គ្នា​យើង​អ្នក​ណា​ខ្លះ​ចូល​​ចិត្ត​ទឹក​ដោះ​គោ? បើ​ចូល​ចិត្ត​ផឹក​ដោះ​គោ​ម្លឹងៗ មាន​ធ្លាប់​ដឹង​អត់ មាន​ប្រយោជន៍​អ្វី​ខ្លះ? បើ​មិន​ទាន់​ដឹងចាំ​ “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​ឲ្យ​ដឹង​ច្បាស់​តែ​ម្តង។

ទឹក​ដោះ​គោ​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់ នឹង​ដើរ​តួជា​អាហារ​សំខាន់​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ទាំង​អស់​គ្នា។ ទឹក​ដោះ​គោះ ផ្តល់​សារជាតិ​ចិញ្ចឹម​មាន​ប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន រាប់​ទាំង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ ស្បែក​ម៉ត់​រលោង ពង្រឹង​ប្រពន្ធ័​ភាព​ស៊ាំ បង្ការ​ជំងឺ​ផ្សេងៗ ដូច​ជា លើស​ឈាម បញ្ហា​ផ្លូវ​ដង្ហើម លើស​ទម្ងន់ និង​ប្រភេទ​មហារីក​មួយ​ចំនួន​ទៀត ខណៈ​គុណ​សម្បត្តិ​ចម្បង​នៃ​របប​អាហារ​មួយ​នេះ មាន​ដូច​ខាង​ក្រោម។

១- ជួយ​ឲ្យ​អាយុ​វែង​ជាង​ធម្មតា

ទោះ​ជាគ្នា​យើង​ភាគ​ច្រើន​​ដឹង​ថា ទឹក​ដោះគោ​មាន​ប្រយោជន៍ តែមាន​តិច​ណាស់ ដឹង​ថា​ទឹក​ដោះ​គោ​អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ។ ​ការ​ស្រាវជ្រាវ​មួយ​នៃ​សាកលវិទ្យាល័យ Reading Cardiff និង Bristol ក្នុង​ចក្រភព​អង់គ្លេស បង្ហាញ​ថា អ្នក​ផឹក​ទឹក​ដោះគោ​មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរ​ក្បាល ទាប​ជាង​អ្នក​អត់​ផឹក​ប្រហែល ២០ ភាគរយ។ អ្នក​វិទ្យាសាស្ត្រ​បាន​វិភាគ​លើ​ការ​សិក្សា​កន្លង​មក​សរុប ៣២៤ករណី ពាក់ព័ន្ធ​ការ​ផឹក​ទឹក​ដោះ​គោ បង្ហាញ​ថា​ទឹក​ដោះ​គោ​ពិត​ជា​ផ្តល់​អត្ថប្រយោជន៍​ប្រាកដ​មែន។

២- ជួយ​សុខភាព​ធ្មេញ

ក្រៅ​ពី​ជួយ​ការពារ​ធ្មេញ​ក្មេងៗ ពី​ផល​ប៉ះពាល់​ជាតិ​អាស៊ីដ​ទៅ​លើ​កាចា​ធ្មេញ ទឹក​ដោះ​គោ​ក៏​ជួយ​ធ្មេញ ក្នុង​ករណី​សង្រ្គោះ​បន្ទាន់​ផ្សេងៗ​ផង​ដែរ។ វិទ្យាស្ថាន​ទន្តសាស្ត្រ​កុមារ​ នៅ​សហរដ្ឋ​អាមេរិក បង្ហាញ​ថា ការ​ដាក់​ធ្មេញ​ទើប​បាក់​ភ្លាមៗ ចូល​ក្នុង​ទឹក​ដោះ​គោ​ត្រជាក់ អាច​ជួយ​រក្សារ​ទុក​ធ្មេញ​នោះ​បាន។ បន្ទាប់​មក​គ្រូពេទ្យ​អាច​ដាក់​ធ្មេញ​ចាស់​នោះ​ចូល​ទៅ​ក្នុង​រន្ធ​របស់​វា​ជាថ្មី។ បើ​គ្នា​យើង នាំ​អូនៗ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​ទាន់​ពេល​វេលា គ្រូពេទ្យ​អាច​ជួយ​សង្រ្គោះ​ធ្មេញ​នោះ​បាន។

