អ្នកណា​ក៏​ធ្លាប់​កើតមុន​ដែរ គ្រាន់​តែ​តិច និង​ច្រើន តែគ្នា​យើង​មុខ​សម្បូរ​ខ្លាញ់ ច្បាស់​ជា​ប្រឈម​​បញ្ហាច្រើន​ជាង​គ្នា​យើង​ស្បែក​មុខ​ធម្មតា។ យ៉ាង​ណា ទោះ​មុខ​ខ្លាញ់​ច្រើន យើង​នៅ​តែ​អាច​មាន​ស្បែក​មុខ​សម៉ត់រលោងគ្មានមុន ដោយ​គ្រាន់​តែ​ចេះ​តិចនិក​ងាយៗ “Hello គ្រូពេទ្យ” បង្ហាញ​ក្នុង​អត្ថបទ​នេះ​ជា​ការ​ស្រេច។

១- ដឹងពីប្រភេទស្បែកមុខខ្លួនឯង

យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ជំហាន​ដំបូង​ដើម្បី​​ថែរក្សា​ស្បែក ​ត្រូវ​ដឹង​ពី​ប្រភេទ​ស្បែក​មុខយើង​​ជាមុន​សិន។ ស្បែក​មុខ​យើង​ម្នាក់​ៗ​មាន​ភាព​ខុស​ៗ​គ្នា ហើយ​ដើម្បី​កំណត់​ប្រភេទ​ស្បែក​ត្រូវ​មើល​ពី​សភាព​ស្បែក និង​កម្រិតបញ្ចេញ​ប្រេង​ពី​ស្បែកដូច​ជា៖
– ស្បែក​ស្ងួត (Dry skin) មាន​សភាព​ស្រអាប់ របក ឬ​គ្រើម និង​មើល​ទៅ​គ្មាន​ភាព​ទន់​រលោង។
– ស្បែក​ខ្លាញ់ (Oily skin) ​ភ្លឺ​រលោង ហើយ​អាច​មាន​រន្ធ​ញើស​រីក​ធំ មាន​មុន​ក្បាល​ខ្មៅ មុន​កប់ និង​ស្នាម​ជាំ​ផ្សេង​ៗ​ទៀត។
– ស្បែក​រួម​ផ្សំ (Combination skin) មាន​មុនខ្លះ (នៅ​ថ្ពាល់) និង​មាន​ខ្លាញ់​នៅ​កន្លែង​ផ្សេង​ទៀត (នៅ​ថ្ងាស ច្រមុះ និង​ចង្កា) ។
– ស្បែក​ប្រតិកម្ម (Sensitive skin) អាច​ឈឺ រលាក ឬ​រមាស់​ បន្ទាប់​ពី​បាន​ប្រើ​គ្រឿង​សម្អាង ឬ​ផលិតផល​ផ្សេង​ទៀត។
– ស្បែក​ធម្មតា (Normal skin) មាន​សភាព​ថ្លា និង​មិន​មាន​ប្រតិកម្ម​ទេ។

