«ទឹក​ដូង» កំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍យើង​មិនធ្លាប់​ដឹង!

//s6.kh1.co/59/5993a587f6b04570a623ec9ec03c1e32af91bd64.jpg
នារី

 ២៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ពិត​ណាស់ គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ដឹង ទឹក​ដូង​មាន​ប្រយោជន៍​ច្រើន គ្រាន់​តែ​ខ្លះ ឮ​តាម​គេ ផឹក​តាម​គេ មិន​ដឹង​ច្បាស់​អ្វី​ជា​ប្រយោជន៍​សំខាន់​របស់​ទឹក​ដូង​ប៉ុណ្ណោះ។ ទឹក​ដូង ក្រៅ​ពី​ក្លិប​ក្រអូប រស់​ជាតិ​ផ្អែម​ត្រជាក់ ព្យាបាល​ជំងឺ​មួយ​ចំនួន ក៏​អាច​ប្រើ​ក្នុង​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ ដូច​ជា បាត់បង់​ជាតិ​ទឹក​ និង​អេឡិចត្រូលីត​ជាដើម។ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់ ខាង​ក្រោម​នេះ គឺ​ជា​សារៈ​ប្រយោជន៍​សំខាន់ៗ ទទួល​បាន​ពី​ទឹក​ដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន

ពេល​ស្រេក​ទឹក​ខ្លាំង គ្រប់គ្នា​ប្រាកដ​ជានឹក​ឃើញ​ដល់​ទឹក​ដូង ពិសេស​អំឡុង​ពេល​ស្ថិត​ក្នុង​អាកាស​ធាតុ​ក្តៅ។ ទឹក​ដូង អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ពី​រាងកាយ ដោយសារ​សម្បូរ​ទៅ​ដោយ​អេឡិចត្រូលីត​យើង​ត្រូវ​ការ។ កង្វះ​ជាតិ​ទឹក ក៏​ដូច​ជា​ការ​បាត់​បង់​ជាតិ​ទឹក ​តែង​កើត​មាន​ឡើង​នៅ​ពេល​យើង ​រាគ ក្អួត ឬ​បែក​ញើស​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដូង ជា​ប្រភព​សំខាន់​របស់​កាបូអ៊ីដ្រាត មាន​អត្ថប្រយោជន៍ ពង្រឹង​ថាមពល​រាងកាយ​ឡើង​វិញ​ថែម​ទៀត​ផង។

២- បញ្ចុះ​សម្ពាធ​ឈាម

ទឹក​ដូង​មាន​ផ្ទុក​វីតាមីន C ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ ហេតុ​នេះ​ហើយ ទឹក​ដូង​មាន​អត្ថប្រយោជន៍ ​ធ្វើ​ឲ្យ​មាន​តុល្យភាព​បញ្ចេញ​ សូដ្យូម ចេញ​ពី​រាងកាយ។ កាត់​បន្ថយ​សូដ្យូម​ពី​ក្នុង​ខ្លួន អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​សម្ពាធ​ឈាម ដូច​ជា លើស​ឈាម​ជាដើម។ ដើម្បី​គ្រប់​គ្រង​សម្ពាធ​ឈាម​ ព្យាយាម​ផឹក​ទឹក​ដូង​មួយ​កែវ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​សូម​កុំ​ផឹក​ទឹក​ដូង​កំប៉ុង​ ព្រោះ​​អត្ថប្រយោជន៍​ តិច​ជាង​ទឹក​ដូង​ស្រស់​ពី​ធម្មជាតិ។

៣- ជួយ​គ្រប់គ្រង​សុខ​ភាព​បេះដូង

ដោយ​សារ​ទឹក​ដូង​គ្មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល និង​ខ្លាញ់ ដូច្នេះ​វា​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង​​ ជួយ​ក្នុង​ការ​បង្កើន​កូលេស្តេរ៉ូល​ល្អ HDL និង​បន្ថយ​កូលេស្តេរ៉ូល​អាក្រក់ LDL។
លើស​ពី​នេះ​ទឹក​ដូង សម្បូរ​ទៅ​ដោយ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​ការ​រលាក និង​កំណក​ឈាម ជា​ហេតុ​សម្រួល​ដល់​ចលនា​ឈាម​ក្នុង​រាងកាយ ថែម​ទាំង​កាត់​បន្ថយ​កំណក​ខ្លាញ់​តាម​សរសៃ​ឈាម បន្ថយ​ហានិភ័យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទៀត​ផង។

