រយៈពេល ៩ ខែ ១០ ថ្ងៃ​ ជា​កាល​កំណត់​ដែល​ទារក​ត្រូវ​សម្រាល តែ​ទោះ​ជា​យ៉ាង​នោះ ម៉ាក់​ៗ​ខ្លះ​អាច​សម្រាល​កូន​មុន ឬ​ក្រោយ​នេះ ១ សប្ដាហ៍។ ខាងក្រោម​ជា​អ្វី​ដែល​គួរ​មាន និង​រៀបចំ​ឲ្យ​បាន​រួច​មុនថ្ងៃសម្រាល តាម​បទ​ពិសោធ​របស់​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​ធ្លាប់​ឆ្លងកាត់​សម្រាល​កូន​រួច​បាន​ចូល​ខ្លួន​មក​ចែក​រំលែក ដើម្បី​កុំឲ្យ​ដល់​ពេល​ឈឺពោះ និង​សម្រាល​អ្វី​ៗ​នៅ​មិន​ទាន់​រួចរាល់។

១-សម្លៀកបំពាក់​កូន

«មុន​កូន​កើត​មួយ​ខែ​គួរតែ​ទិញ​សម្លៀកបំពាក់ ស្រោម​ដៃ​ជើង មួក កន្សែង​របស់​កូន​ឲ្យ​បាន​រួច​រាល់​អស់» នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ប៉ូវ ចិន្តា។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​នេះ​ពិតជា​សំខាន់​ខ្លះ​ណាស់ ព្រោះ​ក្រោយ​កូន​កើត​យើង​នឹង​មិន​អាច​ត្រៀម​ទាន់​ឡើយ ដោយសារ​សម្ភារៈ​អស់​ទាំង​នោះ ត្រូវ​បោក​សម្អាត​សម្លាប់​មេរោគ​ឲ្យ​បាន​ល្អ និង​ទុក​ដាក់​នៅ​កន្លែង​ស្ងួត​មាន​សុវត្ថិភាព។ ក្រៅ​ពី​នោះ​នៅ​មាន​​​ត្រៀម​ភួយ ពូក ខ្នើយ កម្រាលដូរ​ ខោទឹក​នោមកូន បន្ថែម​ពី​នោះ​អ្នក​ធ្វើការ​ផ្នែក​ទីប្រឹក្សា​អចលនទ្រព្យ​ក៏​បាន​ឲ្យ​ម៉ាក់​ៗ​ត្រៀម​របស់​ខ្លួនឯង​ដែរ  និង​ត្រៀម​សម្លៀកបំពាក់​ណា​ស្រួល​ៗ​ស្លៀក ព្រោះ​ត្រូវ​បំបៅ​ដោះ និង​ឈឺ​ផ្នែក​ខាងក្រោម​មិន​ទាន់​សះស្បើយ។

២- កន្ទប/ខោ​ទឹក​នោម

បើ​តាម​អ្នក​ស្រី សន សុខបញ្ញា បាន​ឲ្យ​ដឹង​ថា របស់​មួយ​នេះ​ក៏​គួរតែ​ទិញ​ជា​មុន​ដែរ ព្រោះ​ក្រោយ​សម្រាល​ពេទ្យ​នឹង​បាន​ស្លៀកពាក់​ខោ​អាវ​ឲ្យ​កូន និង​មាន​កន្ទប ឬ​ខោ​ទឹក​នោម​ស្លៀក​ពាក់​រួច​ជា​ស្រេច​មិន​ចាំបាច់​ឲ្យ​ប្រឡាក់​កន្សែង ឬ​ខោអាវ​ដែល​រុំ​ខ្លួន​កូន​នោះ​ទេ។ ស្ត្រី​វ័យ ៤០ ឆ្នាំ​រូប​នោះ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​វិញ ក៏​គួរតែ​មាន​ខោ​ទឹក​នោម ឬ​សំឡី​អនាម័យ​ទុក ព្រោះ​ក្រោយ​សម្រាល​នឹង​មាន​ធ្លាក់​ឈាម​ប្រហែល ២ សប្ដាហ៍។

៣- សាប៊ូ​បោក​សម្លៀកបំពាក់

អ្នក​ម៉ាក់​វ័យ​ក្មេង ចិន រដ្ឋា អ្នក​ធ្វើ​ការ​ផ្នែក​ជំនាញ​ការ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង បាន​ឲ្យ​ដឹង​ថា កូន​តូច​សម្លៀកបំពាក់​ត្រូវ​ផ្លាស់ប្ដូរ​ញឹកញាប់ ព្រោះ​ប្រឡាក់​ដោយ​ទឹក​ដោះ​ផង ឬ​លាមក​ទៀត​នោះ ត្រូវ​បោក​ភ្លាម​ៗ ព្រោះ​បើ​ទុក​យូរ​មេរោគ​អាច​ប្រមូល​ផ្ដុំ និង​បោក​មិន​ជ្រះ​ជាដើម។ ក្រៅ​ពី​សាប៊ូ​បោក​សម្លៀកបំពាក់​កូន អ្នក​ម៉ាក់​វ័យ ២៨ ឆ្នាំ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា សាប៊ូ​កក់​សក់ ដុស​ខ្លួន ម្សៅ និង​ថ្នាំ​លាប​របួស​មួយ​ចំនួន​ក៏​ត្រូវ​តែ​រក​ទុក​មក​ជា​មុន ទើប​ផ្ដល់​ភាព​ងាយ​ស្រួល។

៤- ឧបករណ៍​ជំនួយ​ផ្សេង​ៗ

អ្នកស្រី សរ សំណាង វ័យ ៤៥ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​សម័យ​នេះ គេ​មាន​ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ដូចជា​កន្សែង​ត្រជាក់ ឧបករណ៍​បូម​ទឹក​ដោះ ខ្នើយ​ពេល​បំបៅ កន្សែង​ជូត​មាត់​កូន ខ្នើយ​សម្រាប់​បំបៅ​ដោះ កាធុនជ័រ​ទុក​ងូត​ទឹក។ អ្នក​ម៉ាក់​ដែល​មាន​ស្រុក​កំណើត​នៅ​កំពង់ចាម​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​មាន​របស់​ជាច្រើន​ទៀត គួរតែ​ទិញ​ទុក​ពេល​មាន​បញ្ហា​ដូចជា កាតាប​ដាក់​សម្ភារ ឧបករណ៍​​វាស់​ស្ទង់​កម្ដៅ កន្ត្រៃ​កាត់​ក្រចក ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]