មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង!

//s5.kh1.co/e3/e39a48c417978f1885e4928d9ef2173cb0bdc119.jpg
នារី

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

“Hello គ្រូពេទ្យ” ណែនាំ​គ្នា​យើង​ច្រើន​ហើយ​ពាក់​ព័ន្ធ​ជំងឺ​ស្លេក​ស្លាំង ខណៈ​ជំងឺ​ស្លេក​ស្លាំង​ឧស្សាហ៍​កើត​មានជាង​គេ គឺ​​ដោយ​សារ​ខ្វះ​ជាតិ​ដែក​នេះឯង។ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះមិន​ជា​ធ្ងន់ធ្ងរ​ទេ យើង​អាច​ព្យាបាល​បានដោយ​ញ៉ាំ​អាហារ​បំប៉ន និង​អាហារសម្បូរ​ជាតិ​ដែកទៅ​បាន​ហើយ។ អត្ថបទ​នេះនឹង​ប្រាប់​ពី​អាហារ​ខ្លះៗ​សម្បូរ​ជាតិ​ដែក សាកសម​សម្រាប់​គ្នា​យើង​មាន​ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ​ជាតិ​ដែក​ជា​អ្វី?

ជាតិ​ដែកជាសារធាតុ​រ៉ែ​នៅ​ក្នុង​រាងកាយ ​ជា​ផ្នែក​មួយ​នៃ​ហេម៉ូក្លូប៊ីន (Hemoglobin) ដែល​ជា​សារធាតុ​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​​នាំ​ឈាម​មាន​អុកស៊ីហ្សែន ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ហេម៉ូក្លូប៊ីន​ មិន​អាច​បង្កើត​បាន​ទេបើ​រាងកាយយើង​ខ្វះ​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​មាន​ជំងឺ​ស្លេកស្លាំងដោយសារ​ខ្វះ​ជាតិ​ដែក​នេះ​ឯង។ ជំងឺ​ស្លេកស្លាំងប្រភេទ​នេះ​កើតឡើង​នៅ​ពេល​រាង​កាយ​ផលិត​ហេម៉ូក្លូប៊ីន​មិន​គ្រប់គ្រាន់ ដោយ​កង្វះ​នូវ​ជាតិ​ដែក​ វីតាមីន​សំខាន់​មួយ​ចំនួន ​និង​កត្តា​មួយចំនួន​ទៀត។ ក្នុង​ករណី​ខ្លះយើង​​អាច​មាន​រោគ​សញ្ញា​ដូចជា​ អស់​កម្លាំង​ ឆាប់​ខឹង​ ដង្ហើម​ខ្លី​ សន្លប់​ដោយ​គ្មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់​ក្នុង​ឈាម។

២- គុណ​សម្បត្តិ​នៃ​ជាតិ​ដែក

មុខងារ​សំខាន់ជាតិដែក​ គឺ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​ពេញ​រាងកាយ និង​​ជា​ធាតុ​ផ្សំ​ចម្បង​ ដែល​ដឹក​ជញ្ជូន​អុកស៊ីហ្សែន​ពី​សួត ​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ ខណៈ​ថ្លើម ​និង​សាច់ដុំ​ ​ជា​កន្លែងស្តុក​ទុក​​ជាតិ​ដែកនេះ។ ជាតិ​ដែក​មាន​ច្រើន​នៅ​ក្នុង​អាហារ ដោយ​ចែក​ចេញ​ជា ២​ទម្រង់ ដូចជា ជាតិ​ដែក​ទម្រង់ Haem​ មាន​ផ្ទុក​នៅ​ក្នុង​សាច់​សត្វ​ ដូចជា​ ត្រី ​និង​សាច់​សុទ្ធ​ចំណែក​ជាតិ​ដែកទម្រង់ Non-haem ​ភាគ​ច្រើន​មាន​នៅ​ក្នុង​សណ្ដែក​ និង​បន្លែ​បៃតង។ រាងកាយ​ស្រូប​យក​ជាតិ​ដែក​ Haem​ ងាយ​​ជាង​ជាតិ​ដែក Non-haem។ អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា នំ​ប៉័ង​ គ្រាប់​ធញ្ញជាតិ ​និង​ម្ស៉ៅ​សុទ្ធ​តែ​មានផ្ទុក​​ជាតិ​ដែក។