ការ​ប្រើ​ផលិតផល​ ត្រូវ​ជ្រើស​រើស​ដោយ​ផ្អែក​លើ​ប្រភេទ​​ស្បែក​របស់​អ្នក។

២- វិធីជ្រើសរើសផលិតផលត្រូវនឹងស្បែកយើង

– ទឹក​សម្អាត (Cleanser)៖ ​គួរ​តែ​លាង​សម្អាត​មុខ​​ថ្នម​ៗ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​មិន​ត្រូវ​ដុស​មុខ​​ខ្លាំង​ពេក​ទេ ​គួរ​តែ​ដុស​មុខ​​ដោយ​ចុង​ម្រាម​ដៃ​​ថ្នម​ៗ។ ​បើមាន​ពេល ​អាច​ស្ទីម​បាន ​ដោយ​សារ​វា​អាច​ឲ្យ​រន្ធ​ញើស​​បើក និង​អាច​សម្អាត​​ចូល​ទៅ​ក្នុង​ស្បែក​​កាន់​តែ​ជ្រៅ ឬ​ក៏​ប្រើ​ទឹក​ក្តៅ ​ដើម្បី​លាង​សម្អាត​មុខ ​ក៏​អាច​ប្រើ​ការ​បាន​ដូច​គ្នា។
កំហុស​ទូទៅ​ គ្នា​យើង​ជាច្រើន​​ធ្វើទាំង​មិន​ដឹង​ខ្លួន ​គឺ​​ប្រើ​សាប៊ូ​ងូត​ទឹក​មក​លាង​មុខ។ សាប៊ូ​ អាច​ធ្វើ​ឲ្យ​ស្បែកយើង​របក និង​ស្ងួត​ ដោយ​សារ​តែ​សាប៊ូ​មាន​កម្រិត pH ទាប​​អាច​​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្មបាន​។ ហេតុ​នេះ ​គួរ​ប្រើ​ទឹក​សម្អាត ហើយ​លាង​សម្អាត​មុខ​​ថ្នម​ៗបាន​ហើយ។
នៅ​តាម​ទីផ្សារ​ គ្នា​យើង​អាច​ពិបាក​ក្នុងការ​ស្វែង​រក​ផលិតផល​​ត្រូវ​នឹង​ស្បែកយើង​ក៏​ពិត​មែន។ ការ​ថែរក្សា​ស្បែក​ ​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ និងត្រឹម​ត្រូវ តែក៏​​អាច​មាន​កំហុស​ដូច​គ្នា​។ ក្នុង​ករណី​ស្បែកប្រែ​ជា​ស្ងួត​ខ្លាំង ឬ​ឡើង​ខ្លាញ់​ខ្លាំង ត្រូវ​ផ្លាស់​ប្តូរ​ទឹក​សម្អាតថ្មី​ផ្សេង​ទៀត ​ត្រូវ​ទុក​ស្បែក​​ឲ្យ​ស្ងួត ​បន្ទាប់​ពី​បាន​លាង​សម្អាត​ហើយ ហើយ​​មិន​ត្រូវ​ជូត​មុខ​​ខ្លាំង​ៗ​ដូច​គ្នា។
– ទឹក​ផ្តល់​សំណើម (Moisturizer)៖ ​ពិត​ណាស់ ​ស្បែកយើង ​ត្រូវ​ការ​សំណើម​ ទោះ​បី​ជា​ស្បែក​យើង ជា​ប្រភេទ​ស្បែក​ខ្លាញ់​ក៏​ដោយ។ គ្នា​យើង​​ជាច្រើន​យល់​ថា ខ្លួន​នៅ​ក្មេង​ពេក ឬ​ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក មិន​ត្រូវ​ការ​ទឹក​សំណើម​នោះ​ទេ ប៉ុន្តែ​គំនិតនេះ គឺ​ខុស​ឆ្គង​ទាំង​ស្រុង ព្រោះទឹក​សំណើម​ ជា​ផលិតផល​មួយ​​ចាំបាច់​ត្រូវ​ប្រើជា​ប្រចាំ សម្រាប់​សុខភាព​ស្បែក​យើង។
ពេល​វេលា​​ល្អ​បំផុត​ដើម្បី​ប្រើទឹក​សំណើម គឺ​បន្ទាប់​ពីយើង​បាន​លាង​មុខ​រួច ដោយ​សារ​ក្រោយ​ពេល​​លាង​មុខ​ រន្ធ​ញើស​​នឹង​បើក​ធំ​ជាង​មុន ហេតុនេះទឹក​សំណើម ​នឹង​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​​បាន​កាន់​តែ​ជ្រៅ។ លាប​ទឹក​សំណើម​បន្ទាប់​ពី​អ្នក​លាង​សម្អាត​ស្បែក​ជាមួយ​ទឹក​ស្អាត ក៏​អាច​មាន​ប្រសិទ្ធភាព​ដូច​គ្នា​។ ចំពោះ​គ្នា​យើង​​មុខមាន​មុន ឬ​ស្បែក​ខ្លាញ់ ​គួរ​តែ​ប្រើ​ទឹក​សំណើម​គ្មាន​ជាតិ​ខ្លាញ់​ ព្រោះ​មិន​បណ្តាល​ឲ្យ​រន្ធ​ញើស​​ស្ទះ។
– ការ​ពារ​ស្បែកពី​ពន្លឺ​ថ្ងៃ៖ សព្វ​ថ្ងៃ​នេះ ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក និង​ម្សៅ​ផាត់​មុខ​ជាច្រើន​ មាន​ផ្ទុក​នូវ​ឡេ​ការពារ​កម្តៅ​ថ្ងៃជា​ស្រេច ហើយសម្រាប់​អាកាស​ធាតុ​ក្តៅ​ ការ​ផលិតផល​មាន​លាយ​​ឡេ​ការពារ​កម្តៅ​ថ្ងៃតែមួយ​មុខ ​ក៏ប្រហែល​មិន​គ្រប់​គ្រាន់ដែរ។ ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ការ​ពារស្បែក ​ដូច​ជា បង្ការ​ជំងឺ​មហារីក​ស្បែកទៀត​ផង ដោយ​សារ​តែវា​មាន​តួ​នាទី​អាច​ប្រឆាំង​កាំ​រស្មី​យូវីអេ (UVA) និង​កាំរស្មី​យូវីប៊ី (UVB) ជាមួយ​នឹង SPF (sun protection factor) ដែល​តិច​បំផុត​ គឺត្រឹម ៣០។ គ្នា​យើង​ក៏​អាច​ពាក់​អាវការពារ​កាំរស្មី​យូវី និង​ចៀស​វាង​ពី​ការ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ នៅ​ចន្លោះ​ពី​ម៉ោង ១០ព្រឹក ​ដល់ ៤ល្ងាច។
– ផលិតផលមាន​សារធាតុ Toner និង Exfoliation៖ សារធាតុ Exfoliation មាន​នាទីជម្រុះ​កោសិកា​ស្បែក​​ងាប់​ចេញ ឯ Toner អាច​បន្សាប​កម្រិត pH របស់​ស្បែក​​បាន។ តែត្រូវចាំ​ មិន​ត្រូវ​ប្រើ សារធាតុ Exfoliation ញឹក​ញាប់​ពេក​ទេ ​ព្រោះ​វា​អាច​បំផ្លាញ​ស្រទាប់​ការពារ​របស់​ស្បែក និង​ធ្វើ​ឲ្យស្បែក​​ចុះ​ខ្សោយ​បាន។ អ្នក​ជំនាញ​បាន​ណែនាំ​ ឲ្យ​ចៀស​វាង​ប្រើប្រាស់​ផលិតផល​ទាំង​នេះ បើ​ស្បែក​​មាន​សុខ​ភាព​ល្អ។
– ផាត់​មុខ៖ ​បើមានការ​ផាត់​មុខ​ ពិសេស​ស្រីៗ ​ត្រូវ​ជ្រើស​រើស​យក​គ្រឿង​សម្អាង​ណា​ ត្រូវ​នឹង​ស្បែក​មុខ​ខ្លាញ់ និង​មាន​ដាក់​ស្លាក​សម្រាប់ “មិន​កើត​មុន” ឬ “មិន​មាន​សារ​ធាតុ​ផ្សំ​ធ្វើ​ឲ្យ​កើត​មុន” ដោយ​សារ​តែ​វា​មិន​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស និង​មិន​ធ្វើ​ឲ្យ​កើត​មុន​នៅ​លើ​មុខ​។ ចាំបាច់​ណាស់​ ​មិន​ត្រូវ​ប្រើ​ផលិត​ផល​ណា​​ហួស​សុពលភាព​នោះ​ទេ។

