ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ!

//s5.kh1.co/49/4965ce214fb72be44d089d33a067cb55c892bae8.jpg
នារី

 ១៧-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

គ្នា​យើង​សុទ្ធ​តែ​ដឹង​ស្រាប់​ហើយ “ស្ករ”​ ជា​សារធាតុ​បន្ថែម​ក្នុង​ចំណី​អារហារ ជួយ​ឲ្យ​មាន​រស​ជាតិ​ផ្អែម ឆ្ងាញ់ ទាក់​ទាញ និង​គួរ​ឲ្យ​ចង់​ញ៉ាំ។ យ៉ាងណាបើ​​ប្រើ​ស្ករ​ច្រើន​ពេកនាំ​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ពិសេស​​ហានិភ័យកើត​ជំងឺ​សរសៃ​ឈាម​បេះដូង លើស​ឈាម ទឹក​នោម​ផ្អែម ធាត់​លើស​ទម្ងន់ជាដើម។ ហេតុនេះកុំញ៉ាំផ្អែម​ពេក! ​ព្រោះកាន់​តែ​​បារម្ភខ្លាំង ការ​សិក្សា​ថ្មី​រក​ឃើញ​ ស្ករ ក៏​មាន​ទំនាក់ទំនង​ខ្លាំង​ជា​មួយ​ជំងឺ​បេះ​ដូង​ជាច្រើន​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ស្ករ​ជា​សារធាតុ​ផ្សំដ៏សំខាន់​ក្នុង​ភេសជ្ជៈ និង​អាហារ

ភេសជ្ជៈ​ គឺផ្អែម​ដោយ​សារ​ស្ករ​ដូច​ជា​ ទឹក​ក្រូច​សូដា ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា សុទ្ធ​តែ​សម្បូរជាតិស្ករ​ច្រើន​ នឹង​ងាយ​កើត​ឡើ​ងក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃយើង។ ភេសជ្ជៈ​ទាំង​នោះ ​១/​៣ គឺ​ជា​ជាតិស្ករ ហើយ​មិន​ថា​ក្មេង​ចាស់ ប្រុសៗស្រី ភាគ​ច្រើន​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ។ ម៉្យាង​ទៀត ក្នុង​ប្រភព​អាហារ​មួយ​ចំនួន សម្បូត​ជាតិ​ស្ករ ​រួម​មាន នំ​ខុកឃី នំ​ខេក នំប៉ាស់​ស្ទ្រី (Pastries) និង​ភេសជ្ជៈ​ដូច​ជា ទឹក​ផ្លែ​ឈើ ការ៉េម យ៉ាអួរ ស្ករ​គ្រាប់ និងធញ្ញជាតិ Cereals ដែល​ផលិតឡើងអាចញ៉ាំ​ភ្លាមៗ។

២- ទំនាក់​ទំនង​ស្ករ ​និង​ជំងឺ​បេះដូង

ការ​សិក្សា​ថ្មី​បង្ហាញ​ថា ​ប្រើប្រាស់​ជាតិ​​ស្ករ ​ធ្វើ​ឲ្យ​ទាក់​ទង​នឹង​ជំងឺ​បេះដូង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម និង​បង្ក​ជា​ជំងឺ​បេះដូង​ ដូច​ជា ខ្សោយ​បេះដូង គាំង​បេះដូង ជំងឺ​រលួយ​សាច់​បេះដូង (Myocardial infarction) ស្ទះ​សរសៃ​ឈាម​បេះដូង (Atherosclerosis) ធ្វើ​ឲ្យ​រាង​កាយ​ឈឺ​ចាប់​ អាច​ឈាន​ដល់ស្លាប់ភ្លាមៗតែ​​ម្តង។

ជំងឺ​គាំង​បេះដូង​ កើត​ឡើង​ភ្លាមៗ ​នៅ​ពេល​​សរសៃ​ឈាម​ផ្គត់​ផ្គង់​បេះដូងមាន​ការ​ស្ទះ។ កម្រិត​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម នឹង​កើន​ឡើង​ភ្លាម​នៅ​ពេល​អាការៈគាំង​បេះដូង​កើត​ឡើង បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ខ្លាំង ​ព្រោះ​តែ​សរសៃ​ឈាម​ស្ទះ​ចរន្ត​ឈាម នាំ​ឲ្យ​កើត​ឡើង​ហានិភ័យ​នៃ​ផល​វិបាក​កាន់​តែ​ខ្ពស់។ កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ធ្វើ​ឲ្យ​តម្រង​នោម​ស្រូប​យក​ជាតិ​សូដ្យូម ​និង​ទឹក​ចូល​ក្នុង​ចរន្ត​ឈាម​វិញ ជាហេតុ​កើន​ឡើង​ជាតិ​ទឹក​ និង​សូដ្យូម​ក្នុង​ខ្លួន​ច្រើន ខណៈ​ការកើន​ឡើង​មាឌ​របស់ឈាម នឹង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ស្ថានភាពសរសៃ​ឈាម ​រួញ​ជាង​ធម្មតា។ បញ្ហា​នេះ​នាំ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម ​កាត់​បន្ថយ​ចរន្ត​ឈាម​ទៅ​សរីរាង្គ​សំខាន់ៗ​របស់​រាង​កាយ។