៤- ជួយ​សម្រក​ទម្ងន់

សម្រាប់​គ្នា​យើង​ចង់​សម្រក​ទម្ងន់ គួរ​តែ​ផឹក​ទឹក​ដូង​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​ទឹក​ដូង​ងាយ​ស្រួល​រក ស្រួលផឹក ថែម​ទាំង​មាន​កាលឡូរី​តិច​ទៀត​ផង។ អង់ស៊ីម​សកម្ម​នៅ​ក្នុង​ទឹក​ដូង អាច​ជួយ​សម្រួល​ការ​រំលាយ​អាហារ និង​បន្ថែម​សមត្ថភាព​ដុត​ជាតិ​ខ្លាញ់ ព្រម​ទាំងសារធាតុ​មេតាបូលីសចេញ​ពី​រាង​កាយ។ ដូច​បាន​រៀបរាប់​ខាង​លើ​មក ទឹក​ដូង​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់ អាច​គ្រប់គ្រង​តុល្យភាព​ជាតិ​សូដ្យូម​បាន។ មាន​ផ្ទុក​សូដ្យូម​ច្រើន​ពេក អាច​នាំ​ឲ្យ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន ជាហេតុ​នាំ​ឲ្យ​ឡើង​ទម្ងន់។ ដូច​នេះ​ទឹក​ដូង​អាច​ជួយ​បណ្ដេញ​ជាតិ​ទឹក​លើស​ទាំង​នោះ ជាមួយ​នឹង​ជាតិ​ពុល​ផ្សេងៗ​ចេញ​ពី​ខ្លួន​យើង​បាន​ល្អ។

៥- ព្យាបាល​ពេល​ឈឺ​ក្បាល

ទឹក​ដូង អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ឈឺ​ក្បាល​ភាគ​ច្រើន រួម​ទាំង​ឈឺ​ក្បាល​ប្រកាំង​បណ្តាល​មក​ពីកង្វះ​ជាតិ​ទឹក ព្រោះ​អាច​ជួយ​បំពេញ​អេឡិចត្រូលីត និង​ជាតិទឹក​ក្នុង​ខ្លួន​ឡើង​វិញ។ អត្ថប្រយោជន៍​មួយ​ទៀត គឺ​ម៉ាញ៉េស្យូម ដោយសារ​ពេល​យើង​ឈឺ​ក្បាល​ប្រកាំង​ភាគ​ច្រើន តែង​ធ្វើ​ឲ្យ​ខ្វះ​ជាតិ​ម៉ាញ៉េស្យូម។ ការ​សិក្សារ​ជា​ច្រើន​បង្ហាញ​ថា ម៉ាញ៉េស្យូម​ក្នុង​ទឹក​ដូង​ជួយ​កាត់​បន្ថយ​ដោះ​ស្រាយ​បញ្ហា​ឈឺ​ក្បាល​ដែល​តែង​កើត​ឡើង​ជា​ញឹក​ញាប់។

៦- បន្សាប​ជាតិ​ស្រវឹង

បើ​យើង​ផឹក​ស្រា​ច្រើន កម្រិត​ជាតិ​អាល់​កុល​ខ្ពស់ នឹង​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក​កាន់​តែ​ខ្លាំង។ ផឹក​ទឹក​ដូង​នៅពេល​ព្រឹក អាច​ជួយ​បំពេញ​ជាតិ​ទឹក​ឡើង​វិញ សម្រួល​កុំ​ឲ្យមាន​អាការៈ​ចង់​ក្អួត​នៅ​ពេល​ព្រឹក។ ទឹក​ដូង ក្រៅ​ពី​ជួយ​កុំ​ឲ្យ​បាត់បង់​ជាតិ​ទឹក វា​មានរស់​ជាតិ​ស្រាល​ស្រទន់ មិន​ធ្វើ​ទុក​ក្រពះ អាច​កាយត់​បន្ថយ​រោគ​សញ្ញា​ច្រាល់​​អាស៊ីដ​ក្រពះ និង​ហើម​ពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T