អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ!

//s6.kh1.co/87/87b5351b0d29f757a7c28b880b0ae358f26d860f.jpg
នារី

 ០៥-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ឈឺក្បាលប្រកាំង (Migraine) ជាបញ្ហា​ឈឺក្បាល​ញឹកញាប់ កើតឡើង​ត្រង់ផ្នែក​ជាច្រើន​នៃក្បាល ហើយ​មិនងាយ​ជាដាច់​នោះទេ។ យើងអាច​លេប​ថ្នាំ ដើម្បី​បំបាត់​បញ្ហា​នេះ ប៉ុន្ដែ​វា​ជា​វិធី​បណ្ដោះអាសន្ន​ ព្រោះ​ការឈឺក្បាល នឹង​កើតឡើង​វិញ​ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណា មាន​អាហារ​មួយ​ចំនួន ជួយ​បង្កើន​ការ​ការពារ និង​ប្រឆាំង​​បញ្ហា​ឈឺក្បាល​ប្រកាំង ដែល​យើង​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ ដើម្បី​កុំឲ្យ​បញ្ហា​នេះ កើតឡើង។ ខាងក្រោមនេះ ជាប្រភេទ​អាហារ​ជួយ​ប្រឆាំង​បញ្ហា​ឈឺក្បាលប្រកាំង ហើយ​មិនពិបាករកទេ។

១. ផ្លែប៊ឺរ

ផ្លែប៊ឺរ មិនត្រឹមតែ​មានរសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះទេ វាថែមទាំង​ជួយ​ប្រឆាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​ទៀត។ ផ្លែប៊ឺរ សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូចជា Lutein និង Zeaxanthin ជួយ​បំបាត់​បញ្ហា​ឈឺក្បាល​ខ្លាំង និង​ការពារ​បញ្ហា​នេះ មិន​ឲ្យ​កើតមាន​ទៀត​ផង។

២. ត្រីសាលម៉ុន

ត្រីសាលម៉ុន សម្បូរ​ដោយ​អាស៊ីខ្លាញ់ អូម៉េហ្កា ៣ (Omega-3 fatty Acids) និង​វីតាមីន B-2 ដែល​ជួយ​ការពារ​ប្លាកែត មិន​ឲ្យ​កកជាដុំ ឬស្អិត ដែល​ជាកត្តាមួយ បង្កឲ្យ​ឈឺក្បាល​ញឹកញាប់។ វាក៏​ជួយ​កាត់បន្ថយ​ការរលាក និង​ជួយ​ប្រឆាំង​បញ្ហា​ឈឺក្បាលប្រកាំង​ផងដែរ។

៣. ដំឡូងជ្វា ឬដំឡូងផ្អែម

ដំឡូងផ្អែម មិនត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ វាថែម​ទាំងជួយ​ប្រឆាំង​បញ្ហាឈឺក្បាល​ប្រកាំង​ថែមទៀត។ ដំឡូងផ្អែម សម្បូរ​ដោយ​វីតាមីន C វីតាមីន B1 និង​ប៉ូតាស្យូម ដែល​ជួយ​កាត់បន្ថយ​ការឈឺចាប់ នៅពេល​យើង​ឈឺក្បាល។

៤. ផ្លែឪឡឹក និងការ៉ុត

ការខ្សោះជាតិទឹក ជាមូលហេតុ​មួយ បណ្ដាល​ឲ្យ​ឈឺក្បាល ដូច្នេះ​ការផឹកទឹក ឬ​ញ៉ាំផ្លែឈើ​សម្បូរ​ជាតិ​ទឹក ដូចជា ឪឡឹក ការ៉ុត ត្រសក់ អាច​ជួយ​បំពេញ​ជាតិទឹក និង​បំបាត់​ការឈឺក្បាល។

៥. ទឹកក្រូចឆ្មា

យើង​ដឹងហើយ​ថា ក្រូចឆ្មា សម្បូរដោយ​វីតាមីន C ហើយ​ការ​ផឹកទឹក​ក្រូចឆ្មា ជួយ​ប្រឆាំង​បញ្ហា​ឈឺក្បាល។ នៅពេលយើង​ឈឺក្បាល យើងលាយ​ទឹកក្រូចឆ្មា ជាមួយ​ទឹក ១កែវ និង​អំបិល ២ស្លាបព្រា​កាហ្វេ ផឹកបាន។ វាជួយ​កាត់បន្ថយ​ការរលាក និង​ធ្វើឲ្យ​អារម្មណ៍​ល្អ។

៦. យ៉ាអួរ

បើតាម​ការសិក្សា សារធាតុ Riboflavin ដែល​នៅក្នុង​វីតាមីន B មាន​ប្រសិទ្ធភាព​ខ្លាំង​ប្រឆាំង​នឹង​បញ្ហា​ឈឺក្បាល​ប្រកាំង ហើយ​សារធាតុនេះ សម្បូរ​នៅក្នុង​យ៉ាអួរ។ សម្រាប់​អ្នកមាន​បញ្ហា​ឈឺក្បាល​ប្រកាំង អាច​ញ៉ាំ​យ៉ាអួរ​ប្រចាំ​ថ្ងៃ ដើម្បី​ការពារ​កុំឲ្យ​បញ្ហា​ឈឺក្បាល​ប្រកាំង​កើតឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T