៣- ទឹក​ដោះ​គោ​សូកូឡា​ល្អ​បំផុត​ក្រោយ​ពេល​ហាត់​ប្រាណ

មន្ត្រី​ជំនាញ​នៃសាកលវិទ្យាល័យ តិចសាស់ ប្រាប់​ថា បន្ទាប់​ពី​ការ​ហាត់​ប្រាណ​ធ្ងន់ៗ​រួច ទឹកដោះ​គោ​សូកូឡា មាន​ជាតិ​ខ្លាញ់​ទាប អាច​ជួយ​ឲ្យ​រាង​កាយ​មាន​ថាមពល​ឡើង​វិញ ជាង​ការ​ផឹក​ភេសជ្ជៈ​កីឡា​ឬ​ភេសជ្ជៈ​គ្មាន​កាល់ឡូរី​ផ្សេងទៀត។ ការ​សិក្សារ​ទៅ​លើ​អ្នក​ជិះ​កង់​បង្ហាញ​ថា គ្នាយើង​បាន​ផឹក​ទឹកដោះ​គោ​សូកូឡា​បន្ទាប់​ពី​ហាត់​ប្រាណរួច ទទួល​បាន​ផល​លើ​រាង​កាយ​បាន​ល្អ និង​ពង្រឹង​ដល់​ការ​ហ្វឹកហាត់ ជាង​គ្នា​យើង​ផឹក​ភេសជ្ជៈ​កីឡា។

៤- ដោះស្រាយ​វិបត្តិ​រំលាយ​ជាតិ​ឡាក់​តូស

វិបត្តិ​រំលាយ​ជាតិ​ឡាក់​តូស គឺ​សំដៅ​លើ​គ្នា​យើងមានបញ្ហា​សុខភាព​មិន​អាចផឹក​ទឹក​ដោះ​គោ​ស្រស់​បាន (បង្ក​ឲ្យ​រាក) អាច​សាក​ល្បង​ប្រើ​ទឹកដោះ​គោ​ចម្អិន​ជា​នំ​បាន ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ​បាន។

អ្នក​វិទ្យាសាស្ត្រវិទ្យាស្ថាន​ចំណី​អាហារ Jaffe នៃ​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Mount Sinai ទី​ក្រុង​ញូវយ៉ក បាន​​សិក្សារក​ឃើញ​ថា​ ប្រភេទ​អាហារ​ដុត​មាន​ផ្ទុក​ជាតិ​ទឹក​ដោះ​គោ អាច​ជួយ​ក្មេងៗ​មាន​វិបត្តិ​រំលាយ​ជាតិ​ឡាក់តូស​ អាច​ញ៉ាំ​ទឹក​ដោះ​គោ​វិញ​បាន។ គេ​បាន​សិក្សាលើ​ក្មេង​ចំនួន ៨៨ នាក់ មាន​វិបត្តិនេះ ដោយ​មួយ​ចំនួន​ឲ្យ​ញ៉ាំ​នំ Muffin នំ cookie នំពុម្ព និងប្រភេទ​នំ​ផ្សេង​ទៀត មាន​ផ្ទុក​ជាតិ​ទឹក​ដោះ​គោ។ ក្នុង​ចំណោម​ក្មេង​ទាំង​នោះ ក្មេងៗ​ញ៉ាំ​នំ​រួច មាន​ប្រតិកម្ម​វិជ្ជមាន ពេល​ផឹក​ទឹក​ដោះគោ​ស្រស់ ជាង​ក្មេង​ដែល​ពុំ​បាន​ញ៉ាំ​នំ​ទាំង​នោះ។

៥- កង្វះ​ជាតិ​ទឹកដោះ​គោ​ប៉ះពាល់​សុខភាព

ពិត​ណាស់ រឿង​ចាំបាច់ យើងត្រូវ​ផឹក​ទឹក​ដោះគោ ដើម្បី​រក្សារ​សុខភាព​ឲ្យ​បាន​រឹងមាំ។ ទឹក​ដោះ​គោ​ជួយ​ផ្តល់​ថាមពល​ចាំបាច់​ជួយ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។ បើ​កង្វះ​ជាតិ​ទឹក​ដោះ​គោ អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូច​ជា កង្វះ​គ្រាប់​ឈាម​ក្រហម ពុក​ឆ្អឹង និង​ជំងឺ​ដទៃ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]