បច្ចុប្បន្នមាន​ប៉ាម៉ាក់​មិន​តិច​ទេ សម្រេច​ចិត្ត​​ឲ្យ​កូន​បៅ​​ទឹក​ដោះ​គោ​ ជំនួស​ម្សៅ​ទឹក​ដោះ​គោ​ ដោយជឿ​ថា​ក្នុង​ទឹក​ដោះ​គោ ​មាន​លក្ខណៈ​ធម្ម​ជាតិ និង​មាន​សារ​ធាតុ​ចិញ្ចឹមច្រើន។ ទោះ​យ៉ាង​ណា​ ប៉ាម៉ាក់ត្រូវ​ឲ្យ​កូន​​មាន​អាយុ​យ៉ាង​តិច ១២ ខែ​សិន ទើប​អាច​ឲ្យ​​កូនផឹក​ទឹក​ដោះ​គោ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ចំណុច​ខ្លះ​សម្រាប់​ប៉ាម៉ាក់ មុខ​សម្រេច​ចិត្ត​ឲ្យ​កូ​ន​បៅ​ទឹក​ដោះ​គោ។

១- ហេតុអ្វី​ត្រូវ​រង់ចាំ​ដល់​កូន​អាយុ ១២ ខែ?

យោង​តាម​សមាគម​ផ្នែកជំងឺ​កុមារ​ នៅ​អាមេរិក The American Academy of Pediatrics ​បាន​​ណែនាំ​ដល់ប៉ាម៉ាក់ ឬ​អាណាព្យាបាល​គ្រប់​រូប ​មិន​គួរ​ឲ្យ​កូន​​ផឹក​ទឹក​ដោះ​គោឡើយ​ រហូត​ទាល់​តែ​កូន​មានអាយុ​ច្រើន​ជាង​មួយ​ឆ្នាំ​សិន។ ទឹក​ដោះ​គោ​ គឺ​ពិបាក​រំលាយ​ជាង​ទឹក​ដោះ​ម្តាយ ឬ​ម្សៅ​ទឹក​ដោះ​គោ​កំបុ៉ង ហើយ​​ក្នុង​ទឹក​ដោះ​គោ ​មាន​ផ្ទុក​នូវ​សារ​ធាតុ​រ៉ែ និង​ប្រូតេអ៊ីន ​ដែល​មាន​កំហាប់​ខ្ពស់​ អាច​មាន​ផល​ប៉ះពាល់​ដល់​ក្រលៀន និង​ប្រព័ន្ធ​រំលាយ​អាហារក្មេង​។

បើ​យើង​ពិចារណា​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ យើង​​នឹង​ដឹង​ថា ឲ្យ​កូន​​បៅ​ទឹក​ដោះ​គោ​ គឺ​មិន​ល្អ​សម្រាប់​រាង​កាយ​ឡើយ​ ដោយ​សារ​តែ​វាមិន​មាន​ជាតិ​ដែក វីតាមីន​ C និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែលចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កូន​ៗយើង ​ឲ្យ​មាន​សុខ​ភាព​ល្អនោះទេ។ ទឹក​ដោះ​គោ ​អាច​បណ្តាល​ឲ្យ​កូនយើង ​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ ដូច​ជា ភា​ព​ស្លេក​សាំង​​បណ្តាល​មក​ពី​កង្វះ​នូវ​ជាតិ​ដែកជាដើម។ វា​ក៏​មិន​មាន​​ប្រភេទ​ខ្លាញ់​ល្អ​ សម្រាប់​ដំណើរ​ការ​វិវត្ត​របស់​កូន​យើង​ដូច​គ្នា។

ទោះ​ជា​យ៉ាង​ណា​ បើ​កូនយើង​បាន​​ត្រៀម​ខ្លួន​ក្នុង​ការ​ផឹក​ទឹក​ដោះ​គោ​នោះ​ ​គួរ​តែ​ឲ្យ​កូន​ញ៉ាំនូវ​អាហារ​បំប៉ន​ល្អ​ ក្នុង​​របប​អាហារ​​មាន​តុល្យ​ភាព​ដូច​ជា ​ផ្លែ​ឈើ បន្លែ សាច់ និង​ធញ្ញ​ជាតិ​ជា​ដើម។

២- ហេតុអ្វីកូនត្រូវផឹកទឹកដោះគោ?