៣- កែប្រែទម្លាប់

ដើម្បី​ធ្វើ​ឲ្យ​ស្បែក​មុខ​​មាន​សុខ​ភាព ​ត្រូវ​តែចៀសវាង​ប្រើ​ផលិតផល​ណា​អាច​បណ្តាល​ឲ្យ​​កើត​មុន ឡើង​ក្រហម និង​មាន​ស្នាម ពិសេស​នៅ​ពេល​​មុខយើង​ឡើង​មុនស្រាប់ ដោយ​សារ​តែ​វា​អាច​បណ្តាល​ឲ្យ​មាន​ស្លាក​ស្នាម​ជា​រៀង​រហូត។ មិន​ត្រូវ​ប្រើ​ស្ព្រាយ​បាញ់​សក់ និង​ថ្នាំ​លាប​លើ​មុខ​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​របស់​អ្នក​បាន ហើយ​ក៏មិន​ត្រូវ​ស្លៀក​ពាក់ ឬ​គ្រឿង​តុបតែង ​តឹង​ពេក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​ធ្វើ​ឲ្យ​ស្បែក​មិន​មាន​ខ្យល់​ចេញ​ចូល។
រក្សា​ស្បែកឲ្យ​មាន​សុខ​ភាព​ល្អ​ ជា​មួយ​របបអាហារ​ត្រឹម​ត្រូវ ដូច​ជា​ញ៉ាំ​បន្លែ អាហារ​សរីរាង្គ គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប​ ឲ្យ​បាន​ច្រើន។ ​បើ​​ចូល​ចិត្ត​ញ៉ាំ​សាច់​ ត្រូវ​ជ្រើស​រើស​យក​សាច់​សម្បូរ​ប្រូតេអ៊ីន​ ដូច​ជា ​សាច់​មាន់ ត្រី សាច់​គ្មាន​ខ្លាញ់ សណ្តែក និង​ស៊ុត។ ​ត្រូវចៀសវាង​អាហារ​​មាន​កូលេស្តេរ៉ូល​ខ្ពស់ ខ្លាញ់ Trans fats ខ្លាញ់​ឆ្អែត អំបិល និង​ស្ករ។
ជក់​បារី និង​ផឹក​ស្រា​ អាច​ធ្វើ​ឲ្យ​ស្បែក​ខ្សោយ ងាយ​នឹង​មាន​រង្វង់​ខ្មៅ ស្រអាប់ និង​ស្បែកសឹក​ផង​ដែរ ខណៈស្ត្រេស ​ក៏​ជា​កត្តា​ពាក់​ព័ន្ធអាច​បង្ក​បញ្ហា​ដល់​ស្បែក ដូច្នេះ​ត្រូវ​ព្យាយាម​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ត្រូវ​គ្រប់​គ្រង​កម្រិត​ស្ត្រេស​ តាម​រយៈ​ការ​ហាត់​ប្រាណ ឬ​ធ្វើ​ដំណើរ​កំសាន្ត​ម្តង​ម្កាល។
​ត្រូវ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ ដើម្បី​ថែរក្សា​សម្រស់​ឲ្យ​បាន​ល្អ ទោះ​បី​ជាយើង​​មាន​ស្បែក​មុខ​ខ្លាញ់ ឬ​មុខ​មុន​ក៏​ដោយ​ ក៏​មិន​មែន​ជា​បញ្ហា​ធំ​ទេ ​បើ​យើង​បង្កើត​ទម្លាប់​​ថែរក្សា​ស្បែក​ ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]