៣- ជំងឺ​ស្លេកស្លាំង​​កង្វះ​ជាតិ​ដែក​ និង​វិធី​បង្ការ

ជំងឺ​ស្លេកស្លាំង​ដែល​កង្វះ​ជាតិ​ដែក​ បណ្ដាល​មក​ពីរបប​​អាហារ​គ្មាន​ជាតិ​​ដែក​គ្រប់គ្រាន់។ ជំងឺ​ស្លេកស្លាំង​ដែល​កង្វះ​ជាតិ​ដែក និង​អាច​ធូរ​ស្រាល ​បើ​យើងញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ហើយទាំង​នោះ​មាន​ដូចជា៖
– សាច់​ក្រហម ​ដូចជា​ សាច់​គោ ​ជ្រូក ​ចៀម​ បេះដូង​ ថ្លើម ​តម្រង​នោម​ ចាហួយ​ខ្មៅ(ស្រី​ពពោះ ​មិន​គួរ​ញ៉ាំ​ថ្លើម​ទេ)
– សាច់​សត្វស្លាប
– ត្រី ​ដូចជា​ ត្រី​សាឌីន ​បង្កង​ ត្រី​ប្លាធូ​​ ក្ដាម​ គ្រុំ
– ពពួកសណ្ដែក
– ស៊ុត
– ធញ្ញជាតិសេរៀល (Cereal) ដែល​មាន​ជាតិ​ដែក
– គ្រាប់​ធញ្ញជាតិដូចជា ​កៅឡាក់ ​សណ្ដែក​ដី ​គ្រាប់​វ៉ុលណាត់​ ល្ង ​ផ្កា​ឈូក​រ័ត្ន
– បន្លែ​ស្លឹក​ខៀវ​ចាស់​ ដូចជា ស្ពៃ​ពុយឡេង ផ្កា​ខាត់ណា​ខៀវ (Broccoli)
– ផ្លែ​ឈើ​ក្រៀម​ មាន​ទំពាំង​បាយ​ជូរ​ក្រៀម ​ប៊ើរី​ក្រៀម
– អាហារ​ផ្សេង​ទៀត​ ដូចជា​ សូកូឡា​ខ្មៅ​ តំណាប់​​ស្វាយ​ នំ​ដុត​ ម្សៅ៉កាកាវ​។
ជាតិ​ដែក​នៅ​ក្នុង​សាច់ ​ងាយ​ស្រូប​ចូល​ក្នុង​រាង​កាយ​ ជាង​ជាតិ​ដែក​ក្នុង​អាហារ​​ផ្សេង​ទៀត។ ​បើយើង​​មិន​ចូល​ចិត្ត​ញ៉ាំ​សាច់​ ​ត្រូញ៉ាំ​​ជាតិ​ដែក​ពី​អាហារផ្សេងៗ ពិសេស​​រុក្ខជាតិឲ្យបាន​ច្រើន ​ដើម្បី​អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់។

៤- អាហារ​មាន​ផ្ទុក​​វីតាមីន ​C

ដំណើរ​ស្រូប​ជាតិ​ដែក​ចូល​រាង​កាយ នឹង​កើន​ឡើង​នៅ​ពេល​យើង​​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក ​អម​ជាមួយ​​អាហារ​ ឬ​ទឹក​ផ្លែឈើ​ផ្ទុក​វីតាមីន C ខណៈវីតាមីន C អាច​រក​បាន​ក្នុង​អាហារ​ដូច​ជា៖
– ទឹក​ក្រូច​ច្របាច់
– ផ្កា​ខាត់ណា​ខៀវ (Broccoli)
– ប៉េងប៉ោះ
– ផ្លែគីវី
– ត្រសក់​ស្រូវ (Melons)
– ក្រូច​ថ្លុង (Grapefruits)
– ម្រេច
– ក្រូច
– ក្រូច​ខ្វិច ឬ​ក្រូច​ចិន (Tangerines)
– ស្រ្តប៊ើរី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T