ទឹក​ដោះ​គោ ​គឺ​ជា​ប្រភព​ធម្ម​ជាតិ​នៃ​ជាតិ​កាល់​ស្យូម​ ​ជួយ​ពង្រឹង​ដល់​ឆ្អឹង និង​ធ្មេញ ជួយ​គ្រប់​គ្រង​ដល់​ដំណើរ​ការ​នៃ​កំណក​ឈាម សាច់​ដុំ និង​ការ​លូត​លាស់​​ឆ្អឹង​ផង​ដែរ។ ក្នុង​ទឹក​ដោះ​គោ​ មាន​ផ្ទុក​វីតាមីន​ D ​អាច​ជួយឲ្យរាង​កាយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្រូប​យក​កាល់​ស្យូម។ ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត ​ជួយ​ដល់​ដំណើរ​ការ​លូត​លាស់របស់​ក្មេង និង​អាច​ផ្តល់​ថាម​ពលដែល​ក្មេង​ត្រូវ​ការ​ សម្បូរ​ទាំង​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ផង​ដែរ។ បើ​កូនផឹក​ទឹក​ដោះ​គោ​គ្រប់​គ្រាន់​រៀង​រាល់​ថ្ងៃ នោះ​កូនយើង​នឹង​មាន​ហានិភ័យ​ទាប​កើត​ជំងឺ​លើសឈាម ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺមហារីក​ពោះ​វៀន​ធំ និង​បាក់​ឆ្អឹង​ត្រគាក​នៅ​ពេល​ក្រោយ។

៣- គួរ​ផ្តាច់​ដោះ​ពេល​ចាប់​ផ្តើម​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ដែរទេ?

យោង​ទៅ​តាមសមាគម​ផ្នែកជំងឺ​កុមារ​ នៅ​អាមេរិក The American Academy of Pediatrics​​ បន្ត​បំបៅ​កូនដោយ​ទឹក​ដោះ​ គឺ​ជា​រឿង​ល្អ​បំផុត​មួយ បើ​ទោះ​បី​ជា​កូន​យើង​​បាន​ចាប់​ផ្តើម​បៅ​ទឹក​ដោះ​គោ​ក៏​ដោយ។

៤- ក្មេង​អាច​មាន​ប្រតិកម្ម​អ្វី​ខ្លះ​ជា​មួយ​ទឹក​ដោះ​គោ?

រោគ​សញ្ញា​សំខាន់​ៗ​នៃ​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​មានដូច​ជា៖

– ឡើង​កន្ទួល ឬ​កើត​ប្រទាល​ត្រអាក ​ពិសេស​នៅ​ជុំវិញ​មាត់ ឬ​ចង្កា
– មិន​ស្រួល​ក្នុង​ពោះ
– រាក
– ក្អួត
– ហើម
– រមាស់។

ត្រូវ​នាំ​កូនទៅ​មន្ទីរពេទ្យ​​នៅ​ជិត​បំផុត​ ដើម្បី​ពិនិត្យ​មើល​សុខ​ភាព​ ប្រសិន​បើកូន​យើង​មាន​អាការៈ​ដូច​ជា៖

– ស្លេក​ខ្លាំង ឬ​ខ្សោយ​ខ្លាំង
– ឡើង​កន្ទួល​ក្រហម​ពេញ​ខ្លួន
– ហើម​មុខ ឬ​ក
– រាក​មាន​ឈាម។

​បើមាន​បញ្ហាពេល​ឲ្យ​កូន​ផឹក​ទឹក​ដោះ​គោ ឬ​គិត​ថា​កូន​មាន​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ ឬ​កង្វះ​អាហា​រូបត្ថម្ភ​ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឲ្យ​បាន​ឆាប់​ ដើម្បី​បង្ការ​ពី​ផល​វិបាក​ផ្សេង​ៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]