ជំងឺ​ស្លេក​ស្លាំង​ អាច​កើត​មាន​លើ​​យើង​គ្រប់​វ័យ ​ពិសេស​ច្រើន​កើត​ចំពោះ​ស្រីៗគ្នា​យើង​មាន​ផ្ទៃ​ពោះ ជាហេតុ​ត្រូវ​យក​ចិត្ត​ទុក​ ដាក់​ថែ​ទាំ​ខ្លួន​មុន​សម្រាល​ ដូចជា​​ធ្វើ​តេស្ត​ឈាម​នៅ​ក្នុង​ត្រី​មាស​ទី ​១ ​​និង​នៅ​សប្ដាហ៍​ទី ​២០ ​នៃការ​ពពោះ។ ជំងឺ​ស្លេក​ស្លាំង​ គឺ​ដោយសារ​ការ​​​ថយ​ចុះ​នូវ​គ្រាប់​ឈាម​ក្រហម​ ដែល​មាន​គ្រាប់អេម៉ូក្លូប៊ីន​នៅ​ក្នុង​ឈាម ជាហេតុ​ពេទ្យ​តែង​ឲ្យ​ស្រីៗ​ពពោះ ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ឲ្យ​គ្រប់​ ៩០គ្រាប់ និង ៤២គ្រាប់ ក្រោយ​សម្រាល​ ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ឲ្យ​គ្នា​យើង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ជំងឺ​ស្លេក​ស្លាំង​ពេល​ពពោះ។

១- មូលហេតុ​នាំ​ឲ្យ​កើតជំងឺ​ស្លេក​ស្លាំង​នៅ​ពេល​មាន​គភ៌

​ទប់​ស្កាត់​​ជំងឺ​ស្លេក​ស្លាំងពេល​ពពោះ ​គឺ​ងាយ​ស្រួល​ជាង​ការ​ព្យាបាល។ ទោះ​បី​អំឡុង​ពេល​ពពោះ ស្រីៗ​ទទួល​បាន​របប​អាហារ​គ្រប់​គ្រាន់​ក៏​ដោយ​ ក៏​នៅ​តែ​អាច​មាន​ជំងឺ​ស្លេក​ស្លាំង​ដែរ។ ដូច​នេះ​ គ្នា​យើង​​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ទៀត​ទាត់​តាម​ការ​ណាត់​ជួប ខណៈ​មូល​ហេតុ​មាន​ដូច​ជា៖
– កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម អាច​ថយ​ចុះ​នៅ​ពេលគភ៌​កំពុង​លូត​លាស់​ក្នុង​ផ្ទៃ។
– កើន​ឡើង​ចំណុះ​ឈាម​​ពេល​ព​ពោះ ​ក៏​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដែរ​ ព្រោះ​កំហាប់អេម៉ូក្លូប៊ីន​ថយ​ចុះ​ ដោយ​សារ​តែ​ឈាម​រាវ​ខុស​ធម្មតា។
– របប​អាហារ​មាន​ជាតិ​ដែក​តិច ការ​តម​ និង​ញ៉ាំ​​អាហារ​មាន​ជាតិ​កាឡូរី​ទាប ​សុទ្ធ​តែ​ជា​បញ្ហាបង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង។
– ស្រីៗ​មាន​ទារក​មិន​គ្រប់​គីឡូ​ ឬ​មាន​ផលវិបាក​ជុំវិញ​គភ៌​ សុទ្ធ​តែ​មាន​ហានិភ័យ​ខ្ពស់ បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង។
– ការ​គំរាម​រលូត​ ការ​ហូរ​ឈាម​​ ឬ​សញ្ញា​ហូរ​ឈាម​ណាមួយ​ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​បាន​ទាំង​អស់។
– កត្តា​ប្រឈម​​ជំងឺ​ស្លេក​ស្លាំង ​គឺស្រីៗ​​មាន​កូន​ច្រើន។
– មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់ដើម្បី​បង្គ្រប់​ជាតិ​ដែក​ពេល​​ព​ពោះ ​បន្ទាប់​ពី​រលូត​ហើយ​ថ្មី​ៗ។
– មាន​វិបត្តិ​គ្រាប់​ឈាម​រ៉ាំរ៉ៃ។

២- រោគ​សញ្ញា​

ប្រសិន​​មាន​សញ្ញា​ដូច​ខាង​ក្រោម​ សូម​ប្រញាប់​មក​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់៖
– ស្បែក​ស្លេក​ស្លាំង
– ហត់​អស់​កម្លាំង វិលមុខ ធេង​ធោង​ និង​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ធម្មតា​បាន
– នៅ​មិន​សុខ​ក្នុង​ខ្លួន
– មាន​អារម្មណ៍​ថា​ងាយ​ឈឺ​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ
– ឆាប់ហត់
– ឈឺ​ក្បាល
– ភ្នាស​ត្របក​ភ្នែក​ក្រោម​ ឡើង​ពណ៌​ផ្កា​ឈូក​ ​ជា​សញ្ញា​ជំងឺ​ស្លេក​ស្លាំង ​ព្រោះ​ថា​ធម្មតា​ភ្នាស​នេះ​​មាន​ពណ៌​ក្រហម។

