ដូចធ្លាប់ប្រាប់ជារឿយៗ ផ្លែឈើមានប្រយោជន៍ណាស់ចំពោះសុខភាពយើង គ្រាន់តែគុណប្រយោជន៍របស់ផ្លៃឈើនីមួយៗ អាចខុសៗគ្នា ខណៈ “Hello គ្រូពេទ្យ” ណែនាំពីផ្លែឈើមួយចំនួនរួចមកហើយដែរ។ យ៉ាងណា ត្រូវចាំផង អ្វីក៏ដោយ មានគុណសម្បត្តិ ត្រូវតែមានគុណវិបត្ត ហើយអត្ថបទនេះ យើងនឹងបានយល់ពីគុណប្រយោជន៍ក្រូចថ្លុងក្រហម ក៏ដូចជាផលប៉ះពាល់ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ក្រូចថ្លុងក្រហមមានគុណប្រយោជន៍អ្វីខ្លះ?
ដូចដឹងស្រាប់ ឲ្យតែឮពាក្យក្រូច ច្បាស់ជាសម្បូរវីតាមីន C មិនខាន ប៉ុន្តែក្រៅពីសម្បូរវីតាមីន C ក្រូចថ្លុងក្រហម ឬ Grapefruit គឺមានគុណប្រយោជន៍ច្រើនទៀតយើងមិនសូវចាប់អារម្មណ៍ដូចជា៖
– ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាព៖ យើង អាចប្ដូរអាហារសម្រន់ ទៅញ៉ាំក្រូចថ្លុងក្រហមវិញ ដោយញ៉ាំជាអាហារពេលព្រឹក ព្រោះសម្បូរទៅដោយជាតិសរសៃ ច្រើនជួយឲ្យយើងឆាប់ឆ្អែត និងឆ្អែតយូរ ដោយមិនចាំបាច់ញ៉ាំអាហារសម្រន់ផ្សេងទៀតឡើយ។
ក្រៅពីនេះ ក្រូចថ្លុងក្រហម ក៏អាចញ៉ាំជាមួយអាហារផ្សេងទៀត ដើម្បីបង្កើនរសជាតិ។ អាចបន្ថែមក្រូចថ្លុង ជាមួយសាលាដ ដាក់ក្នុងស្រាក្រឡុក ទឹកក្រឡុក យ៉ាអួរ ឬជាមួយទ្រូងមានអាំង ឬទឹកជ្រលក់ក៏បាន។
– ជួយឲ្យកម្រិតអាំងស៊ុយលីនមានលំនឹង៖ បើរាងកាយយើងមានកម្រិតអាំងស៊ុយលីនទាប ក្រូចថ្លុងក្រហម អាចជួយបាន ដោយសារក្រូចប្រភេទនេះ អាចជួយគ្នាយើងមានបញ្ហានេះ មានកម្រិតស្ករសមស្រប និងមានសុខភាពល្អ។
– ជួយរំលាយអាហារ និងបន្ថែមជាតិទឹក៖ ៩១% ក្នុងក្រូចថ្លុងក្រហម គឺជាជាតិទឹក ដូចនេះ វានឹងជួយបន្ថែមជាតិទឹកក្នុងរាងកាយយើងបាន។ ទោះយ៉ាងនេះក្ដី ក្រូចថ្លុងក្រហម ក៏អាចការពារបញ្ហាទល់លាមកបានទៀតផង។
២- មុខញ៉ាំក្រូចថ្លុងក្រហមគួរដឹងអ្វីខ្លះ?
– ពិគ្រោះជាមួយគ្រូពេទ្យ៖ ក្រូចថ្លុងក្រហម សម្បូរទៅដោយវីតាមីន និងជីវជាតិ ប៉ុន្តែក៏ធ្វើឲ្យរំខានដល់ថ្នាំពេទ្យមួយចំនួនដែរ ដូចជាថ្នាំអ័រម៉ូន អឺស្ត្រូសែន (Estrogen pills) ជាដើម។ ជាមួយគ្នានេះ ក៏អាចធ្វើឲ្យរាងកាយស្រូបថ្នាំប្រភេទនេះលឿន និងកាត់បន្ថយពេលវេលាបំបែកអ័រម៉ូនអឺសស្ត្រូសែន ជាមូលហេតុមួយ នាំឲ្យមានជំងឺមហារីកដោះ។
ទោះបីជាមិនទាន់មានភស្ដុតាងបញ្ជាក់ក្ដី ប៉ុន្តែស្រីៗពពោះ និងបំបៅដោះកូន គួរចៀសវាងញ៉ាំក្រូចប្រភេទនេះដែរ។ ដូចនេះ មុននឹងញ៉ាំផ្លែឈើនេះ សូមសួរគ្រូពេទ្យពាក់ព័ន្ធថ្នាំយើងកំពុងប្រើ ទោះមានវេជ្ជបញ្ជា ឬគ្មានក៏ដោយ។
– ក្រូចថ្លុងក្រហម និងរបបអាហារសម្រកទម្ងន់៖ ចាប់តាំងពីឆ្នាំ ១៩៣០ មនុស្សមួយចំនួន បានប្ដូររបបអាហារ មកញ៉ាំក្រូចថ្លុងក្រហមច្រើន ជំនួសអាហារធម្មតាវិញ ដើម្បីកម្រិតចំនួនកាឡូរីញ៉ាំចូលខ្លួន ឲ្យត្រឹមតែ ៨០០ កាឡូរី/ថ្ងៃ ប៉ុណ្ណោះ គឺទាបជាងពាក់កណ្ដាល នៃកម្រិតធម្មតារាងកាយយើងពេញវ័យត្រូវការ។
របបអាហារបែបនេះ អាចធ្វើឲ្យមានការផ្លាស់ប្ដូរទម្ងន់ភ្លាមៗ បន្ទាប់ ១០-២០ ថ្ងៃក្រោយ ប៉ុន្តែគឺមិនយូរអង្វែងឡើយ ដោយសារតែវាជា របបអាហារ មិនអាចបញ្ចុះទម្ងន់បានយូរអង្វែង។ ចំណុចនេះ នៅមិនទាន់និយាយដល់គ្នាយើងមួយចំនួន មិនអាចញ៉ាំអាហារប្រភេទនេះរាល់ថ្ងៃនឹងពេញមួយជីវិតទៀតផង ។
របបអាហារដោយមានក្រូចថ្លុងក្រហម មិនអាចធ្វើឲ្យរាងស្គមភ្លាមៗ នោះទេ។ ជាការពិត នឹងជួយឲ្យស្រកទម្ងន់នៅក្នុងរយៈពេលខ្លី ប៉ុន្តែនៅពេលក្រោយទៀត ទម្ងន់នឹងកើនវិញ ហើយច្រើនថែមទៀតនៅពេលបន្ទាប់។
ទោះយ៉ាងនេះក្ដី ការញ៉ាំក្រូចថ្លុងក្រហម ជាមួយនឹងរបបអាហារសម្រកទម្ងន់ផ្សេងទៀត និងផែនការហាត់ប្រាណជាក់លាក់ អាចជួយជុំរុញឲ្យស្រកទម្ងន់បាន។ ញ៉ាំទឹកក្រូចថ្លុងក្រហមមួយកែវ ឬញ៉ាំផ្លែក្រូចថ្លុងក្រហមមួយផ្លែ នៅកន្លះម៉ោងមុនញ៉ាំអាហារ អាចជួយឲ្យយើងកាត់បន្ថយបរិមាណអាហារត្រូវញ៉ាំ ជួយឲ្យទម្ងន់ថេរ និងសុខភាពបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet