អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់វ័យ២៦ឆ្នាំកីឡាករ Andre Gomes ត្រូវបានកីឡាករកូរ៉េខាងត្បូង Heung-Min Son ស្លាយកាត់យកបាល់ពីក្រោយដោយអចេតនា រួចក៏បន្តដួលផ្ទប់ជាមួយនឹងខ្សែការពារស្លាបស្ដាំក្រុម Tottenham កីឡាករ Sergie Aurier បណ្ដាលអោយរបួសបាក់ក.ជើងផ្នែកខាងស្ដាំ ក្នុងការប្រកួតប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី១១ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបបាល់ទាត់ Everton បានបង្ហោះក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនបញ្ជាក់ពីស្ថានភាពរបួសរបស់កីឡាករ Andre Gomes ថា៖
"ក្លិបបាល់ទាត់ Everton សូមបញ្ជាក់ថា កីឡាកករ Andre Gomes បានធ្វើការវះកាត់របួសបាក់ក.ជើងនៅព្រឹកមិញនេះ(ម៉ោងនៅអឺរ៉ុប) ដោយដំណើរការនៃការវះកាត់គឺរលូនល្អ។កីឡាករជម្រើសជាតិព័រទុយហ្កាល់រូបនេះបានរងរបួសអំឡុងពេលប្រកួតជាមួយនឹងក្រុម Tottenham Hotspurs ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ហើយឥលូវនេះរូបគេត្រូវការពេលវេលាច្រើនដើម្បីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មុនពេលត្រលប់ទៅកាន់ USM Finch Farm (កន្លែងហ្វឹកហាត់របស់ក្រុម Everton) ដើម្បីចាប់ផ្ដើមស្ដារកាយសម្បទារបស់គាត់អោយមានរឹងមាំឡើងវិញ ក្រោមការណែនាំរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់ក្លិប។ ក្លិបរំពឹងថាកីឡាករវ័យ២៦ឆ្នាំរូបនេះនឹងជាសះស្បើយឡើងវិញ១០០ភាគរយ។
ជំនួសមុខអោយកីឡាករ Andre ក្លិបសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅទៅដល់អ្នកគាំទ្រក្លិប Everton ទាំងអស់ និងសមាជិកគ្រួសារបាល់ទាំងមូល ចំពោះការគាំទ្រ និងសារជូនពរ ដ៏ច្រើនលើសលប់ដែលបានផ្ញើរមកកាលពីប្រកួតម្សិលមិញនេះ។"

យោងតាមគេហទំព័រ Skysports ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ បានអោយដឹងថាកីឡាករ Andre Gomes ត្រូវបានគេរំពឹងថានឹងត្រូវសម្រាកក្រៅទីលានចន្លោះពី៦ខែទៅ១ឆ្នាំ៕
ប្រភព៖ Everton FC