យើងដឹងហើយ ទម្លាប់​ជក់បារី ផឹកស្រាច្រើន និង​ញ៉ាំអាហារ​ច្រើន ជាពិសេសអាហារ​មាន​រសជាតិ​ផ្អែមខ្លាំង ឬប្រៃខ្លាំង ងាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើងណាស់។ ប៉ុន្ដែ​នៅមាន​ទម្លាប់​គ្រោះថ្នាក់​ជាច្រើន​ទៀត ដោយ​វាប៉ះពាល់​ម្ដង​បន្តិចៗ ពីមួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។

១. ញ៉ាំអាហារ​លឿនៗពេក

ការសិក្សាជាច្រើនបង្ហាញ​ថា ការញ៉ាំ​អាហារ​ដោយ​ទំពាលឿនៗ អាចបណ្ដាល​ឲ្យមាន​បញ្ហា​សុខភាព​ជាច្រើន ដូចជា​ឡើងទម្ងន់​យ៉ាងលឿន ហើយ​កើនហានិភ័យ​នៃ​ជំងឺ​បេះដូង ទឹកនោមផ្អែម និង​ដាច់សរសៃឈាម​ខួរក្បាល។ ជាធម្មតា ទាល់តែ​យើង​ញ៉ាំបាយ បាន​រយៈពេល​ប្រមាណ ២០​នាទី ទើបខួរក្បាល​យើងទទួល​សញ្ញា​នៃ​ការឆ្អែត។ ប៉ុន្ដែ​សម្រាប់​អ្នកញ៉ាំ​អាហារ​លឿនៗ ភាគច្រើន ញ៉ាំលើស​កម្រិត មុន​ខួរក្បាល​ទទួល​សញ្ញា​នៃ​ការឆ្អែត អ៊ីចឹងហើយ ទើប​ងាយ​នឹង​ឡើង​ទម្ងន់។

២. ដុសធ្មេញ​ភ្លាមៗ ក្រោយ​ញ៉ាំអាហារ

មានគ្នាយើង​មិនតិចទេ តែងតែ​ដុសធ្មេញ​ភ្លាមៗ ក្រោយ​ញ៉ាំអាហារ​ហើយ។ តែ​យោងតាម​ការសិក្សា​ជាច្រើនបង្ហាញ​ថា យើងគួរ​រង់ចាំ​រហូត​ឲ្យដល់ ៣០នាទី​សិន ចាំដុសធ្មេញ។ ធ្មេញរបស់​យើង ការពារ​ដោយ​កាចាធ្មេញ (Enamel) ហើយ​អាស៊ីដ ដែល​កើតឡើង​ដោយ​អាហារ អាច​ធ្វើ​ឲ្យ​ដាច់កាចាធ្មេញ មានន័យ​ថា ធ្មេញ​របស់យើង មាន​សភាព​ខ្សោយ ក្រោយ​ញ៉ាំអាហារ​ភ្លាមៗ។ ដូច្នេះបើយើង​ដុសធ្មេញ​ភ្លាមៗ មានន័យ​យើងកំពុង​បំផ្លាញ​ធ្មេញ​របស់​យើង​ហើយ។

៣. ផឹកទឹកដបប្លាស្ទិច

ផឹកទឹក​ដបប្លាស្ទិច ជារឿងសុវត្ថិភាព ប៉ុន្ដែ​ដបប្លាស្ទិក មាន​សមាសធាតុ​គីមី​ជាច្រើន ដែល​ចេញមកពេលវា​ត្រូវ​កម្តៅ។ ប្រសិន​បើយើង​ទុក​ដបទឹកប្លាស្ទិច​​ក្នុង​ឡាន ១​ថ្ងៃ ដប​ទឹក​ប្លាស្ទិច អាច​បញ្ចេញ​សមាសធាតុ​គីមី​ពុល ចូល​ក្នុង​ទឹកផឹក​បាន។ សមាសធាតុ​គីមី​ទាំង​នេះ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អង់ដូគ្រីន និង​កើត​ជំងឺ​ជាលិកា​ស្បូន​ដុះ​ខុស​កន្លែង (Endometriosis) និង​មហារីក​សុដន់។

៤. ម៉ាស៊ីន​សម្ងួតដៃ

នៅតាម​បន្ទប់ទឹក​ក្នុង​ផ្សារទំនើប និង​ទីសាធារណៈ​ជាច្រើន មាន​ដាក់​ម៉ាស៊ីន​សម្ងួតដៃឲ្យ​ប្រើប្រាស់ តែ​វាមិន​មាន​សុវត្ថិភាព និង​សុខភាព​ល្អ​ប៉ុន្មាន​ទេ។ ម៉ាស៊ីន​សម្ងួត​ដៃ​ទាំង​នេះ បាន​សាយភាព​បាក់តេរី​ជាច្រើនទៅ​ដៃ​របស់​យើង។ ជាងនេះទៅទៀត ម៉ាស៊ីន​សម្ងួត​ដៃនេះ បាញ់​ខ្យល់ ដែល​មាន​បាក់តេរី ទៅ​ក្នុង​បរិយាកាស​ផងដែរ។

៥. អង្គុយពេញមួយថ្ងៃ

នៅពេល​យើងធ្វើការ ឬសិក្សា យើង​ត្រូវអង្គុយ​ពេញ ១​ថ្ងៃ សឹងរាល់​ថ្ងៃ ហើយ​ការ​អង្គុយ​ច្រើនម៉ោង​ដូច្នេះប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង ដោយសារ​យើង​ពុំបាន​បញ្ចេញ​សកម្មភាព​រាងកាយ។ វាបណ្ដាល​ឲ្យ​យើង​ធាត់ កើតជំងឺ​បេះដូង ទឹកនោម​ផ្អែម និង​អាច​ឆាប់ស្លាប់។ប្រសិន​បើ​ការងារត្រូវ​អង្គុយ​ពេញ​មួយ​ថ្ងៃ យើងគួរ​សម្រាកខ្លះ ហើយ​ផ្លាស់ប្ដូរ​ឥរិយាបទ ពី​អង្គុយ ទៅ​ឈរ ឬដើរ​ខ្លះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]