(ស្វាយរៀង)៖ ជនជាតិចិន ២នាក់ ត្រូវបានរំដោះចេញពីជនជាតិចិនដូចគ្នា ក្នុងករណីចាប់ជំរិតទារប្រាក់ដែលក្រុមជនល្មើសមានគ្នាចំនួន ៥នាក់ តែសមត្ថកិច្ចទើបចាប់បាន ២នាក់ ខណៈ ៣នាក់ទៀត កំពុងរត់គេចខ្លួន។

លោកវរសេយ៍ឯក ស្រី វត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា បន្ទាប់ពីកម្លាំងរបស់លោកទទួលបានព័ត៌មាន និងរូបភាពវីដេអូប្រើអំពើហិង្សា លើជនរងគ្រោះដែលផ្ញើមកពីប្រទេសចិន ដែលជនសង្ស័យផ្ញើទៅឲ្យអាណាព្យាបាលជនរងគ្រោះយកលុយមកលោះខ្លួនរួចមក, កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើការពិនិត្យ និងស្រាវជ្រាវថា ទីកន្លែងធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។

លោកវរសេយ៍ឯក ស្រី វុត្ថា បានឲ្យដឹងទៀតថា ក្រោយពីទទួលបានការអនុញ្ញាតពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់របស់ លោកឧត្តមសេយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងនោះ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេយ៍ឯក ស្រី វុត្ថា បានបើកប្រតិបត្តិការនៅត្រង់ចំណុចផ្ទះសំណាក់យីហោ មហាជ័យ ធ្វើការឆែកឆេរបន្ទប់ផ្ទះសំណាក់លេខ២៣ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ដោយរកឃើញមនុស្សចំនួន ៣នាក់ នៅក្នុងបន្ទប់ ក្នុងនោះជនរងគ្រោះ ២នាក់ និងជនសង្ស័យម្នាក់ (ជនជាតិចិនទាំង ៣នាក់)។

រហូតមកដល់ម៉ោង២៣៖១៥នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងអាវុធហត្ថបាវិត ដឹកនាំដោយលោកវរសេយ៍ទោ ឡឹក ចំរើន មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងបាវិត បានបន្តចុះប្រតិបត្តិការនៅមុខសណ្ឋាគារ JP ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ជាជនជាតិចិន រួចនាំខ្លួនមកទីបញ្ជាការកង រាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ ហើយជនជាតិចិនជាជនសង្ស័យទាំង ២នាក់ បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

ចំណែកឯជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានរួមមាន៖

*ទី១៖ ឈ្មោះ ហ្វង់ ឈីឆឹង (ហៅក្រៅ ម៉ឺង គ័រ) អាយុ៤៥ឆ្នាំ ស្នាក់នៅផ្លូវកំពង់ស្ពានក្នុងសណ្ឋាគារ អូលីដេ បន្ទប់លេខ២០៣ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត*ទី២៖ ឈ្មោះ ធឹង ចាស៊ាង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ទី១មានឈ្មោះ យ៉ាង អាសឹង អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាសា សង្កាត់ឡាំងឈីង ក្រុងណាននីង ខេត្តគង់ស៊ីប្រទេសចិន និងទី២ ឈ្មោះ ល័រ សាវជៀន អាយុ២៥ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅក្រោយផ្សារអន្តរជាតិស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនរងគ្រោះទាំង ២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕

ប្រភព​​​៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]