៣- វិធីព្យាបាល

ព្យាបាល​ជំងឺ​ស្លេក​ស្លាំង​ពេល​ពពោះ អាច​ធ្វើ​ឡើង​តាម​រយៈវិធី​ខាង​ក្រោម មាន​ដូច​ជា៖​
– ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ប្រភេទ​ទឹក ដោយ​គ្រូពេទ្យ​ភាគ​ច្រើន​ឲ្យ​ថ្នាំ​ Ferroussulfate សម្រាប់ស្រី​ៗ​គ្នា​យើង​ងាយ​កើត​ជំងឺ​ស្លេក​ស្លាំង។
– ញ៉ាំ​ថ្នាំ​បំប៉ន​មាន​ជាតិអាស៊ីដ​ហ្វូលិក​។
– ញ៉ាំវីតាមីន B12 ​ប្រភេទ​គ្រាប់​ ឬ​អាច​ទទួល​បាន​ពី​របបអាហារ ដូច​ជា ​ស៊ុត​ សាច់ ​និង​ទឹក​ដោះ​គោ។
– ញ៉ាំវីតាមីន​ C ដែល​ជា​ថ្នាំ​បំប៉ន​ ដើម្បី​ជួយឲ្យរាងកាយ​​ងាយ​ស្រូប​យក​ជាតិ​ដែក​។ ភាគ​ច្រើន​ ​វីតាមីន​សេ​មាន​ក្នុង​អាហារ​ ព្រោះ​ថា​វា​រលាយ​ក្នុង​ទឹក​ ដែល​រាង​កាយ​យើង​មិន​អាច​រក្សា​វា​ទុក​បាន​ទេ។ ​បើ​ជ្រើស​រើស​យក​ប្រភេទ​ថ្នាំ​គ្រាប់​បំប៉ន ​គួរ​ប្រាកដ​ថា យើង​ញ៉ាំ​​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។
– បន្ថែម​ជាតិ​ដែក​តាម​របប​អាហារ ដោយ​ជាតិ​ដែក​មាន ​២​ប្រភេទ ដោយ​ទី១ ​មាន​នៅ​ក្នុង​សាច់​ក្រហម (Heme Iron) ​និង​ទី ២ (Non-heme iron) ​មាន​ក្នុង​បន្លែ​ ដូចជា ​ប្រូកូលី​ ស្ករ​អំពៅ​ និង​សណ្ដែក។
– ជាតិ​ដែក​អាច​បន្ថែម​ បាន​តាម​រយៈ​ការ​បញ្ចូល​តាម​ឈាម ​បើសិនជា​ស្ថិត​ក្នុង​ករណី​ចាំ​បាច់។

កម្រិត​ជាតិ​ដែក​ នឹង​ត្រលប់​មក​ធម្មតា​វិញ នៅ​ប៉ុន្មានសប្តាហ៍ ​បន្ទាប់​ពី​ទទួល​ការ​ព្យាបាល ​ប៉ុន្តែគ្នា​យើង​គួរ​តែ​ធ្វើ​តេស្ត​ផ្សេង​ៗ ​ដើម្បី​រក​មូលហេតុ​​ជំងឺ​ស្លេក​ស្លាំង​ផង។ ទោះ​ជា​សម្រាល​ហើយ​ក៏​ដោយ​ ​គួរ​តែ​បន្ត​ញ៉ាំ​​ថ្នាំ​ជាតិ​ដែក ​ព្រោះ​ថាយើង​អាច​​បាត់​បង់​ឈាម​ច្រើន​ ហើយ​​ចាំបាច់​ ត្រូវ​ធ្វើ​តេស្ត​ឈាម​នៅ​ ៦​ សប្ដាហ៍​បន្ទាប់​ពី​សម្រាល។

យ៉ាងណា ថ្នាំ​គ្រាប់​ជាតិ​ដែក​ អាច​ធ្វើ​ឲ្យ​ទល់​លាមក​ និង​មាន​បញ្ហា​ក្រពះ​ពោះវៀន​ ហើយ​អាច​ឲ្យ​លាមក​មាន​ពណ៌​បៃតង​ខ្ចី​ និង​ខ្មៅ។ ស្រីៗ​​គួរ​តែ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ការពារ​ផល​វិបាក​ទាំង​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]