ចិន៖ ថ្មីៗនេះ សិស្សមួយចំនួនដែលសិក្សានៅក្នុងសាលាបឋមមួយកន្លែងក្នុងខេត្ត Henan ប្រទេសចិន ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយពីមានអាការចុកក្នុងពោះ ដោយសារលេបសំរាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា គ្រូប្រចាំថ្នាក់ម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) បានខឹងយ៉ាងខ្លាំងក្រោយពីឃើញធុងសំរាមពេញនៅក្នុងថ្នាក់រៀន ដែលសិស្សមិនបានយកទៅចាក់ចោល។ គ្រូក៏បានសួររកសិស្សណាម្នាក់ ដែលមានតួនាទីយកសំរាមទៅចាក់ចោល ប៉ុន្ដែគ្មាននរណាម្នាក់ហ៊ានឆ្លើយនោះទេ។ បន្ទាប់មក គ្រូបានហៅសិស្សប្រមាណ១០នាក់ចេញទៅក្រៅថ្នាក់ រួចបង្ខំឲ្យលេបសំរាម។
ក្មេងប្រុសម្នាក់ក្នុងចំណោមសិស្សទាំងនោះបានឲ្យដឹងថា ពួកគេទាំងអស់គ្នាមិនហ៊ានប្រាប់ឪពុកម្ដាយរបស់ខ្លួនឲ្យដឹងឡើយ ព្រោះតែភ័យខ្លាចបណ្ដេញចេញពីសាលារៀន។
ប្រភពបានបន្ដថា សិស្សដែលលេបសំរាមទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីចាប់ផ្ដើមមានអាការឈឺចុកចាប់ក្នុងពោះ ដោយបន្ទោបង់ចេញមកមានថង់ផ្លាស្ទិកនិងក្រដាស។
ក្រោយពីកើតរឿងរ៉ាវខាងលើនេះរួចមក នាយកសាលាបានចេញមុខបកស្រាយថា នៅក្នុងថ្ងៃនោះ គ្រូមិនបានបង្ខំឲ្យសិស្សលេបសំរាមទេ គឺគ្រាន់តែស្ដីបន្ទោសឲ្យប៉ុណ្ណោះ។
យ៉ាងណាមិញ ដោយមានភស្តុតាងគ្រប់គ្រាន់ នាយកសាលាចំនួនពីរនាក់ត្រូវបានបញ្ឈប់ពីការងារ។ ចំណែកគ្រូដែលដាក់ទោសសិស្សឲ្យលេបសំរាម ត្រូវបានប៉ូលិសចាប់ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរងចាំការដោះស្រាយបន្ដផងដែរ៕