៣- ​ការ​ស្រាវជ្រាវ​បង្ហាញ​ម៉េចខ្លះ?

ការ​ស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ ២០១០ បង្ហាញ​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន ​ជា​មូលហេតុ​ពិបាក​​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង​ នៅ​ពេល​ក្រោយ។ គេ​ជឿ​ថា​ ការ​រក​ឃើញ​នេះ ជួយឲ្យ​ដឹង​ច្បាស់​ពី​មូល​ហេតុ​ទាក់​ទង​រវាង​ការ​ញ៉ាំ​ស្ករ​ច្រើន​ កំណើនគ្រោះ​ថ្នាក់ដោយ​​ជំងឺ​បេះដូង​។ ជាតិ​ស្ករ​ ធ្វើ​ឲ្យ​ខូច​​មុខងារ​បេះដូង​យ៉ាង​ធ្ងន់​ធ្ងរ ដូច​ជា ចង្វាក់​បេះដូង​មិន​ប្រក្រតី (Arrythmias) និង​បំផ្លាញ​មុខងារ​ការ​ពារ​សរីរាង្គ​បេះដូង​ នៅ​ពេល​ដែល​មាន​សម្ពាធផ្លូវ​អារម្មណ៍ ឬស្ត្រេស។ ជំងឺ​​បណ្ដាល​មក​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​កម្រិត​ធម្មតា​សរសៃ​ឈាម និង​សាច់​ដុំ​បេះដូង ហើយបើ​មិន​ព្យាបាល​ទេ ​បញ្ហា​នេះ​ នឹង​គំរាម​កំហែង​ដល់​ជីវិត​។

ជាតិ​ស្ករ អាច​ធ្វើ​ឲ្យ​បាក់តេរី​នៅ​ក្នុង​មាត់​លូតលាស់​បាន​ល្អ នាំ​ឲ្យ​ធ្មេញ​ពុក និង​ធ្វើ​ឲ្យ​មាន​ជំងឺ អញ្ចាញ​ធ្មេញ និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង។ បើ​មិន​ឲ​ព្យាបាល​ដោយ​​ប្រុង​ប្រយ័ត្ន​ទេ ការ​បង្ក​រោគ​បន្ត​បន្ទាប់​នឹង​កើត​មាន ដូច​ជា​ ការ​បង្ក​រោគ​នៅ​លើ​អញ្ចាញ ជា​កត្តា​មួយ​នាំ​ឲ្យ​វិវត្ត​ទៅ​ជា​មាន​ជំងឺ​​ទាក់​ទង​នឹង​សរសៃ​ឈាម​បេះដូង។

អ្នក​វិទ្យាសាស្ត្រ អះអាងថា ក្នុង​របប​អាហារ​បើ​មាន​ជាតិ​ស្ករ​ខ្ពស់​ អាច​នឹង​ធ្វើ​ឲ្យ​កើន​ឡើង​ហានិភ័យ​​ជំងឺ​បេះដូង ឬ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេងៗ​ទៀត។ មួយ​វិញ​ទៀត ជាតិ​ស្ករ​ក៏​អាច​បង្ក​បញ្ហា​ច្រើន​ទៀត ដូច​ជា ស្ត្រេស ឆាប់​ចាស់ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ កើន​ហានិភ័យ​ជំងឺ​មហារីក​ទៀត​ផង។

ហេតុនេះ​ហើយ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះដូង​ ​គ្នា​យើង ​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ស្ករ ជំនួស​វិញ​ដោយ​ប្រើ​ជាតិ​ផ្អែម​ពី​ធម្មជាតិ ​មាន​ប្រយោជន៍​សម្រាប់​សុខភាព។ ក្រៅ​ពី​នេះ ខ្លួនយើង​ម្នាក់ៗ ត្រូវ​ការ​របប​អាហារ​​មាន​ជីវជាតិ​ និង​ការ​ហាត់​ប្រាណ​​ត្រឹម​ត្រូវ​ ល្អ​សម្រាប់​បេះដូង។ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕  

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T