណ​ថែមទៀត។ ស្ថានភាព​នេះ អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​មិនល្អ​កាន់តែ​ខ្លាំង ហើយ​អាច​វិវត្ត​ជា​ជំងឺ​លើសឈាម បេះដូង និង​ទឹកនោមផ្អែម។

៥. គេងមិនលក់ស្កប់ស្កល់

នៅពេល​ឯកា យើង​តែងតែ​គិតច្រើន ឬនៅលេង​ទូរស័ព្ទ កុំព្យុទ័រ ដូច្នេះ​យើង​មិនងាយ​គេង​លក់ និង​គេងលក់​បាន​ស្កប់ស្កល់​នោះទេ។ បញ្ហា​នេះ ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​លើ​ការសិក្សា និង​ការងារ​របស់​យើង នៅពេល​ថ្ងៃ។ ជាងនេះទៅទៀត បញ្ហា​គេង​មិន​លក់ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម លើសឈាម បេះដូង បាក់ទឹកចិត្ត និង​ធាត់។

៦. ប៉ះពាល់​ខួរក្បាល

សមត្ថភាព​ដោះស្រាយ​បញ្ហា និង​ចងចាំ​របស់​យើង អាច​រងការ​ប៉ះពាល់ ប្រសិន​បើ​យើង​ឯកា កាន់តែ​យូរទៅ។ នេះដោយសារ​តែ​ការ​វិវត្ត​វ័យ​របស់​យើង ហើយ​វាក៏​បណ្ដាល​ឲ្យ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង Alzheimer’s ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T